ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាមេរិកសង្ឃឹមថា កូរ៉េខាងនឹងលុបបំបាត់អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំបំផុតនៅដំណាច់ឆ្នាំ២០២០

អាមេរិកសង្ឃឹមថា កូរ៉េខាងនឹងលុបបំបាត់អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំបំផុតនៅដំណាច់ឆ្នាំ២០២០

ក្រុងសេអ៊ូល៖ លោក ​ Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា ​​រដ្ឋា​ភិបាល​ក្រុងវ៉ាស៊ីន​តោនសង្ឃឹមថា​​ ​កូរ៉េខាងជើងនឹង​​ ​“លុបបំបាត់​អាវុធនុយក្លេអ៊ែរ​ទ្រង់ទ្រាយធំបំផុត​” នៅដំណាច់ឆ្នាំ​២០២០។​​

​​​

លោក ​ Mike Pompeo បានលើកឡើង​យ៉ាងដូច្នេះ​ ​អំឡុងពេលទៅបំពេញទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ពីរថ្ងែ​ក្រោយជំនួបកំពូលមិនធ្លាប់មាន​រវាង​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ​និង​លោក គីមជុងអ៊ូន មេដឹកនាំកូរ៉េខាងជើង។​​

​​មេ​ដឹក​​នាំទាំង​ពីរ​​​បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម​ព្រមព្រៀងធ្វើការជាមួយគ្នា​ឆ្ពោះរក​ “ការ​រំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុង​” នៅ​ឧបទ្វីបកូរ៉េ​ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​បានរង​ការរិះ​គន់​យ៉ាងខ្លាំង ដោយសារខ្វះសេចក្តីលម្អិត​ថា តើ​រដ្ឋា​ភិបាល​ក្រុងព្យុង​យ៉ាង​​នឹងបោះប​ង់ចោលអា​វុធ​នុយក្លេអ៊ែររបស់ខ្លួននៅ​ពេលណាឬដោយរបៀបណា។​

​លោក ​ Mike Pompeo ​បានធ្វើដំណើរចេញពីជំនួបកំពូល​នៅក្នុងប្រទេសសិង្ហបុរី​ មក​កាន់​ទីក្រុង​សេអ៊ូល ​គឺដើម្បី​​​រ៉ាយរ៉ាប់​​ប្រាប់​​រដ្ឋាភិបាលកូរ៉េខាងត្បូង​ត្រួសៗ​អំពី​លទ្ធ​ផល​នៃកិច្ចប្រជុំ ដោយ​លោក​​បាន​លើក​ឡើង​ថា ​“នៅតែមានការងារច្រើន​ត្រូវដោះស្រាយ​ជា​មួយ​កូរ៉េ​ខាង​ជើង​​​ ប៉ុន្តែ​​​សហរដ្ឋអាមេរិកសង្ឃឹមថា ​នឹងឃើញកូរ៉េខាងជើង​បោះកាត់បន្ថយ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទ្រង់​ទ្រាយ​​ធំបំផុត​នៅពីរឆ្នាំកន្លះទៀត ​ពោល​គឺនៅដំណាច់​ឆ្នាំ​២០២០ ហើយ​លោក​ជឿជាក់ថា កូរ៉េខាងជើងនឹងយល់ពីសេចក្តីត្រូវការនេះ។​​

ពេលអ្នកកាសែត​សួរថា ​ហេតុអ្វីចំណុចនេះមិនត្រូវបានបញ្ជាក់​នៅក្នុងសេ​ចក្តី​ថ្លែង​ការណ៍រួម​​ដែល​ចុះហត្ថលេខា​នៅក្នុងប្រទេសសិង្ហបុរី​​  លោក​  Mike Pompeo ​បានថ្កោលទោសសំណួរនេះ​ ​​ដោយ​លើកឡើងថា វាជា “ការប្រមាថ និងគួរ​ឲ្យអស់សំណើច”។​

​​​មុន​​​ប្រសាសន៍​របស់លោក ​ Mike Pompeo ​​លោកដូណាល់ ត្រាំ​ ​​បានប្រកាសថា ​​កូរ៉េខាង​ជើងលែងជា​ប្រទេស​បង្កការគំរាមកំហែងផ្នែកនុយក្លេអ៊ែរទៀតហើយ​ ហើយ​​“ឥឡូវនេះ​ពលរដ្ឋគ្រប់រូប​​អាចមាន​អា​រម្មណ៍សុវត្ថិភាពច្រើនជាងមុនហើយ”។

ទោះបីជាមានការលើកឡើងយ៉ាងណាក៏ដោយ​ ​តែលោក​​ Mike Pompeo ​បាន​លើកឡើង ​ទ​ណ្ឌកម្មធ្ងន់ធ្ងរ​នៅតែមាន​លើកូរ៉េខាងជើង ​រហូតដល់មានការបោះបង់​អាវុធនុយក្លេអ៊ែរទាំងស្រុងតែម្តង ដោយវាហាក់បីដូចជាផ្ទុយ​នឹងអ្វីដែល​លោក គីម ជុងអ៊ុន ​​និងលោក ដូណាល់ ត្រាំ បានព្រ​មព្រៀងនៅ​ក្នុងសេចក្តី​ថ្លែងការណ៍ថា​នឹងមា​នការបន្ធូបន្ថយស្របពេល​​​អ្វីកំពុងដំណើរទៅមុខ​៕

Leave a Reply

Your email address will not be published. Required fields are marked *