ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងការបរទេស៖ច្រានចោលការចោទប្រកាន់របស់អាមេរិកលើមន្រ្តីយោធាកម្ពុជាថារំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្ម

ក្រសួងការបរទេស៖ច្រានចោលការចោទប្រកាន់របស់អាមេរិកលើមន្រ្តីយោធាកម្ពុជាថារំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្ម

ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨បានឲ្យដឹងថាក្រសួងការបរទេសច្រានចោលការ​ចោទប្រកាន់ដែលគ្មានមូលដ្ឋានមកលើលោកនាយឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀងជាមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា។

ក្រសួងការបេទេសបញ្ជាក់ថា៖១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ​ជា​តិជំទាស់យ៉ាងខ្លាំងក្លាចំពាះការប្រកាសកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ដោយ​ក្រសួងរតនាគាររបស់អាមេរិកបានចោទប្រកាន់លោកនាយឧត្តមសេនីយហ៊ីង​ប៊ុន​​ហៀង ពីការរំលោភសិទ្ធិមនុស្ស។

២. ខ្លឹមសារនៃការប្រកាសនេះ ធ្វើអោយមានការស្រងាកចិត្តយ៉ាងខ្លាំង នៅពេលដែលបុគ្គលសាធារណៈរបស់ប្រទេសមួយ ត្រូវបានក្លាយទៅជាកម្មវត្ថុនៃវិធានការទណ្ឌកម្មរបស់ប្រទេសដទៃផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។ នេះគឺជាការបំពានដោយគឃ្លើនលើគោលការណ៍អន្តរជាតិស្តីពីគោល-ការណ៍ស្មើភាពនៃអធិបតេយ្យនិងគោលការណ៍មិនជ្រៀតជ្រែកកិច្ច​ការផ្ទៃក្នុងរបស់ប្រទេសដទៃ។

៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលយ៉ាងដាច់​អហ​ង្ការ ចំពោះការចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ពីបទចូលរួមពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងឧក្រិដ្ឋកម្មលើប្រជាជនខ្លួនឯង។ ផ្ទុយទៅវិញនរណាក៏ដឹងដែរថាលោកនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀងនិងបញ្ជាការដ្ឋានអង្គរក្សបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាពស្ថិរភាព និងសណ្តាប់​ធ្នាប់សង្គម ជាពិសេសការការពារឯករាជ្យ និងបូរណភាពដែនដី ប្រឆាំងនឹងការឈ្លានពានរបស់បរទេស។

៤.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកចំណាត់ការជាឯក​តោភាគីរបស់អាមេរិកជាទង្វើដែលមានបង្កប់របៀបវារៈនយោបាយ និងមានការ​វិនិច្ឆ័យលំអៀង ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីយូរអង្វែង ឈរលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សហរដ្ឋអាមេរិកហាក់បីដូចជាមើលមិនឃើញនូវគោលនយោបាយអតីតកាលរបស់​​​ខ្លួន ក្នុងការផ្លាស់ប្តូររបបតាមបែបមិនប្រជាធិបតេយ្យដែលបាន​នាំមកនូវការបំផ្លិចបំផ្លាញប្រជាជននិងប្រទេសជាតិដ៏តូចមួយនេះនៅអាស៊ីអាគ្នេយ៍ ហើយ​កាកសំណល់សង្គ្រាមនេះស្ថិតនៅរាយប៉ាយទូទាំងប្រទេសនិងនៅបន្តជាបញ្ហាប្រ​ឈ​មយ៉ាងធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

៥. រឿងរ៉ាវដ៏អយុត្តិធម៌ជាក់ស្ដែងបំផុតនោះគឺ នៅពេលដែលអតីតរដ្ឋបាលអា​មេ​រិកបានដឹកនាំបង្កើតសម្ព័ន្ធមិត្តគាំទ្ររបបខ្មែរ​ក្រហម ដែលគ្រប់គ្រងប្រទេសដោយ​ការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ យ៉ាងពេញទំហឹង ឱ្យកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ និងដាក់ទណ្ឌកម្មដ៏អយុត្តិធម៌អស់រយៈពេល១២ឆ្នាំ ប្រឆាំងនឹងប្រជាជាតិមួយដែលទទួលរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិកច្រើនជាងពីរលានតោន។

៦. ការកំណត់ពេលចេញសេចក្ដីថ្លែងការណ៍ក្នុងពេលនេះអាចចាត់ទុកថាជាយុទ្ធ​នាការដែលមានការសម្របសម្រួលគ្នាសំដៅវាយប្រហារជាបន្តបន្ទាប់មកលើ​កិ​ត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅមុនការបោះឆ្នោតជ្រើសតាំងតំ​ណាង​រាស្ត្រនៅខែកក្កដាខាងមុខ។អ្នកនាំពាក្យថា៖យើងសូមធ្វើការកត់សម្គាល់ដោយងឿងឆ្ងល់ថារដ្ឋាភិបាលសហ​រដ្ឋអាមេរិកមិនដែលថ្កោលទោសក្រុមប្រឆាំងមួយចំនួនក្នុងប្រទេសម្ពុជា ដែលធ្វើសកម្មភាពនយោបាយដោយការជេរប្រមាថការប្រកាន់ពូជសាសន៍បង្កការស្អប់ខ្ពើម​នៅក្នុងសង្គម និងការបរិហារកេរ្តិ៍។ ទង្វើទាំងអស់នេះសុទ្ធតែត្រូវបានថ្កោលទោសយ៉ាងខ្លាំងនៅក្នុងប្រទេសប្រជាធិបតេយ្យនានា។

៧. ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តនីតិរដ្ឋ និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ ដោយសេរី តម្លាភាព និងមានរបៀបរៀបរយ។

Leave a Reply

Your email address will not be published. Required fields are marked *