ទំព័រដើម / ព័ត៌មានជាតិ / ប្រមុខដឹកនាំប្រទេសតាមទន្លេមេគង្គនឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលACMEC&CLMVនៅថៃសប្តាហ៍នេះ

ប្រមុខដឹកនាំប្រទេសតាមទន្លេមេគង្គនឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលACMEC&CLMVនៅថៃសប្តាហ៍នេះ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និង ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ា ន់ម៉ា -វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាង កក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។

ក្រសួអការបរទេសកម្ពុជាបានអះអាងថាឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍មេគង្គដែលមានសមា​ហរណកម្ម និងការតភ្ជាប់” នឹងត្រូវដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ដែលជាប្រធានកិច្ចប្រជុំ។

ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួនបីដែលនឹងត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន (១) បញ្ជីគម្រោងអាទិភាព (២)ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមផងដែរនៅក្នុងវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយក្នុងឱកាសនោះ សម្តេច​តេ​ជោ នឹងថ្លែងសុន្ទរកថាគន្លឹះមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើសមាហរណកម្ម។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា​-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលនឹងមានការចូលរួមពីសំណាក់ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធា​រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោក អ៊ូ វីន ម្ញីនត៍ (U Win Myint) ប្រធា​នាធិបតីនៃសាធារណរដ្ឋសហភាពមី​យ៉ាន់ម៉ា និង លោកង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសា​ធារណរដ្ឋសង្គមនិយមវៀតណាម ។ ឯកឧត្តម ដាតុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ផងដែរ។

ក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចក្នុងប្រជុំកំពូល CLMV លើកទី៩ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយនិងពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកំពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព ។

សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មក សម្តេចតេជោនាយ​ករដ្ឋមន្រ្តី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ។

គួរកត់សម្គាល់ថា ប្រទេស CLMV មានការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយសារថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងសម្របសម្រួលដើម្បីឲ្យមានសេរីភាវូបនីយកម្ម ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច គួបផ្សំជាមួយនិងកត្តាលើកទឹកចិត្តផ្សេងៗទៀត ដូចជាតម្លៃពលកម្មទាប អំណោយផលនៃប្រជាសាស្រ្ត ក៏ដូចជាទីតាំងភូមិសាស្រ្តមាន លក្ខណៈយុទ្ធសាស្រ្ត។

ក្រៅពីការអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីតនិងលោកង្វៀន សួនហ្វ៊ុក ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីពង្រឹង និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅ និងប្រកប​ដោយផ្លែផ្ការវាងកម្ពុជា និងថៃ។

Leave a Reply

Your email address will not be published. Required fields are marked *