ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាទទួលបានជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ

កម្ពុជាទទួលបានជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ

ភ្នំពញ:    ប្រទេសកម្ពុជា បានទទួលសិទ្ធិធ្វើជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់​អង្គការ​សហប្រជាជាតិ​​​​​សម្រាប់អាណត្តិឆ្នាំក្រោយនេះ ដែលនឹងជួយយឹតយោងសេដ្ឋកិច្ចរបស់កម្ពុជា​​ឱ្យកាន់​​​តែ​​ប្រសើរឡើងថែមមួយកម្រិតទៀត។

          ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុង​ឋានៈ​ជាសមាជិកនេះ កម្ពុជានឹងខិតខំចូលរួម​ពិភាក្សា និងផ្តល់យោបល់លើការជំរុញ​​ស្តង់ដាររស់​​នៅ​ឱ្យ​​បានខ្ពស់ ការបង្កើតការងារឱ្យបាន​ពេញ​លេញ និងជំរុញលក្ខខណ្ឌនៃការរើកច្រើនសេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍ។ ជាមួយគ្នានេះ ក៏ចូលរួម​ជំរុញ​​កិច្ចសហប្រតិបត្តិ​ការវប្បធម៌អន្តរជាតិ វិស័យអប់រំ ការ​ដំណោះ​​ស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ សុខាភិបាលសង្គម និងជំរុញការគោរព​​ជាសកលចំពោះ​​​សិទ្ធិ​​មនុស្ស និងសេរីភាពជាមូលដ្ឋាន។

ការក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់​អង្គការ​សហប្រជាជាតិ​​​​​សម្រាប់ អាណត្តិ​១ឆ្នាំ នាឆ្នាំ២០១៩​​ខាងមុខ​នេះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតនៅក្នុងមហាសន្និបាត នៅទី​​ស្នាក់​​ការរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្ពុជាបានទទួលសំឡេងគាំទ្រ​​​ចំនួន​​១៨៣ ​លើ​១៨៨ ពីប្រទេសជាសមាជិក។

លោក មាស​ នី អ្នកវិភាគឯករាជ្យ បានប្រាប់ទូរទស្សន៍ហង្សមាសនៅថ្ងៃទី១៤ ខែមិថុនានេះថា នេះ​ជាមោទនភាពមួយសម្រាប់​ប្រទេស​កម្ពុជា ក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម​​របស់​អង្គការ​សហប្រជាជាតិដែលអាច ធ្វើឱ្យកម្ពុជាទទួលបានការពង្រីក​​ទំនាក់ទំនង​​ជាមួយប្រទេស​​​ជា​សមាជិក​ផ្សេងទៀតទាំងផ្នែកសេដ្ឋកិច្ច និងការទូត។ ជាមួយគ្នាដែរនេះ លោក​ចង់ឱ្យ រាជរដ្ឋាភិបាល​​​​ប្រើប្រាស់សិទ្ធិក្នុងនាមជាសមាជិក ដើម្បីលើកនូវបញ្ហា​​ទាំងឡាយណា ដែលនឹងជំរុញ​​កំណើន​​​​សេដ្ឋកិច្ចរបស់​​ប្រទេសកម្ពុជាឱ្យមានការរីក​​ចម្រើនឡើងថែម​ទៀត ពិសេសជំរុញការពង្រឹង និង​​ពង្រីកការវិនិយោគ​ពីបរទេសទៅ​​លើវិស័យកសិកម្ម និង​ឧស្សាហ​កម្ម​ ដែលជាមុខព្រួញ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់កម្ពុជា។

សូមបញ្ជាក់ថា នេះ​គឺ​ជា​​ជោគជ័យ​ដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក​​ស្ទួ​យ​​​​កិត្តិយស និងកិត្យានុភាពជាតិនៅ​​លើ​​ឆាក​​អន្តរជាតិ បន្ទាប់ពីត្រូវបានជ្រើសតាំងឱ្យធ្វើជា​​អនុប្រធាន​​​​​​​​នៃ​​​សម័យ​ប្រជុំលើ​ទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អណត្តិ ​ពីខែ​កញ្ញា ​ឆ្នាំ​២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ តាមរយៈការបោះឆ្នោតរួមជាមួយ​​ប្រទេសចំនួន១៥​​​ផ្សេង​​ទៀត និង​ប្រទេស​​សមាជិក​​​អចិន្ត្រៃយ៍​​​​​​ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃ​​​ទី៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ៕

អត្ថបទ៖ សឿន សោម

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *