ទំព័រដើម / បរិស្ថាន / សារធាតុប្លាស្ទិកកំពុងបង្កផលប៉ះពាល់ដល់ភពផែនដីយ៉ាងធ្ងន់ធ្ងរ

សារធាតុប្លាស្ទិកកំពុងបង្កផលប៉ះពាល់ដល់ភពផែនដីយ៉ាងធ្ងន់ធ្ងរ

ខេត្តកំពតៈ គ្រប់ពលរដ្ឋ អាជីវករ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមស្រោចស្រង់ផលប៉ះពាល់ចំពោះមនុស្ស សត្វ រុក្ខជាតិ និងភពផែនដីទាំងមូលតាមរយៈកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកដែលនាំឱ្យកើតគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរនោះ។
ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ លុបបំបាត់ការបំពុលដោយប្លាស្ទិក ដែលបានរៀបចំនៅក្នុងបរិវេណវិទ្យាល័យឌីប៉ុក កាលពីព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ប្លាស្ទិកកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងភពផែនដីយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះគ្រប់ពលរដ្ឋ អាជីវករ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមស្រោចស្រង់ភពផែនដីតាមរយៈកាត់បន្ថយការប្រើប្រាស់នូវសារធាតុប្លាស្ទិកតាមកម្រិតដែលអាចធ្វើទៅបាន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្លាស្ទិកបានធ្វើឱ្យបាត់បង់សោភ័ណភាពក្រុង ទីប្រជុំជន និងបណ្តាលឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹកបង្កជាការជន់លិចលង់ពេល ភ្លៀងធ្លាក់ម្តងៗ។ មិនតែប៉ុណ្ណោះ សារធាតុប្លាស្ទិកបានបំផ្លាញប្រព័ន្ធអេកូឡូហ្សីក្នុងបរិស្ថាន ជាពិសេស ប៉ះពាល់ដល់ជីវចម្រុះក្នុងទឹកទៀតផង។

ឯកឧត្តម ជាវ តាយ បានបន្ថែមថា ថង់ប្លាស្ទិកជាជម្រករបស់ពួកវីរុសមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុលដែលអាចជ្រៀតចូលទៅក្នុងដី ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងដីផងដែរ។ ពេលយកថង់បា្លស្ទិកខ្ចប់អាហារនឹងអាចបង្កបញ្ហាដល់សុខភាព មនុស្ស សត្វព្រោះតែសារធាតុគិមីពុលនៅក្នុងនោះ។

ឮឯកឧត្តមអភិបាលខេត្តបានណែនាំថា ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ សូមពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រើប្រាស់ថង់ប្លាស្ទីកទាំងអស់ងាកមកប្រើ ថង់ក្រដាស់ ថង់ក្រណាត់ ដបដាក់ទឹកជំនួស ដបទឹកប្លាស្ទិក ហើយកុំបោះកាកសំណល់ និងថង់ប្លាស្ទិកចោលតាមទីសាធារណៈ ព្រមទាំងយកចិត្តទុកដាក់ ទទួលខុសត្រូវក្នុងការសម្អាតបរិស្ថានជាប្រចាំ ពិសេសសូមកុំដុតសារធាតុប្លាស្ទីកព្រោះនាំឱ្យខូចស្រទាប់អូហ្សូន៕

 

ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *