ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រី៖ការចូលរួមបោះឆ្នោតរបស់លោកគ្រូអ្នកគ្រូនឹងជួយដល់កំណែទម្រង់ប្រព័ន្ធអប់រំកាន់តែប្រសើរ

រដ្ឋមន្ដ្រី៖ការចូលរួមបោះឆ្នោតរបស់លោកគ្រូអ្នកគ្រូនឹងជួយដល់កំណែទម្រង់ប្រព័ន្ធអប់រំកាន់តែប្រសើរ

ខេត្តកំពតៈ ការធ្វើកំណែទម្រង់ជាច្រើនក្នុងប្រព័ន្ធអប់រំរយៈពេល៥ឆ្នាំចុងក្រោយនេះបានធ្វើឱ្យសិស្សរៀនពូកែ មានសីលធម៌ គោរពវិន័យ ពិសេសទទួលបាននូវធនធានដែលមានសមត្ថភាពខ្ពស់គួរឱ្យមោទនៈ។ ការអញ្ជើញទៅចូលរួមបោះឆ្នោតរបស់លោកគ្រូអ្នកគ្រូនាពេលដ៏ខ្លីខាងមុខដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រកប ដោយសមត្ថភាពនោះពិតជាបង្ហាញនូវកិច្ចគាំទ្រសម្រាប់កំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ និងជូនប័ណ្ណសរសើរដល់មន្ត្រីចូលនិវត្តន៍ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ជាច្រើនក្នុងប្រព័ន្ធអប់រំរយៈពេល៥ឆ្នាំចុងក្រោយនេះបានធ្វើឱ្យសិស្សរៀនពូកែ មានសីលធម៌ គោរពវិន័យ ពិសេសទទួលបាននូវធនធានដែលមានសមត្ថភាពខ្ពស់គួរឱ្យមោទនៈ។

ផ្អែកតាមលទ្ធផលនៃការប្រឡងផ្សេងៗបង្ហាញឱ្យឃើញថាចំណេះដឹងរបស់សិស្សមានការកើនឡើងបើប្រៀបធៀបទៅនឹងប្រាំឆ្នាំមុន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កំណែទម្រង់នេះទទួលលទ្ធផលវិជ្ជមាន ទាំងចំនួនសិស្សបានពិន្ទុខ្ពស់ ទាំងកម្រិតនិទ្ទេសល្អប្រសើរកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៤និទ្ទេស A មានតែ១១នាក់ លុះឆ្នាំ២០១៧ បានកើនឡើងរហូតដល់៤០២នាក់។

សង្ឃឹមថានៅឆ្នាំ២០១៨ នេះ បរិមាណសិស្សដែលទទួលបាននិទ្ទេសខ្ពស់នឹងបន្តកើនឡើងថែមទៀត។ ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ទាំងនេះក៏អាស្រ័យដោយលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សាបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារបង្រៀនសិស្សរបស់ខ្លួនឱ្យមានចំណេះដឹង វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ បច្ចុប្បន្ន សិស្សានុសិស្សតែងយកចិត្តទុកដាក់ គោរពវិន័យ និងស្តាប់លោកគ្រូអ្នកគ្រូជាងមុន ព្រោះគោលការណ៍នៃការប្រឡង គឺចេះជាប់។

ផ្តើមចេញពីកត្តានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវថា ដើម្បីបង្ហាញនូវកិច្ចគាំទ្រសម្រាប់ កំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សូមលោកគ្រូ អ្នកគ្រូទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតនាពេលដ៏ខ្លីខាងមុខដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពក្នុងការដឹកនាំប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោមការយកចិត្ត ទុកដាក់ ផ្តល់អាទិភាពលើវិស័យអប់រំជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសជាតិ អាជ្ញាធរខេត្តកំពត ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ម្ល៉ោះហើយ ដើម្បីឱ្យកិច្ចការងារក្នុង ប្រព័ន្ធអប់រំ ក៏ដូចជរាជរដ្ឋាភិបាលមានឱកាសបន្តកំណែទម្រង់ឱ្យកាន់តែប្រសើរថែមទៀត សូមលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខាន៕ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *