ទំព័រដើម / ព័ត៌មានសំខាន់ៗ / គួរតែមានមនុស្សបន្ថែមត្រូវបានផ្តន្ទាទោស ក្រោយអតីតប្រធានាធិបតីកុងហ្គោត្រូវបានដោះលែង

គួរតែមានមនុស្សបន្ថែមត្រូវបានផ្តន្ទាទោស ក្រោយអតីតប្រធានាធិបតីកុងហ្គោត្រូវបានដោះលែង

ក្រុងឡុងដ៍៖ អង្គការលើកលែងទោស​អន្តរជាតិ​​បានអំពាវនាវ​ឲ្យមានការផ្តន្ទាទោសបន្ថែម​លើអ្នក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល​ ក្រោយ​តុលា​ការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​​សម្រេចថា ​លោក ​ Jean-Pierre Bemba អតីត​អនុប្រធានាធិបតីកុងហ្គោ​នឹង​ត្រូវ​ដោះលែង​។​

​លោក ​ Bemba អាយុ​៥៥ឆ្នាំ​ ត្រូវបានឃុំនៅក្នុង​មណ្ឌលឃុំឃាំង​របស់តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​​ជាតិ​ ចាប់​តាំងពីពេលលោកត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ​២០០៨​ ក្រោយត្រូវបាន​ផ្តន្ទា​ទោស​នៅ​ក្នុងឆ្នាំ​២០១៦​ ពីបទឧក្រិដ្ឋកម្មសង្គ្រាម​និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ឲ្យជាប់ពន្ធគារ​​រយៈពេល​១៨ឆ្នាំ​ ដោយ​សារ​ទាហានដែលស្ថិតក្រោមបញ្ជា​របស់លោក ​បានប្រព្រឹត្តទង្វើសម្លាប់រង្គាល​និងចាប់រំលោភ​នៅក្នុងប្រទេសជិត​ខាង​​ គឺសាធារណរដ្ឋ​អាហ្វ្រិកកណ្តាល។​

​ប៉ុន្តែ​​ការ​ផ្តន្ទា​ទោស​លោក​​ត្រូវបានកែប្រែ​​កាលពីថ្ងៃសុក្រសប្តាហ៍មុន​ ដោយសារ​ចៅ​ក្រមតុ​លាការ​ឧ​ក្រិដ្ឋ​​កម្ម​អន្តរជាតិ​​​បាន​លើកឡើង​ថា ​​គ្មានភស្តុតាងជាក់លាក់ដែល​​​អាចដាក់បន្ទុក​លើលោក​ Bemba បាន។​​

​ស្របពេលដំណាល់គ្នានេះ ​លោក ​ Solomon Sacco ប្រធានក្រុមយុត្តិធម៌អន្តរជាតិ​​នៅ​អង្គការ​លើក​លែងទោ​ស​អន្តរជាតិ​បាន​លើកឡើងថា ​គួរតែមាន​ការស៊ើបអង្កេត​ ​និងការ​ផ្តន្ទាទោសបន្ថែមលើ​អ្នក​ផ្សេងៗទៀត ​“ដើម្បីធានា​ឲ្យបានថា ​ជនរងគ្រោះ​ទទួលបានយុត្តិធម៌”។​

លោកបានបន្ថែមថា ​ត្រូវតែមានការតតាំងបន្តទៀត​ សម្រាប់​ជនរងគ្រោះ​នៃយុទ្ធនា​ការ​​​​​សម្លាប់រង្គាល​និងចាប់រំលោភ​ឆ្នាំ​២០០២និង​២០០៣ នៅ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល​ ព្រោះវាជាអំពើ​ព្រៃ​ផ្សៃដែល​មិនអាច​អត់​ឱនបាន​ ​៕​

Leave a Reply

Your email address will not be published. Required fields are marked *