ទំព័រដើម / អន្តរជាតិ / តុលាការកំពូលកេនយ៉ាតម្កល់ការបោះឆ្នោតជាថ្មីជ្រើសរើសលោក Kenyatta

តុលាការកំពូលកេនយ៉ាតម្កល់ការបោះឆ្នោតជាថ្មីជ្រើសរើសលោក Kenyatta

តុលាការកំពូលកេនយ៉ា​បានតម្កល់​ការបោះឆ្នោតជាថ្មី​កាលពីខែមុន​ជ្រើស​រើស​លោក ​ Uhuru Kenyatta ឲ្យជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត ​ដោយបើកផ្លូវ​ឲ្យលោក​អាច​ស្បថ​ចូល​កាន់តំណែង​នៅសប្តាហ៍ក្រោយ។​​

ចៅក្រមចំនួន​៦រូប​បាន​សម្រេចថា ​ញត្តិ​ចំនួនពីរដែល​ដាក់ប្រឆាំង​ការបោះឆ្នោត​ជ្រើស​រើសលោក​ Kenyatta ជាថ្មី​ ខ្វះភស្តុតាង ​ហេតុដូច្នេះ​ហើយ​ទើបវា​ត្រូវ​បានច្រានចោល​។​

ការបោះឆ្នោត​ជ្រើសប្រធានាធិបតី​ត្រូវ​បាន​ធ្វើឡើងម្តងទៀត​កាលពីថ្ងៃទី​២៦ ខែ​តុលា ​ក្រោម​ការបង្គាប់​របស់​​តុលាការកំពូលកេនយ៉ា ​ដែល​ចាត់ទុកលទ្ធផល​នៃការ​បោះឆ្នោតកាលពីថ្ងៃទី​៨ខែសីហាជាមោឃៈ​ ដោយ​សារ​មានការអះអាងថា ​មានភាពមិនប្រក្រតីកើតឡើង។​

 

ការសម្រេចកាលពីម្សិលមិញ​បានជួយឲ្យលោក ​ Kenyatta អាចធ្វើសច្ចាប្រនិធាន​ចូល​កាន់តំណែង​នៅ​ថ្ងៃទី​២៨ខាងមុខនេះ​ តាមការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។​

 

លោក ​ Aden Duale ប្រធាន​សមាជិកសភា​សំឡេងភាគច្រើន​បានលើកឡើងថា ​ក្រោយ​ការស្បថ​ចូលកាន់តំណែង​ កេនយ៉ានឹងឆ្ពោះទៅរកការរួបរួមជាតិ ​ហើយ​លោក​​ប្រធានាធិតី​​ ​ Kenyatta ដែល​ឈ្នះឆ្នោត​​ក្នុងសំឡេងគាំទ្រ​៩៨​,៣ភាគរយ​នឹងបន្តរបៀបវារៈរបស់ខ្លួននៅអាណត្តិ​ក្រោយ​ដែល​មាន​រយៈ​ប្រាំឆ្នាំ។​

អ្នកគាំទ្រគណបក្សកាន់អំណាច​ ​បាននាំគ្នា​ច្រៀងរាំ​យ៉ាង​សប្បាយរីក​រាយដើម្បីអបអរសាទរលោក ​ Kenyatta ក្រោយ​ពេលបានឮការប្រ​កាសសាលដីកា​រ​បស់តុលាកាកំពូល។​

អ្នក​គាំទ្រលោក ​ Kenyatta ម្នាក់​បាននិយាយថា ​​ឥឡូវ​ប្រទេសរបស់​គាត់​អាច​បោះជំហាន​ទៅមុខ​បាន​វិញហើយ​ ​ក្រោយ​ជួបភាពចលាចល។​ ​

អ្នកគាំទ្រម្នាក់ទៀត​បានលើកឡើងថា ​គាត់សប្បាយចិត្តណាស់​ដែលលោកប្រធានាធិបតី​ ​ Kenyatta បន្ត​ដឹក​នាំ​ប្រទេសតទៅមុខទៀត​ ​ព្រោះពលរដ្ឋកេនយ៉ាងទាំងអស់ត្រូវការ​សន្តិភាព មិនមែនសង្គ្រាម មិន​មែនភា​ពចលាចលទេ។​

រីឯស្ត្រីម្នាក់បានអំពាវ​នាវ​ឲ្យគណបក្សប្រឆាំង ​គឺ​សម័ន្ធមហាជាតិហៅកាត់​ ​ NASA រួប​រួមគ្នា​ជាមួយគណ​បក្សកាន់អំណាច​ គឺគណបក្ស​ Jubilee  ដើម្បីត្រួសត្រាយផ្លូវ​ឲ្យប្រទេសរីកចម្រើនទៅមុខ។​

 

ខណៈអ្នកគាំទ្រគណបក្ស​កាន់អំណាចនាំគ្នាអបអរសាទរ​ អ្នកគំាទ្រ​គណបក្សប្រឆាំង​​បាន​សំដែងការមិនពេញ​ចិត្តនោះឡើយ។​

នៅក្នុងក្រុង​​ Kisumu ដែលជាក្រុងធំបំផុតនៅភាគខាងលិចប្រទេសកេនយ៉ា មានអំពើហិង្សបានផ្ទុះឡើង​រវាង​​អ្នកគាំ​ទ្រគណបក្សប្រឆាំង​ និងនគរបាល។​

អ្នកគាំទ្រគណ​បក្សប្រឆាំង​ បាននាំគ្នាចេញមកដុតកង់ឡានតាមផ្លូវ​ ហើយបានគប់ដុំថ្មដាក់នគរបាល​ ដែល​ឆ្លើយត​បវិញដោយការបាញ់ឧស្ម័នប​ង្ហូរទឹកភ្នែក៕

Check Also

អាមេរិកបង្ហាញភ័ស្តុតាងលើកដំបូងអំពីបំណែកអាវុធរបស់អ៊ីរ៉ង់ដែលរកឃើញនៅយេម៉ែន

ក្រុងវ៉ាស៊ីនតោន៖ សហ​រដ្ឋ​អាមេរិក​​បាន​បង្ហាញភ័ស្តុតាង​​ជាលើកដំបូង​អំពីបំណែក​អាវុធ​​របស់​​អ៊ីរ៉ង់​​ដែល​ផ្គត់​ផ្គង់​ទៅ​​​ឲ្យក្រុម​​ Houthi ​នៅក្នុងប្រទេសយេម៉ែន ​ដោយចោទប្រកាន់អ៊ីរ៉ង់ថា រំលោភ​សេច​ក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ។​

Leave a Reply

Your email address will not be published. Required fields are marked *