ទំព័រដើម / ទេសចរណ៏ / អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ចង់​ឱ្យ​ទេសចរ​​ចូល​ទស្សនា​​សារ​​មន្ទីរ​​​ធម្ម​ជាតិ​​សក​ល​ សម្ដេច​តេ​ជោ​​ហ៊ុនសែន​មុន​​​នឹង​​ទៅ​មើល​​ប្រាសាទ​ព្រះវិហារ

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ចង់​ឱ្យ​ទេសចរ​​ចូល​ទស្សនា​​សារ​​មន្ទីរ​​​ធម្ម​ជាតិ​​សក​ល​ សម្ដេច​តេ​ជោ​​ហ៊ុនសែន​មុន​​​នឹង​​ទៅ​មើល​​ប្រាសាទ​ព្រះវិហារ

ភ្នំពេញ៖​មន្ត្រី​ជាន់​ខ្ពស់​​​​​នៃ​​​​អាជ្ញា​​ធរ​​ជាតិ​​​​ព្រះវិហារ ឱ្យ​​​ដឹង​​​ថា​៖​​អាជ្ញាធរ​នេះ កំពុង​​​ប្រឹង​​​ប្រែង​​​ផ្សព្វ​​ផ្សាយ​​​​អំពី​សារ​​មន្ទីរ​​ធម្ម​​ជា​តិ​​សក​ល​សម្ដេច​តេ​ជោ​​​ហ៊ុនសែន​ព្រះវិហារ​ ​​​ទើប​​តែ​​សាង​​សង់​រួច​រាល់​​នៅ​​​​ឃុំ​​ស្រ​អែម ស្រុក​​ជាំ​​ក្សាន្ត​ ជិត​ប្រាសាទព្រះវិហារនោះ ​​បំណង​​ចង់​​ឱ្យភ្ញៀវទេសចរណ៍​ជាតិ​និង​អន្តរ​ជាតិ​ចូល​ទស្សនា​ឱ្យបានច្រើនកុះករ។ការចូលទស្សនាសារមន្ទីរនេះ​មានសារសំខាន់​ណាស់​ ​​មុន​នឹង​បន្ត​ដំណើរឡើង​ភ្នំ​ទៅទស្សនា​ប្រាសាទបុរាណ​។​​​

អគ្គនាយក​អាជ្ញាធរជាតិ​ព្រះវិហារឯកឧត្តម​ គង់ ពុទ្ធិកាមានប្រសាសន៍ថា៖បច្ចុប្ប​ន្ន​អាជ្ញាធរ​ព្រះវិហារកំពុងខិតខំប្រឹងប្រែង​ផ្សព្វ​ផ្សាយ​អំពីសារ​មន្ទីរ​ធម្ម​ជាតិ​​សក​ល​ សម្ដេច​​​តេ​ជោ​​​ហ៊ុនសែនព្រះវិហារ​​​ តាម​រយៈ​គេហទំព័រ(Website)ផង​និង​បណ្ដាញសង្គម​​(Face Book)ផង​ដើម្បីឱ្យពលរដ្ឋខ្មែរ​និង​ភ្ញៀវទេ​ស​​​ចរណ៍​បរទេស​បានដឹង​នឹងចាប់អារម្មណ៍​​​​ទៅលើ​​​សារមន្ទីរថ្មី​មួយ​នេះ​ ដែល​នៅជិតនឹងប្រាសាទព្រះ​វិហារ​បំផុត។​​

មន្ត្រីដដែល​មានប្រសាសន៍ថា៖​សារមន្ទីរ​​ធម្ម​ជាតិ​​សក​ល​ សម្ដេច​​តេ​ជោ​​​​ហ៊ុន សែនព្រះវិហារ​នោះគឺ​ជាមូលដ្ឋាន​នៃការទស្សនា​ប្រាសាទ​​ដូចជាមានដាក់បង្ហាញអំពី​វប្ប​ធម៌ ប្រពៃណី​និងប្រវត្តិ​សា​ស្ត្រអំពីជីវិត​សត្វ​និងរុក្ខជាតិ​​ជា​ច្រើននៅជុំវិញ​តំបន់ប្រា​សាទព្រះវិហារ​។​​ ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ទេសចរបរទេស​​បាន​​ចូល​​ទស្ស​នា​​សារ​មន្ទីរនេះគឺ​នៅ​ពេល​​ឡើង​ភ្នំ​​បន្ត​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នឹងបានយល់ដឹងជាច្រើន​។​

​ជារៀងរាល់ថ្ងៃ​​នេះមិនសូវសំបូរ​ភ្ញៀវទេសចរដែលចូលទៅ​ទស្សនា​សារមន្ទីរ​នោះទេ។ បើ​ទោះបី​ជាមានភ្ញៀវទេសចរជាច្រើន​បាន​ទៅមើលប្រាសាទក៏ដោយ។​​​សារ​មន្ទីរ​ធម្ម​​ជាតិ​​​សក​ល​សម្ដេច​តេ​ជោ​​​ហ៊ុនសែនព្រះវិហារ​ ដែល​បានសាងសង់លើ​ផ្ទៃដី​ជាង​១៧០​ហិកតារ ​ត្រូវ​បាន​​សម្ដេច​​អគ្គមហាសេនា​​ប​តី​​តេ​ជោហ៊ុន​សែននាយក​រដ្ឋមន្ត្រី​នៃរាជរដ្ឋាភិបាល​បើក​សម្ពោធ​ឱ្យប្រើប្រាស់​ជាផ្លូវការកាលពីថ្ងៃទី២០​ខែ​ឧស​ភា​ឆ្នាំ​២០១៨។

​ជាមួយ​គ្នានេះអាជ្ញាធរ​​​ព្រះ​វិហារក៏បាន​ចេញ​​សេចក្តី​ជូន​ដំណឹង​ប្រាប់​ដល់​សាធារណ​ជនឱ្យជ្រាប​ថា៖​ការ​ចូល​ទស្សនា​​​សារ​​​មន្ទីរ​ធម្ម​​ជាតិ​​​សក​ល​សម្ដេច​​តេ​ជោ​​​ហ៊ុនសែន​ព្រះ​វិហារ​នេះគឺ​លក់សំបុត្រដោយ​​តម្លៃ​២០០០​រៀល​សម្រា​ប់​ពលរដ្ឋខ្មែរ​ម្នាក់និង​​​ថ្លៃ​​​៣ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់ជន​​បរទេស​ម្នាក់៕ដោយ៖ហង្ស សាវយុត​​​​​​
​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *