ទំព័រដើម / ព័ត៌មានជាតិ / ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងបង្ហាញថ្មសុឆន្ទៈពីឋានព្រះច័ន្ទ

ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងបង្ហាញថ្មសុឆន្ទៈពីឋានព្រះច័ន្ទ

ភ្នំពញ៖នៅថ្ងៃចន្ទ តំណាងរបស់ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងធ្វើពិធីបើកសម្ពោធពិព័រណ៍​នៅសារមន្ទីរជាតិនៃកម្ពុជា ដែលមានដាក់តាំង​នូវថ្មដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីឋានព្រះច័ន្ទ។

ថ្មឋានព្រះច័ន្ទត្រូវបានផ្តល់អោយប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៣ ហើយស្ថិតនៅក្នុងចំណោមសំណាកថ្មព្រះច័ន្ទ “សុឆន្ទៈ” ដែលត្រូវបាននាំយកមក ជាផ្នែកមួយ​នៃបេសកកម្មរបស់អាប៉ូឡូលេខ ១៧ កាលពីខែធ្នូ ឆ្នាំ ១៩៧២។

ការដាក់តាំងថ្មឋានព្រះច័ន្ទនេះគឺជាផ្នែកមួយ​នៃខួបលើកទី ១០០ ដែលនឹងមកដល់នៅពេលខាងមុខ​នេះ នៅសារមន្ទីរជាតិកម្ពុជា ហើយសារមន្ទីរនឹងបង្ហាញទិដ្ឋភាពផ្សេងៗ​នៃរបស់ដែលខ្លួនបានរក្សាទុកមក។ ខួបលើកទី ១០០ ត្រូវបានរៀចំធ្វើឡើង ដោយសហការជាដៃគូជាមួយសាលាបារាំងចុងបូព៌ា (École française d’Extrême-Orient (EFEO))

បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល ៦ ខែមកស្ថានទូតអាមេរិកបានរកឃើញប្រវត្តិ​នៃសំណាកថ្មឋានព្រះច័ន្ទ។ ក្នុងការតាំងលើកនេះ ថ្មឋានព្រះច័ន្ទត្រូវបានដាក់បង្ហាញ ជាមួយនឹងការពន្យល់ និងប្រវត្តិយ៉ាងក្បោះក្បាយ។ ថ្មនេះ ​ត្រូវបានធ្វើអំណោយ​ដល់ប្រទេសកម្ពុជា តាមរយៈលោក Emory Swank ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អមជាមួយនឹងលិខិតមួយច្បាប់ពីលោកប្រធានាធិបតី Nixon ប្រគល់ជូនដល់ឯកឧត្តមបណ្ឌិត កែវ សង់គីម រដ្ឋមន្រ្តីក្រសួងអប់រំជាតិកម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៧៣។

ផ្នែកមួយ​នៃលិខិត​នោះមានសេចក្តីថា «បើមនុស្សនៃប្រជាជាតិជាច្រើនអាចធ្វើរួមគ្នាដើម្បីសំរេចក្តីសុបិន​របស់មនុស្សជាតិនៅក្នុងអវកាសបាន ជាការពិត​ណាស់  យើងអាចធ្វើរួមគ្នាដើម្បីសំរេចក្តីសុបិន​របស់មនុស្សជាតិ​ដែលចង់បានសន្តិភាពនៅ​លើផែនដីនេះបាន»។

ស្ថានទូតសហរដ្ឋអាមេរិកបានផ្តល់អាទិភាពដល់កម្មវិធី និងសកម្មភាពទាក់ទងនឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)  ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀត​របស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការតាំងបង្ហាញ​នេះនឹងជំរុញទឹកចិត្តអោយយុវជនចាប់យកអាជីពដែលប្រើជំនាញ STEM ។ពិធីនេះ​នឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី ១៨ ខែមិថុនា វេលាម៉ោង ១០:០០ ព្រឹក  នៅសារមន្ទីរ    ជាតិកម្ពុជា៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *