ទំព័រដើម / ព័ត៌មានជាតិ / មេដឹកនាំសហគមន៍ឥស្លាមបង្ហាញនូវការរំពឹងថាសាសនិកឥស្លាមនឹងមិនបោះបង់​ឱកាសរទៅចូលរួមបោះឆ្នោតឡើយ

មេដឹកនាំសហគមន៍ឥស្លាមបង្ហាញនូវការរំពឹងថាសាសនិកឥស្លាមនឹងមិនបោះបង់​ឱកាសរទៅចូលរួមបោះឆ្នោតឡើយ

ភ្នំពញ៖ មេដឹកនាំសហគមន៍ឥស្លាមបង្ហាញនូវការរំពឹងថាសាសនិកឥស្លាមនឹងមិនបោះបង់ឱកាស​ទៅចូលរួមបោះ​ឆ្នោត​ឡើយ​ដើម្បីជ្រើស​រើសមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត។

ឯ.ឧ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបោះឆ្នោត​មានសារៈសំ​ខាន់​ណាស់ ក្នុងការកំណត់ជោគវាសនាប្រទេសជាតិ តាមរយៈ​នៃ​ការចូលរួមសម្រេចចិត្ត​ក្នុងការជ្រើរើស ឲ្យបានត្រឹមត្រូវ​នូវមេដឹក​នាំល្អ ដែលស្រឡាញ់ប្រជាជន បំរើប្រជាជន នឹងដឹក​នាំ​ប្រទេសជាតិឲ្យមានការរីកចម្រើន ដូចនេះឯ.ឧមាន​ការជឿ​ជាក់​ថាបងប្អូនពិតជានឹងអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នាដើម្បីគាំទ្រអ្នកដែលខ្លួនស្រឡាញ់។

នៅក្នុងពិធីផ្តល់អំណោយស្បៀង​អាហារ​ដល់​​​ដល់​​សាសនិកឥស្លាមប្រមាណ៣០០គ្រួសារ នៅវិហារគីឡូម៉ែត្រលេខ៨ ស្ថិតក្នុងសង្កាត់ ច្រាំង​ចំរេះទី២ នាព្រឹក​ថ្ងៃទី១៤ មិថុនាដែលជាថ្ងៃបញ្ចប់ខែបួសរ៉ាម៉ាឌន  ឯ.ឧ បាន​បញ្ជាក់ថា ការធ្វើ​ពហិការណាមួយមិនទៅចូលរួមបោះឆ្នោត គឺមានន័យថាបងប្អូនបាន​បោះបង់នូវ​សិទ្ធ​របស់​ខ្លួន និងមិនបានរួមចំណែក​ជួយលើកកម្ពស់​លទ្ធិប្រ​ជា​ធិបតេយ្យនៅកម្ពុជាឲ្យបានរីកចម្រើន នោះឡើយ។

ជាមួយ​គ្នា​នេះឯ.ឧ​ក៍បានថ្លែង​អំណរគុណ​ដល់​បងប្អូនសាសនិកឥស្លាមទាំងអស់ដែលរាល់ការបោះឆ្នោតម្តងៗបងប្អូនបានអញ្ចើញទៅចូលរួមយ៉ាងច្រើន ដែល​ក្នុងនោះប្រមាណ៨០%បានបោះឆ្នោតគាំទ្រគណបក្សប្រ​​ជាជន ​ដើម្បីផ្តល់ឱកាសឲ្យ​សម្តេចតេជោហ៊ុន សែន​បាន​ដឹកនាំប្រទេសក្នុងការរក្សាបានសុខ សន្តិភាពធ្វើឲ្យ​ពល​រដ្ឋគ្រប់និន្នាការនយោបាយ​គ្រប់​ជាតិ​សាស និងសាសនារស់នៅ ដោយសុខដុមរម្យនាជាមួយគ្នា ។

​ដូច្នេះដើម្បីបន្តរក្សាដំណើរការសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានជាអង្វែងទៀត ឯ.ឧ បានអំពាវនាវឲ្យ​បង​ប្អូន​បន្ត​បោះ​ឆ្នោតគាំទ្រសម្តេចតេជោតទៅទៀត ដើម្បីសម្តេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តទី​៦​អាណត្តិ​ទី៧ ​និងអាណត្តិក្រោយៗទៀត  ក្នុងការបន្តដឹក​នាំប្រទេសឲ្យទទួល​បានការរីកលូតលាស់នៃសេដ្ឋកិច្ច​សង្គមបា​នកាន់​តែរុងរឿងទៅអនាគត។

លោក វ៉ាន់ ផន  ចៅសង្កាត់ច្រាំងចំរេះ២  បានឲ្យដឹងថា បងប្អូនសាសនិកឥស្លាម នៅសង្កាត់ច្រាំងចំរេះ​២នេះ​ ជា​រៀង​រាល់លើកតែងបានអញ្ជើញទៅចូលរួមបោះឆ្នោតភាគច្រើន លើសលុប។

លោកក៍បានបង្ហាញនូវជំនឿថា បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ក៍ដូចជាប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស នឹងអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះដែល​នៅ​សល់​តែរយៈពេល​១ខែកន្លះ​ទៀតប៉ុណ្ណោះ៕អត្ថបទប្រាក់  សុវណ្ណតារា

Leave a Reply

Your email address will not be published. Required fields are marked *