ទំព័រដើម / ព័ត៌មានជាតិ / ធនាគារពិភពលោកផ្ដល់ជំនួយ ៦០លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២៥ ខ្សែ

ធនាគារពិភពលោកផ្ដល់ជំនួយ ៦០លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២៥ ខ្សែ

ភ្នំពញ: ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជំនួយពីធនាគារពិភពលោកចំនួន ៦០ លានដុល្លារ​អាមេរិកដើម្បី​សាងសង់ផ្លូវជនបទចំនួន ២៥ ខ្សែ ក្នុងខេត្តចំនួន៦ ​​ដើម្បីលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាមតំបន់​ជនបទអោយកាន់តែ​ប្រសើរឡើង។

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​នៃបេសកកម្ម​តាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃ ការអនុវត្ត​គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅកម្ពុជា និងអាស៊ីអាគ្នេយ៍”  កាលពីថ្ងៃទី១៣ ខែមិថុនា ថា ក្រសួងបានសម្រេចចិត្តជ្រើសយកខេត្ដទាំង ៦ មានដូចជា ខេត្ត សៀមរាប ខេត្តកណ្តាល ខេត្ត ត្បូងឃ្មុំ  ខេត្តកំពង់ចាម ខេត្តក្រចះ និងខេត្តស្ទឹងត្រែង ជាទីតាំងគោលដៅ​ពីព្រោះខេត្តទាំងនោះ​តែងតែប្រឈមនឹង​គ្រោះទឹកជំនន់​ដែលបានបំផ្លាញប្រព័ន្ធផ្លូវនៅទីនោះ។

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ផ្លូវទាំង ២៥ ខ្សែនេះ មានប្រវែងសរុបចំនួន ២៨០ គីឡូម៉ែត្រ នឹងស្ថាបនាជាប្រភេទកម្រាលកៅស៊ូពីរជាន់ និងបេតុងដោយគ្រោងអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី អ៊ីហ្គូណា​ ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំកម្ពុជា មានប្រសាសន៍ថា ការធ្វើឲ្យប្រសើរឡើងនូវផ្លូវជនបទគឺជាស្នូលនៃការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដោយសារថា ប្រជាជន៧៩ភាគរយ និងប្រជាជនក្រីក្រ៩១ភាគរយនៃប្រជាជនកម្ពុជា ទាំងអស់រស់នៅជនបទ។ ផ្លូវជនបទដែលប្រសើរ ហើយធន់នឹងឥទ្ធិពល អាកាសធាតុអាក្រក់ នឹងជួយសិស្សបានទៅសាលា គ្រួសារបានទៅមណ្ឌលសុខភាព ហើយកសិករទូទាំងប្រទេសអាច នាំផលិតផលរបស់ខ្លូនទៅលក់នៅទីផ្សារបាន៕ដោយ សុខ សិទ្ធិការ្យ

Leave a Reply

Your email address will not be published. Required fields are marked *