ទំព័រដើម / ព័ត៌មានជាតិ / សម្តេចពិជ័យសេនា ទៀ បាញ់ប្រកាសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនចំនួន៥០ខ្នងនៅក្នុងខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ប្រកាសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនចំនួន៥០ខ្នងនៅក្នុងខេត្តសៀមរាប

សៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងថា អតីតយុទ្ធជនទំាងអស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតទៅលើជីវភាពរស់នៅ ព្រោះអតីតយុទ្ធជនទាំងអស់បានលះបង់ សាច់ស្រស់ ឈាមស្រស់ និងកាយសម្បទាក្នុងការប្រយុទ្ធការពារបូរណៈភាពដឹកដី និងទាមទារសុខសន្តិភាពជូនប្រជាជន ជាមួយគ្នានេះសម្តេចក៍បានប្រកាសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនដែលមានជីវភាពក្រីក្រខ្លំាងនៅក្នុងខេត្តសៀមរាបចំនួន៥០ខ្នងផងដែរ។
នៅឱកាសជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជននៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិកាកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា កន្លងមកនេះប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម ហើយដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃនេះ មានយុទ្ធជនកម្ពុជាជាច្រើនបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសឱ្យមានសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ទំរាំធ្វើឱ្យប្រទេសមានសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ មានយុទ្ធជនមួយចំនួនបានបាត់បង់ជីវភាព និងមួយចំនួនទៀតពិការជាពិសេសគឺបងប្អូនអតីតយុទ្ធជនដែលបានមកជួបគ្នានៅថ្ងៃនេះ គឺបានលះបង់ជាច្រើនដើម្បីធ្វើឱ្យប្រទេសយើងមានសន្តិភាព។
សម្តេចបានបន្តថា ដើម្បីឆ្លើយតបទៅនិងការលះបង់របស់បងប្អូនអតីតយុទ្ធជននេះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានគិតគូខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងតែងតែជួយដល់ពួកគាត់ជានិច្ចតាមរយៈការជួយសាងសង់ផ្ទះជូនពួកគាត់ការផ្តល់ដីសម្រាប់រស់នៅ និងសម្រាប់ធ្វើកសិកម្មផ្សេងៗ ដើម្បីសើកស្ទូយជីវភាពរបស់ពួកគាត់ឱ្យល្អប្រសើរឡើង។ជាមួយគ្នានេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៍បានប្រកាសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនដែលមានជីវភាពក្រីក្រខ្លំាងចំនួន៥០ខ្នងនៅក្នុងខេត្តសៀមរាបនេះផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ដើម្បីតបស្នងគុណបំណាច់របស់អតីតៈយុទ្ធជន ជាង១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា និង៧០% បានពលីជីវិតក្នុងសមរភូមិ សម្តេច ហ៊ុន សែន បានសម្រេចឲ្យបំពាក់នូវមេដាយការពារមាតុភូមិជូនបងប្អូនអតីតៈយុទ្ធទាំងអស់ ចំណែកអ្នកពលីត្រូវប្រគល់ជូនគ្រួសារ ឬឪពុកម្តាយ ដើម្បីថ្លែងនូវគុណបំណាច់ និងវីរៈភាពអង់អាចក្លាហានក្នុងការបូជាជីវិត និងកាយសម្បទាជូនជាតិមាតុភូមិ ដើម្បីឯករាជ្យជាតិ ដើម្បីឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ៕ឃុត សៅ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *