ទំព័រដើម / តុលាការ / រដ្ឋមន្ដ្រី៖នៅឆ្នាំ២០២០ នឹងមានអ្នកប្រើព័ន្ធទូរស័ព្ទអត់ខ្សែ១០០%និងប្រព័ន្ធអ៊ីនធឹណែតល្បឿនលឿន៨០ភាគរយ

រដ្ឋមន្ដ្រី៖នៅឆ្នាំ២០២០ នឹងមានអ្នកប្រើព័ន្ធទូរស័ព្ទអត់ខ្សែ១០០%និងប្រព័ន្ធអ៊ីនធឹណែតល្បឿនលឿន៨០ភាគរយ

សៀមរាប៖រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា នៅឆ្នាំ២០២០ ប្រព័ន្ធសេវាទូរស័ព្ទអត់ខ្សែ នឹងមានសេវាគ្របដណ្ដប់ដល់ទីប្រជុំជនគ្រប់ទីកន្លែង១០០ភាគរយ និងប្រព័ន្ធអ៊ីនធឹណែតល្បឿនលឿនអាចគ្របដណ្តប់នៅទូទាំងប្រទេស៨០%។
នៅក្នុងពិធីប្រកាសតែងលោក សុខ សីហា ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាបជំនួស លោក ហុងប៊ុន ដែលត្រូវបានចូលនិវត្តន៍ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ ២០១៨ម្សិលម៉ិញនេះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍ថា នាពេលបច្ចុប្បនេះ ប្រព័ន្ធទូរស័ព្ទចល័តមិនទាន់មាន សេវាគ្របដណ្ដប់នៅទូទាំងប្រទេសនៅឡើយទេ ជាពិសេសនៅតាមទីជនបទដាក់ស្រយ៉ាល ដូចជានៅតំបន់អាវ៉ែងជាដើម។
ឯកឧត្ដមបានបន្ដថា ចំពោះប្រព័ន្ធសេវាអ៊ីនធើណែត3Gវិញ នៅតាមទីក្រុង ខ័ណ្ឌ នៅទូទាំងប្រទេស មានសេវាអ៊ីនធើណែតមានល្បឿនតែ៦០% ហើយសម្រាប់សេវាអ៊ីនធ័ណែត4Gបើនៅតាមបណ្ដាជនបទមានសេវាល្បឿនលឿន១៧% ហើយនៅទីក្រុង៥៧%។
ឯកឧត្ដមបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវអន្ដរាគមន៍ចំពោះវិស័យសេវាអ៊ីធើតណែត ដោយថា ការប្រើប្រាស់ប្រព័ន្ធសេវាទូរស័ព្ទ វាអាចជួយដល់ចំណូលដល់ថវិកាជាតិផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា តាមការដាក់សន្ទស្សន៍នៅឆ្នាំ២០២០ ប្រព័ន្ធអ៊ីនធើណែតនឹងមានល្បឿនលឿននៅតាមទីក្រុង១០០% ចំណែកនៅតាមជនបទមានល្បឿនលឿន៨០% ហើយមានប្រជាពលរដ្ឋខ្មែរប្រើប្រាស់១០០%នៅទូទាំងប្រទេស។
ជាមួយគ្នានោះ ឯកឧត្ដម បានជម្រុញអោយក្រុមហ៊ុនតម្លើងបង្គោលអង់តែនប្រព័ន្ធទូរស័ព្ទ ឬជីកដីកប់ខ្សែកាបអ៊ុបទិក ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរខេត្ដ និងមន្ទីរប្រៃសណីយ៍ ដើម្បីកុំអោយមានបញ្ហាដល់ប្រជាជនដែលពួកគាត់កំពុងរស់នៅ ព្រោះថា ការតម្លើងផ្នែកប្រព័ន្ធអេឡិចត្រូនិចនេះ ធ្លាប់មានបញ្ហាដល់ប្រជាពលរដ្ឋជាច្រើន ដោយសារក្រុមហ៊ុនទាំងនោះមិនបានធ្វើទំនាក់ទំងជាមួយអាជ្ញាធរខេត្ដ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ជាដើម ខណៈដែលក្រុមហ៊ុនទាំងនោះ មានអាជ្ញាប័ណ្ណពីក្រសួង។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្តសៀមរាប ឃើញថាមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយ បច្ចុប្បន្ននេះមានក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនសេវាអ៊ីនធើណិត ស្ថានីយ៍ទូរទស្សន៍ផ្សាយបន្ត និងផ្សាយផ្ទាល់ ស្ថានីយ៍ទូរទស្សន៍ខ្សែកាបិ៍ ស្ថានីយ៍វិទ្យុផ្សាយសម្លេងអែហ្វអឹម (FM) បង្គោលអង់តែនម៉ាយក្រូវ៉េវ ព្រមទាំងមានសាលសម្រាប់បម្រើសេវាអ៊ីនធើណិត ដល់អតិថិជន ជាច្រើនកន្លែង ដែលបាននិងកំពុងប្រតិបត្តិការអាជីវកម្ម នៅលើទឹកដីនៃខេត្តសៀមរាបនេះ។
ហើយភាពរីកចម្រើននៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធការងាររដ្ឋបាលរបស់រដ្ឋ និងវិស័យឯកជន ជាពិសេសបានផ្តល់ភាពងាយស្រួលដល់ប្រជាពរដ្ឋក្នុងការទំនាក់ទំនងគ្នាបានលឿន និងទាន់ពេលវេលាផងដែរ៕ឃុត សៅ

Leave a Reply

Your email address will not be published. Required fields are marked *