ទំព័រដើម / ព័ត៌មានជាតិ / ជំងឺលើដើមស្រកានាគនៅស្រុកចម្ការលើជាជំងឺផ្សិតបណ្តាលមកពីប្រើជីខុសបច្ចេកទេស

ជំងឺលើដើមស្រកានាគនៅស្រុកចម្ការលើជាជំងឺផ្សិតបណ្តាលមកពីប្រើជីខុសបច្ចេកទេស

កំពង់ចាម: ករណីផ្ទុះជំងឺលើដើមស្រកានាគ នៅភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាមនោះ គឺជាជំងឺឆ្លងពពួកផ្សិត «ហ្វុសារយ៉ូម» (FUSARIUM) ដែលបង្កឡើងដោយកសិករជាម្ចាស់ចម្ការប្រើប្រាស់ជីខុសបច្ចេកទេស និងដោយសារកត្តាអាកាសធាតុមិនអំណោយផលនាពេលកន្លងមក។
លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានដឹកនាំមន្រ្តីទៅកាន់ចម្ការស្រកានាគពិនិត្យ និងព្យាបាលដោយផ្ទាល់កាលពីរសៀលថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងលើចម្ការស្រកានាគ និងម៉ាកការ៉ុងច្រកជីដែលម្ចាស់ចម្ការធ្លាប់ប្រើកន្លងមកនោះ យើងអាចដឹងថា មេរោគដែលបានឆ្លងរាតត្បាតលើដំណាំស្រកានាគ បណ្តាលឲ្យខូចខាតអស់ប្រហែលពី៤០ ទៅ៥០ ភាគរយនោះ គឺជាពពួកមេរោគជំងឺផ្សិតឈ្មោះ « ហ្វុសារយ៉ូម»។
លោកអនុប្រធានបានឲ្យដឹងទៀតថា ផ្សិត«ហ្វុសារយ៉ូម »នេះវាកកើតពពួកជីដែលគេផលិតចេញពីកាកសំណល់ក្នុងទីសត្វឃាត ហើយកសិករបានទិញវាយកមកប្រើប្រាស់ដាក់ក្នុងចម្ការដំណាំ។ ជីមួយនេះយើងមិនអាចយកវាមកប្រើប្រាស់លើដីក្រហមក្នុងស្រុកចម្ការលើនេះបានទេ។ វាជាជីដែលប្រើប្រាស់សម្រាប់លើដីរឹង ឬថ្ម គឺ វាបំបែកដីរឹង ឬថ្មទាំងនោះឲ្យដំណាំអាចចាក់ឬសលូតលាស់បានល្អ។ ផ្ទុយមកវិញបើយើងយកវា( ជីកាកសំណល់សត្វ)មកដាក់លើប្រភេទដីនេះ គឺក្រៅពីមិនអាចធ្វើឲ្យដំណាំយើងលូតលាស់ល្អនោះ គឺវាបានបង្កជាមេរោគផ្សិត ហ្វុសារយ៉ូម បំផ្លាញដំណាំទៅវិញ និងចុងក្រោយវាធ្វើខូចគុណភាពដី គឺខ្សោះជីជាតិតែម្តង។
លោក សូណាវណ្ណ បានបន្ថែមថា នៅចំពោះមុខនេះសូមឲ្យកសិករដែលមានចម្ការ និងដីប្រភេទលោកប្រាក់ ស៊ីណាត ក្នុងភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចម្ការលើនេះ បញ្ឈប់ការប្រើប្រាស់ជីដ៏គ្រោះថ្នាក់នេះបន្តទៀតពោល គឺមុនប្រើប្រាស់សូមទាក់ទងសាកសួរទៅកាន់មន្រ្តីជំនាញ។ ដោយឡែក នៅលើចម្ការស្រកានាគទំហំ ០,៨០ ហិកតានេះយើងសម្រេចសាកល្បងណែនាំឲ្យម្ចាស់ចម្ការប្រើប្រាស់ពពួកម្សៅផ្សិតដែរ។ ប៉ុន្តែម្សៅផ្សិតពពួក« ទ្រីកូដឺម៉ា»នេះយើងប្រើប្រាស់វា ដើម្បីទៅបំផ្លាញពពួកផ្សិត«ហ្វុសារយ៉ូម» គឺរូបមន្តផ្សិតបង្រ្កាបផ្សិត។

រយ:ប្រាំពីរថ្ងៃក្រោយខាងលោកនឹងចុះមកពិនិត្យម្តងទៀត ហើយបរិមាណនេះយើងអាចប្រើប្រាស់ ទ្រីកូដឺម៉ា បំផ្លាញ ហ្វុសារយ៉ូមចំនួនពីរលើក គឺកម្ចាត់បានដោយជោគជ័យហើយ។
លោក សូណាវណ្ណ បានបន្តថា លើសពីនេះយើងបានឲ្យគាត់ជាម្ចាស់ចម្ការកម្ចាត់ស្មៅចង្រៃចេញពីក្នុងចម្ការ ពួកវាជាប្រភពនៃការផ្ទុកជំងឺផ្សិតឆ្លងនេះ។ រីឯកាកសំណល់ដើម ទង ស្រកានាគ ដែលរលួយខូចដោយជំងឺ កាប់ចោលទុកក្បែរចម្ការនោះក៏ត្រូវប្រើកំបោថ្មបំផ្លាញវាចោល គឺបើទុកវានឹងឆ្លងមកចម្ការដដែលនេះម្តងទៀត។ នេះជាលើកដំបូងហើយដែលយើងប្រើប្រាស់ថ្នាំផ្សិត ទ្រីកូដឺម៉ា លើដំណាំស្រកានាគ គឺទ្រីកូដឺម៉ា ជាថ្នាំផ្សិតអាចបំផ្លាញផ្សិតគ្នាវា។
អ្នកស្រី អឿន សុខនី អាយុ ៤១ ឆ្នាំជាម្ចាស់ចម្ការស្រកានាគនៅក្បែរគ្នាបានមកចូលរួមស្តាប់បទបង្ហាញរបស់មន្រ្តី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខាងលើដែរបានឲ្យដឹងថា ដោយសារជំងឺរលួយដើម ទង របស់ស្រកានាគនេះ គឺបានបង្ខំឲ្យអ្នកស្រីកាប់ដើមវាចោលអស់ ២០០ ជន្លង់ គឺប្រើប្រាស់ជីផ្សំពីកាកសំណល់ទីសត្វឃាត ពិតជាបង្កជាជំងឺ« ហ្វុសារយ៉ូម»ប្រាកដមែន។ ប៉ុន្តែក្រោយពីស្តាប់បទបង្ហាញខាងលើអ្នកបានយល់ដឹង គឺនឹងធ្វើការកែប្រែ និងអនុវត្តន៍តាមដំបូន្មានដ៏ល្អនេះ៕
អត្ថបទ និងរូប ដោយ: ភោគ សម្បត្តិ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *