ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងកសិកម្មជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនជួយទប់ស្កាត់ ថ្នាំកសិកម្មខុសច្បាប់

ក្រសួងកសិកម្មជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនជួយទប់ស្កាត់ ថ្នាំកសិកម្មខុសច្បាប់

ភ្នំពញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនចូលរួមទប់ស្កាត់ករណីរត់ពន្ធថ្នាំកសិកម្មខុសច្បាប់ដើម្បីការពារបរិស្ថានក៏ដូចជាសុខុមាលភាពដល់ប្រជាកសិករ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ត្រីពាក់ព័ន្ធត្រូវចុះស្រាវជ្រាវនៅតាមបណ្តាក្រុមហ៊ុននាំចូលនិងដេប៉ូចែកចាយថ្នាំកសិកម្មនានាដើម្បីស្វែងរកថ្នាំកសិកម្មខុសច្បាប់និងក្លែងក្លាយយកមកកំទេចចោលនឹងដាក់ពិន័យទៅតាមច្បាប់។

ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីមានថ្នាំកសិកម្មខុសច្បាប់ជាច្រើននៅតែបន្តលួចនាំចូលមកលក់នៅតាមទីផ្សារកម្ពុជា។ជាក់ស្តែងនៅឆ្នាំ២០១៧កន្លងទៅនេះក្រសួងកសិកម្មបានបង្រ្កាបថ្នាំកសិកម្មក្លែងក្លាយនេះបានចំនួន៦៦ករណីនិងពិន័យជាប្រាក់ចំនួន១១៣លានរៀល។

 ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៣មិថុនានេះលោក ចាន់ហេង អ្នកនាំពាក្យក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានណែនាំដល់មន្ទីរកសិកម្មរាជធានី ខេត្តត្រូវយកចិត្តទុកដាក់និងសហការជិតស្និតជាមួយមន្ត្រីពាក់ព័ន្ធនានាដើម្បីទប់ស្កាត់និងបង្ក្រាបការនាំចូលថ្នាំកសិកម្មដោយខុសច្បាប់ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពព្រោះថាក្រសួងមិនមានភ្នាក់ងារត្រួតពិនិត្យនៅតាមច្រកទា្វរព្រំដែនទេ។

លោកបានបន្ថែមថាថ្នាំកសិកម្មក្លែងក្លាយមានផលប៉ះពាល់ដល់បរិស្ថាន សុខភាពអ្នកប្រើប្រាស់និងដំណាំ ដោយសារតែវាមានផ្ទុកនូវសារធាតុពុលខ្ពស់ដែលប្រ ទេ សអ្នកបញ្ជាទិញហាមឃាត់។

លោកបានបញ្ជាក់ថាថ្នាំកសិកម្មក្លែងក្លាយសំដៅទៅលើថ្នាំដែលមិនមានចុះបញ្ជិកានៅក្រសួង និងមិនមានសរសេរអក្សរខ្មែរនៅលើសំបកបាវឬការ៉ុងនោះទេ។

ជាមួយគ្នានេះដែរ លោកបានជំរុញឲ្យមន្ទីរកសិកម្មបង្កើនការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ថ្នាំកសិកម្មនេះដល់ប្រជាកសិករឲ្យបានទូលំទូលាយផងដែរដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងការពារកុំឲ្យរងគ្រោះដោយសារថ្នាំកសិកម្មក្លែងក្លាយ។

លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី១៣មិថុនាថាមន្ត្រីជំនាញតែងតែចុះត្រួតពិនិត្យនៅតាមដេប៉ូលក់ថ្នាំកសិកម្មនានាដើម្បីស្វែងរកថ្នាំខុសច្បាប់និងក្លែងក្លាយដែលនាំចូលដោយខុសច្បាប់មកលក់នៅលើទីផ្សារ ហើយបើរកឃើញថ្នាំក្លែងក្លាយក្រសួងនឹងធ្វើការពិន័យទៅតាមផ្លូវច្បាប់ដោយពិន័យចាប់ពី១លានរៀលដល់៥០លានរៀលនិងដាក់ពាក្យប្តឹងទៅតុលាការក្នុងករណីនៅមិនរាងចាល៕

 អត្ថបទ យ៉ែមសុជាតា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *