ទំព័រដើម / កីឡា / Dortmund រំពឹងឈ្នះ Tottenham ស្ដារមុខមាត់ឡើងវិញ

Dortmund រំពឹងឈ្នះ Tottenham ស្ដារមុខមាត់ឡើងវិញ

ក្រុមលំដាប់កំពូលរបស់អាល្លឺម៉ង់ Borussia Dortmund រំពឹងថាខ្លួននឹងអាចយក៣ពិន្ទុនៅយប់នេះឲ្យបាន ពេលប្រកួតជាមួយ Tottenham Hotspur របស់អង់គ្លេស ក្នុងជំនួបក្របខ័ណ្ឌអឺរ៉ុប UEFA Champions League វគ្គសន្សំពិន្ទុតាមពូល នៅទឹកដីខ្លួនឯង ព្រោះថាបើធ្វើបាន មិនត្រឹមតែដើម្បីបន្តក្ដីសង្ឃឹមតិចតួចក្នុងការបានឆ្លងទៅវគ្គបន្ទាប់នោះទេ តែថែមទាំងជាការបង្ហាញថាទម្រង់លេងរបស់ពួកគេប្រសើរឡើងវិញផងដែរ។

ជាច្រើនប្រកួតមកហើយសម្រាប់ Dortmund មិនថាក្នុងស្រុក ឬក្រៅស្រុក គឺមិនទទួលបានជោគជ័យឡើយសូម្បីមួយប្រកួត ហើយបរាជ័យចុងក្រោយ កើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga គឺបានប្រកួតចាញ់ម្ចាស់ផ្ទះ VfB Stuttgart ១-២ ដូច្នេះ ការចង់បំបាក់ក្រុមកំពុងឡើងជើងដូច Tottenham ដែលមានពិន្ទុគ្រប់គ្រាន់ ក្នុងការបានឆ្លងទៅវគ្គបន្តរួចហើយនោះ មិនដឹងថាអាចទៅរួច ឬអត់។

ក្នុងចំណោម៤ប្រកួតកន្លងមក នៅ Champions League នេះ ក្រុមលឿងខ្មៅ ឈរនៅលេខ៣ ក្នុងពូល H ដោយមានតែ២ពិន្ទុប៉ុណ្ណោះ ពោលគឺតាមពីក្រោយក្រុមលេខ២ Real Madrid ៥ពិន្ទុ និងតាមពីក្រោយ Tottenham Hotspur ដែលនៅទីកំពូល ៨ពិន្ទុ ហើយវគ្គសន្សំពិន្ទុតាមពូលនេះ នៅសល់ពីរប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់ជាស្ថាពរហើយ។

ក្រៅពីគូរវាង Borussia Dortmund និង Tottenham Hotspur ក្នុងពូល H ក៏មានមួយគូទៀតផងដែរ គឺម្ចាស់ជើងឯកចាស់ Real Madrid របស់អេស្ប៉ាញ ធ្វើដំណើរទៅសួរសុខទុក្ខក្រុមបាតតារាង APOEL Nicosia របស់ស៊ីប (Cyprus)

ចំណែកពូលដទៃទៀតដែលនឹងជួបគ្នា ក្នុងប្រកួតទី៥ នាយប់នេះដែរ មានដូចជា៖

-ពូល E Spartak Moscow (រុស្ស៊ី) ប៉ះ Maribor (ស្លូវេនី)

  Sevilla (អេស្ប៉ាញ) ប៉ះ Liverpool (អង់គ្លេស)

-ពូល F Manchester City (អង់គ្លេស) ប៉ះ Feyenoord (ហូឡង់)

SSC Napoli (អ៊ីតាលី) ប៉ះ Shakhtar Donetsk (អ៊ុយក្រែន)

-ពូល G Besiktas (តួកគី) ប៉ះ FC Porto (ព័រទុយហ្គាល់)

Monaco (បារាំង) ប៉ះ RB Leipzig (អាល្លឺម៉ង់)

Check Also

ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រ Champions League ២០១៨ បានបង្ហាញនៅក្រុង Kiev

អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Vitaly Klitschko ដែលបច្ចុប្បន្នជាអភិបាលក្រុង Kiev និងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែន Andriy Shevchenko  បានចូលរួមក្នុងពិធីបង្ហាញ ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រការប្រកួតនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៨ កាលពី …

Leave a Reply

Your email address will not be published. Required fields are marked *