ទំព័រដើម / ព័ត៌មានជាតិ / អ្នកសហគមន៍នេសាទត្រពាំងរពៅព្រែកក្រែងបង្កើនចំណាប់អារម្មណ៍លើការចិញ្ចឹមត្រីសមុទ្រ

អ្នកសហគមន៍នេសាទត្រពាំងរពៅព្រែកក្រែងបង្កើនចំណាប់អារម្មណ៍លើការចិញ្ចឹមត្រីសមុទ្រ

ខេត្តកំពតៈ ដោយមើលឃើញពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ អ្នកសហគមន៍នេសាទត្រពាំងរពៅ ព្រែកក្រែងស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតកាន់តែមានចំណាប់អារម្មណ៍លើការចិញ្ចឹមត្រី សមុទ្រដែលជាតម្រូវការពេញនិយមនាពេលបច្ចុប្បន្ន។
លោក រីម មី អាយុ ៥៨ឆ្នាំ កសិកររស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា លោកចាប់ផ្តើមចិញ្ចឹមត្រីសមុទ្រតាំងពីឆ្នាំ២០១១ តែកាលនោះគឺបង្កើតជាបែរចិញ្ចឹមនៅក្នុងព្រែកប៉ុណ្ណោះ។ ក្រោយពីមានសហគមន៍ លោកក៏ធ្វើបម្លាស់ទីមកក្នុងសមុទ្រជាមួយបងប្អូនជាសមា ជិកសហគមន៍វិញដោយចែកវេនយាមប្រចាំថ្ងៃ។ ការចិញ្ចឹមក្នុងសមុទ្រត្រីលូតលាស់បានឆាប់រហ័ស និង មានគុណភាពប្រសើរជាង។

កសិករដដែលបានបញ្ជាក់ឱ្យដឹងថា សម្រាប់លោកគឺចិញ្ចឹមតែពីរប្រភេទទេ គឺត្រីស្ពង់ និងត្រីតុកកែ តែអ្នកខ្លះគេមានរហូតដល់ត្រីអាំងកឺយ និងត្រីផ្ទុកសមុទ្រទៀត។

ពូជត្រីស្ពង់ត្រូវទិញ ពីខេត្តព្រះសីហនុដោយតម្លៃមួយក្បាលពី១.០០០រៀល ទៅ១.២០០រៀល ឯកូនត្រីតុកកែគឺប្រមូលទិញពីអ្នកនេសាទក្នុងភូមិចាប់ពីមួយក្បាល២៥០រៀល ទៅ២.០០០រៀល។ លោក រីម មី បានបន្តថា ពីពេលលែង រហូតរយៈ៧ខែ ឬ៧ខែកន្លះ ត្រីកើនទម្ងន់មួយក្បាលពី០,៧០គីឡូក្រាម ទៅមួយគីឡូក្រាមទើបចាប់ផ្តើមប្រមូលផលព្រោះពេញខ្នាតនៃតម្រូវការទីផ្សារ។ តម្លៃប្រែប្រួលតាមរដូវកាល គឺត្រីតុកកែលក់ឱ្យឈ្មួញក្នុងមួយគីឡូក្រាមពី១១ដុល្លារ ទៅ១៣ដុល្លារ។ ចំណែកត្រីស្ពង់មួយគីឡូក្រាមពី៥ដុល្លារ ទៅ៦ដុល្លារ។

អ្នកចិញ្ចឹមត្រីរូបនេះបានបញ្ជាក់ថា លោកធ្វើរួមគ្នាពីរនាក់មានចំនួនប្រាំបួនបែរដោយក្នុងមួយឆ្នាំអាចទទួលប្រាក់ចំណូលប្រហែល៥.០០០ដុល្លារដែរ បន្ទាប់ពីទូទាត់ចំណាយរួចរាល់។ ប៉ុន្តែឆ្នាំដំបូងអាចសល់បានប្រហែល២.០០០ដុល្លារ ទៅ៣.០០០ ដុល្លារប៉ុណ្ណោះព្រោះចំណាយលើការទិញឧបករណ៍ផ្សេងៗ។
លោក ទិត្យ រីន ប្រធានសហគមន៍នេសាទត្រពាំងរពៅព្រែកក្រែងបានប្រាប់ឱ្យដឹងថា ព្រោះតែមើល ឃើញពីប្រាក់ចំណូលគួរសម ពេលនេះសមាជិកសហគមន៍កាន់តែមានចំណាប់អារម្មណ៍លើកការចិញ្ចឹមត្រីសមុទ្រ គឺប្រភេទត្រីតុកកែ ត្រីស្ពង់ ត្រីផ្ទុកសមុទ្រ និងត្រីអាំងកឺយ។ រហូតមកដល់ពេលនេះ សមាជិកសហគមន៍ចំនួន៣០គ្រួសារបានមកចិញ្ចឹមជាលក្ខណៈប្រមូលផ្តុំនៅដែនសហគមន៍ក្នុងសមុទ្រ។

ដោយឡែក ប្រមាណប្រហែល៥០គ្រួសារទៀតកំពុងចិញ្ចឹមជាលក្ខណៈឯកជនតាមដងព្រែក។ ប្រធានសហគមន៍បាន ឱ្យដឹងថា (សំឡេងដើម៖ File អ្នកចិញ្ចឹមត្រី១: តាមការកត់សម្គាល់ឃើញថាមួយរយៈកន្លងមក គឺពួកគាត់ នេសាទបណ្តើរចិញ្ចឹមត្រីបណ្តើរព្រោះចិញ្ចឹមត្រីដូចចិញ្ចឹមជ្រូកដែរ គឺប្រាំមួយខែប្រមូលផលម្តង)។

ប្រធានសហគមន៍ក៏បានបញ្ជាក់ផងដែរថា សហគមន៍ទទួលប្រយោជន៍ពីសមាជិកពេលប្រមូលផល គឺពួកគាត់បង់បួនម៉ឺនរៀលក្នុងមួយបែរ។ ថវិកានេះសម្រាប់ប្រើប្រាស់ពេលចុះល្បាតទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងដែនគ្រប់គ្រង ព្រោះសហគមន៍មានកាតព្វកិច្ចអភិរក្សព្រៃកោងកាង ធនធានសមុទ្រផ្សេងៗទៀត។ លើសពីនោះ សហគមន៍បានអភិរក្សតំបន់គ្រែងឈាមទំហំ២ហិកតាដែលមកដល់ពេលនេះ អ្នកនេសាទជាលក្ខណៈ គ្រួសារបាន និងកំពុងទទួលផលរៀងរាល់ថ្ងៃ។

ពាក់ព័ន្ធនឹងការងារបន្តទៅមុខ លោក ទិត្យ រីន បានរៀបរាប់ ថាក្រៅពីការផ្តល់កន្លែងចិញ្ចឹមត្រីរួចហើយ សហគមន៍នឹងព្យាយាម រកកន្លែងផ្សេងដើម្បីឱ្យសមាជិកបានទទួលផលពីសហគមន៍ ដូចជា បង្កើតតំបន់អេកូទេសចរណ៍ តារយៈ ការដឹកភ្ញៀវដើរកម្សាន្តតាមព្រៃកោងកាង ក៏ដូចជាតំបន់អភិរក្សផ្សេងៗទៀត ពិសេសការបណ្តុះកូនកោងកាងសម្រាប់លក់ជូនភ្ញៀវ)។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានមានប្រសាសន៍ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទត្រពាំងរពៅព្រែកក្រែង មានសកម្មភាពអភិវឌ្ឍល្អប្រសើរ បន្ទាប់ពីសហគមន៍នេសាទត្រពាំងសង្កែ និងសហគមន៍នេសាទកំពង់ សាមគ្គី។

អ្វីដែលកំពុងស្ថិតក្នុងភាពមោទនៈនោះ គឹការជំរុញដល់ប្រជាពលរដ្ឋចាប់យកឱកាសចិញ្ចឹមត្រី សមុទ្រ ក្រោយទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសហការជាមួយអង្គ ការដៃគូមួយចំនួន។

លោកនាយខណ្ឌបានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការកកើតបែរចិញ្ចឹមត្រីទាំងក្នុងសមុទ្រ ទាំងនៅដងព្រែកបានកើនឡើងប្រមាណ៤០០កន្លែង ខណៈដែលឆ្នាំ២០១០ មានប្រហែល១០ប៉ុណ្ណោះ។ ប៉ុន្តែការចិញ្ចឹមត្រីក្នុងព្រែកលក្ខខណ្ឌមិនសូវប្រសើរដូចក្នុងសមុទ្រទេ ពិសេសបញ្ហាអនាម័យ បរិស្ថានជាដើម។ លោក ស សូរិន បានបញ្ជាក់ថា ក្នុងនាមមន្ត្រីជំនាញ ពេលនេះខណ្ឌរដ្ឋបាលជលផលកំពុងព្យាយាមស្វែងរកដៃគូដើម្បីគាំទ្របន្ថែមទៀត ពិសេសបញ្ហាថវិកា ព្រោះសហគមន៍នេសាទត្រពាំង រពៅព្រែកក្រែងមានឆន្ទៈខ្ពស់ក្នុងការចូលរួមបង្ក្រាបបទល្មើស អភិរក្សធធានសមុទ្រ និងជួយលើកស្ទួយ ជីវភាពប្រជាពលរដ្ឋសហគមន៍ក្នុងមូលដ្ឋាន៕ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *