ទំព័រដើម / ព័ត៌មានសំខាន់ៗ / និស្សិតនិងនគរបាលបូលីវីប៉ះទង្គិចគ្នា ជុំវិញការចំណាយហួសហេតុលើដំណើរបស់ប្រធានាធិបតីទៅទស្សនា World Cup

និស្សិតនិងនគរបាលបូលីវីប៉ះទង្គិចគ្នា ជុំវិញការចំណាយហួសហេតុលើដំណើរបស់ប្រធានាធិបតីទៅទស្សនា World Cup

បូលីវី៖ អំពើហិង្សា​បានផ្ទុះឡើង​នៅក្នុងទីក្រុង​ La Paz ប្រទេសបូលីវី​ ខណៈនិស្សិត​​និង​សា​ស្ត្រា​ចារ្យ​​​ដែល​អំពាវ​នាវ​​​​ឲ្យ​​មាន​​ការ​​ដំឡើងមូលនិធិ​សម្រាប់វិស័យអប់រំ​ បាន​​ប៉ះទង្កិច​គ្នាជា​មួយ​​នគរបាលកាលពីម្សិលមិញ​។​

អំពើហិង្សានេះ​បានផ្ទុះឡើង ស្របពេល​សាធារណជន​​ខឹងសម្បាយ៉ាងខ្លាំង​ពាក់​ព័ន្ធ​បញ្ហា​​ចំណាយ​ហួស​ហេតុ​លើ​វិមានរដ្ឋាភិបាលថ្មី​ ​និងដំណើរ​របស់​លោក​ប្រធានាធិបតី​ Evo Morales ទៅទស្សនា​ការ​ប្រកួតបាល់​ទាត់ពិភពលោក​នៅរុស្ស៊ី។​

​មុនពេលកើតមានអំពើហិង្សា​ អ្នកតវ៉ាបានប្រមូលផ្តុំគ្នា​នៅទីលាន​មួយក្បែរ​​កន្លែងដែល​វិមាន​រដ្ឋាភិ​បាល​ថ្មីស្ថិតនៅ​ ប៉ុន្តែដោយសារពួកគេមិនព្រមចាកចេញពីន្លែងនេះ​ នគរបាលក៏សម្រេច​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​​ប្រើកាណុងបាញ់ទឹក​ ​ហើយស្របពេលនោះ​​​ក្រុមអ្នកតវ៉ា​ក៏បាន​គប់គ្រឿង​ផ្ទុះ ​និង​ដំថ្ម​​ដាក់​មន្ត្រីនគរបាលវិញ​ដើម្បីជាការសងសឹក។​

​ក្រុមអ្នកតវ៉ា​​បានស្រែកឡើងថា ​“យើងជានិស្សិត​​ ​មិនមែនជាឃាតករទេ” ​ស្របពេល​ភាព​តាន​តឹង​កាន់តែ​កើនឡើង​ខ្លាំងជាមួយអាជ្ញាធរ​ ​ហើយបើយោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ មាននគរបាល​យ៉ាងតិច​ម្នាក់​រងរបួស ​និងនិស្សិត​៩នាក់​ត្រូវបានចាប់ខ្លួន​នៅក្នុងការផ្ទុះអំពើហិង្សានេះ។​​

​ក្រៅពីទាមទារ​ឲ្យដំឡើងថវិការសម្រាប់វិស័យអប់រំ​ ក្រុមអ្នកតវ៉ាក៏បានស្នើ​ឲ្យរដ្ឋាភិបាល​​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​និស្សិត​ក្រីក្រផងដែរ​ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី​ Evo Morales ហាក់បីដូចជាធ្វើ​ព្រងើ​យកន្តើយ​ ជាហេតុធ្វើ​ឲ្យអ្នកតវ៉ាប្រកាសថា នឹង​បន្តការតវ៉ាតទៅមុខទៀតរហូតទាល់តែ​រដ្ឋា​ភិបាលយកចិត្តទុក​ដាក់លើបញ្ហានេះ​។

សូមរំឮកថា ​ការតវ៉ាបានចាប់ផ្តើមមានទ្រង់ទ្រាយធំកាលពីម្សិលមិញ​ ដោយមាននិស្សិត​និង​គ្រួបង្រៀន​ប្រ​ហែល​៥ម៉ឺន​នាក់​បានចូលរួម​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *