ទំព័រដើម / ទេសចរណ៏ / ភ្ញៀវ​ទេ​សចរណ៍​​ក្នុង​ស្រុក​ ដែល​ទៅ​ទស្សនា​​ប្រាសាទព្រះវិហារធ្លាក់ចុះ តែ​​ចំនួន​ភ្ញៀវ​បរទេស​កើន​ឡើង​​

ភ្ញៀវ​ទេ​សចរណ៍​​ក្នុង​ស្រុក​ ដែល​ទៅ​ទស្សនា​​ប្រាសាទព្រះវិហារធ្លាក់ចុះ តែ​​ចំនួន​ភ្ញៀវ​បរទេស​កើន​ឡើង​​


មន្ត្រី​​​នាយក​ដ្ឋាន​​អភិវឌ្ឍន៍​ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះ​វិហារ ឱ្យដឹងថា​រយៈពេល៥ខែ​ដើម​ឆ្នាំ​២០១៨​នេះ ចំនួន​​ប្រជាពលរដ្ឋខ្មែរ ដែល​​ទៅទស្សនា​​ប្រាសាទព្រះវិហារ លើ​ខ្នង​ភ្នំ​ដង​រែក​ បាន​ថ​យ​​​ជាង​​​ឆ្នាំ​​​មុន។​
ប្រធាន​នាយក​ដ្ឋាន​​អភិវឌ្ឍន៍​​ទេសចរណ៍​ លោក​ ហេង សំរិទ្ធ មានប្រសាសន៍ កាល​ពីល្ងាច​ថ្ងៃ​ពុធ​ទី​១៣​​ខែ​​មិ​ថុ​នា​ថា​៖​ក្នុងរយៈពេល​​៥ខែ​ឆ្នាំ​២០១៨ ប្រាសាទព្រះវិហារ បាន​ទទួលភ្ញៀវទេសចរណ៍​ដែលទៅទស្សនា​ចំនួន​​ជាង៥ម៉ឺន​នាក់។​ ​តួលេខនេះ​គឺថយចុះ​ប្រមាណ​១១% បើប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០១៧​កន្លងទៅ​។​
​មន្ត្រី​អាជ្ញាធរ​ជាតិព្រះវិហារយល់ថា​ការថយ​ចុះចំនួន​ភ្ញៀវទេសចរណ៍ ទៅទស្សនា​ប្រាសាទ​ព្រះ​​​វិហារ​នេះ អាចបណ្ដាលមកពីរដូវនេះ មានភ្លៀង​ធ្លាក់​ ពលរដ្ឋ​ខ្មែរ​ជាប់រវល់​ធ្វើ​ស្រែ​ចំការ​ ។
​ថ្វីត្បិត​តែ​ចំនួន​ភ្ញៀវទេសចរណ៍​ក្នុងស្រុក​​ដែល​ទៅទស្សនា​ប្រាសាទព្រះវិហារធ្លាក់ចុះ ក៏ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរណ៍​បរទេស​បាន​កើនឡើង។​
​លោក ហេង សំរិទ្ធ​ ឱ្យដឹង​ថា៖​​ក្នុងរយៈពេល​៥ខែ​ ដើមឆ្នាំ​២០១៨ ភ្ញៀវបរទេស​ដែលមក​ទស្ស​នា​ប្រាសាទ​ព្រះ​វិហារ​​មាន​​​ចំនួន​ជាង១ម៉ឺននាក់​។​ ​កាលពីឆ្នាំ​២០១៧ រយៈពេល​៥ខែ​ដូចគ្នា​ ចំនួន​ភ្ញៀវ​ទេសចរណ៍បរទេស ដែលទៅទស្សនា​ប្រាសាទព្រះវិហារ បានប្រហែលជាង៨០០០នាក់​ប៉ុណ្ណោះ​។​
​បច្ចុប្បន្ន​​​អាជ្ញាធជាតិព្រះវិហារ​ បានប្រឹងប្រែង​​រៀបចំ​ខិតប័ណ្ណ ជាច្រើនសន្លឹក​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​និង​លើក​កំពស់តំបន់ទេសចរណ៍ប្រាសាទព្រះវិហារ បំណងទាក់ទាញ​ភ្ញៀវទេសចរណ៍ ឱ្យទៅ​ទស្សនា​បា​​​​ន​​កាន់​តែ​​ច្រើន​ឡើងៗ​​នា​ពេ​ល​អនា​គត៕ដោយ​ហង្ស សាវយុត

Leave a Reply

Your email address will not be published. Required fields are marked *