ទំព័រដើម / ព័ត៌មានជាតិ / ផ្ទៃដីប្រមាណ៣០០ហិកតា នៅមុខសាលាខេត្តព្រៃវែង អាចនិងក្លាយជាតំបន់អភិវឌ្ឍ ក្នុងរយៈពេលដ៏ខ្លីខាងមុខ

ផ្ទៃដីប្រមាណ៣០០ហិកតា នៅមុខសាលាខេត្តព្រៃវែង អាចនិងក្លាយជាតំបន់អភិវឌ្ឍ ក្នុងរយៈពេលដ៏ខ្លីខាងមុខ

ព្រៃវែង ៖ យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបមកអភិបាលខេត្តព្រៃវែងនាពេលថ្មីៗកន្លងទៅនេះ បានបញ្ជាឲ្យអាជ្ញាធរខេត្ត សហការជាមួយក្រុមហ៊ុន វាំងនិន អ៊ីនវេសមិន ឌីវើឡុបភើមិន ខូអិលធីឌី ធ្វើការសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គម នៅលើទីតាំងដីមុខសាលាខេត្តព្រៃវែង ប្រមាណជា៣០០ហិកតា រួចធ្វើរបាយការណ៌ផ្លូវការ ផ្ញើទៅក្រសួងមហាផ្ទៃវិញ ពីលទ្ធផលដែលបានសិក្សារកឃើញ។

ការបញ្ជាអោយធ្វើការសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន វាំងនិន អ៊ីនវេសមិន ឌីវើឡុបភើមិន ខូអិលធីឌី បានដាក់សំណើរមួយទៅក្រសួងមហាផ្ទៃ ស្នើសុំបូមខ្សាច់ចាក់លុបលើទីតាំងដីមុខសាលាខេត្ត ដើម្បីធ្វើការអភិវឍ្ឍ ដោយគ្រោងនិងចំណាយលុយរាប់រយលានដុល្លារ ក្នុងការបង្កើតអោយមានជាតំបន់លំនៅដ្ឋាន ហាងទំនិញ សណ្ឋាគារ មជ្ឃមណ្ឌលកម្សាន្ត មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាល អេកូទេសចរណ៍ កន្លែងលេងកីឡាក្នុងទឹក កំពង់ផែសម្រាប់លម្ហែកម្សាន្ត និងមានបំពាក់បរិក្ខាសម្រាប់រៀបចំកម្មវិធីប្រណាំងទូកលក្ខណៈអន្តរជាតិជាដើម។

ប្រភពពត៌មានច្បាស់ការពីសាលាខេត្តព្រៃវែង បានអោយដឹងថា គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនេះក្រុមហ៊ុន វាំងនិន អ៊ីនវេសមិន ឌីវើឡុបភើមិន ខូអិលធីឌី ធ្វើការសហការជាមួយក្រុមហ៊ុនធំៗមកពីប្រទេសចំនួន២ទៀត គឺប្រទេសម៉ាឡេស៊ី និងប្រទេសចិន ប៉ុន្តែគេមិនទាន់ដឹងថា គំរោងនេះអាចចាប់ផ្តើមអនុវត្តនៅពេលណា និងបញ្ចប់នៅពេលណានោះទេ គឺត្រូវរងចាំមើលលទ្ធផលនៃការចុះសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម ជាពិសេសគឺការសម្រេចរបស់ក្រសួងមហាផ្ទៃ។

ដោយឡែកប្រជាពលរដ្ឋនៅក្រុងព្រៃវែង បានប្រាប់ទូរទស្សន៌ហង្សមាសថា ទីតាំងដីវាលទំនាបខាងមុខសាលាខេត្តព្រៃវែងនេះ គឺជាតំបន់ដែលមានសក្តានុពលខ្លាំងបំផុត នៅក្នុងខេត្ត ដែលនៅខាងមុខមានចុងប៉មដ៏ស្រស់ស្អាតមួយ ដែលបន្សល់ទុកពីសម័យបារាំង ហើយជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ តែងនាំគ្នាទៅឈរនៅចំណុចចុងប៉មនេះ គយគន់ទេសភាពវាលស្រែខៀវខ្ចីដូចកំរាលព្រំនារដូវប្រាំង និងនៅរដូវវស្សា ក៏ជំនួសដោយកូនសមុទ្រទឹកសាបដ៏ធំល្វឹងល្វើយ ដែលអាចអោយប្រជាពលរដ្ឋ ប្រកបរបរនេសាទចិញ្ចឹមជីវិតបានយ៉ាងស្រួលផងដែរ។

ប្រភពដដែលនេះបានបញ្ជាក់ប្រាប់ថា ក្នុងនាមប្រជាពលរដ្ឋនៅក្រុងព្រៃវែងនេះ ពួកគាត់ក៏ចង់ អោយក្រុមហ៊ុន វាំងនិន អ៊ីនវេសមិន ឌីវើឡុបភើមិន ខូអិលធីឌី ធ្វើការអភិវឌ្ឍនៅទីតាំងដីមុខសាលាខេត្តនេះដែរ ព្រោះវានិងជួយធ្វើអោយខេត្តព្រៃវែង កាន់តែមានការរីកចំរើនឡើងថែមទៀត ប៉ុន្តែទន្ទឹមនិងនេះពួកគាត់ក៏ស្នើសុំអោយអាជ្ញាធរ និងមន្ត្រីជំនាញ ធ្វើការសិក្សាអោយបានច្បាស់លាស់ អំពីផលប៉ះពាល់បរិស្ថាន និងសង្គម ជាពិសេសគឺដីស្រែរបស់ប្រជាពលរដ្ឋនៅលើទីតាំងដីខាងលើនេះ ត្រូវតែដោះស្រាយអោយបានត្រឹមត្រូវ និងយុត្តិធម៌៕អត្ថបទ ៖ សុំ ពៅពិសិដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *