ទំព័រដើម / ទស្សនៈថ្មី / អាជ្ញាធរខេត្តគាំទ្រលើគម្រោងអភិវឌ្ឍន៍តំបន់ត្រើងស្រុកកំពង់សៀមឲ្យក្លាយជាទីប្រជុំជនដ៏ទាក់ទាញ

អាជ្ញាធរខេត្តគាំទ្រលើគម្រោងអភិវឌ្ឍន៍តំបន់ត្រើងស្រុកកំពង់សៀមឲ្យក្លាយជាទីប្រជុំជនដ៏ទាក់ទាញ

ខេត្តកំពង់ចាម: អាជ្ញាធរខេត្តកំពង់ចាមបានអបអរសាទរ និងគាំទ្រលើគម្រោងអភិវឌ្ឍន៍តំបន់ត្រើងដែលនឹងត្រូវចំណាយ ទុន ជាងពីរលានដុល្លាររបស់លោកឧកញ៉ា លី ឈិនអ៊ូ ដើម្បីប្រែក្លាយវាលស្រែក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ទៅជាទីប្រជុំជនដ៏ទាក់ទាញនាពេលអនាគត។
នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមក្នុងពិធីជួបជុំជាមួយប្រជាពលរដ្ឋជាអាជីវករជិត ១.០០០ នាក់ ដើម្បីចូលរួមសម្ពោធបើកការដ្ឋានសាងសង់ផ្សាររបស់ក្រុមហ៊ុនលី ឈិនអ៊ូ នៅតំបន់ត្រើងជាប់ផ្លូវជាតិលេខ ៧១ ស្ថិតក្នុងស្រុកកំពង់សៀមកាលពីចុងសប្តាហ៍ថ្មីៗនេះ។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា សូមសម្តែងការកោតសរសើរ និងជូនពរជ័យដល់លោកឧកញ៉ា លី ឈិនអ៊ូ ជាម្ចាស់ក្រុមហ៊ុនបានចំណាយទុនជាថវិកាដ៏សន្ធឹកសន្ធាប់ ដើម្បីលើកគម្រោងអភិវឌ្ឍន៍តំបន់ត្រើងនេះ ដើម្បីបង្កើតជាផ្សារសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញទីនេះលក់ដូរពោល គឺនេះជាអភិវឌ្ឍន៍មួយបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សូមឲ្យលោកឧកញ៉ាជាប្រធានក្រុមហ៊ុនដំណើរការទទួលបានជោគជ័យ ប្រកបដោយផ្លែផ្កាល្អ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍គម្រោងថ្មីៗ បន្ថែមទៀត នៃតំបន់នេះ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ក្នុងនាមអាជ្ញាធរខេត្តនេះសូមគាំទ្រ និងអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់លោកឧកញ៉ាម្ចាស់គម្រោងដែលមានបំណងធ្វើការអភិវឌ្ឍន៍បន្ថែម ពីលើផ្សារនេះក្លាយជាទីក្រុងតូចមួយដ៏ទាក់ទាញ។ ប៉ុន្តែដើម្បីឲ្យគម្រោងមួយនេះកាន់តែមានសក្តានុពលបន្ថែមទៀតនោះ គឺសូមក្រុមហ៊ុនគួរពិចារណាសិក្សាពង្រីកលើប្រព័ន្ធផ្លូវមេ ឲ្យបានទំហំធំជាងនេះឲ្យបានឆ្លើយតបចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន និងផ្តល់ទំនុកចិត្តដល់អតិថិជនដែលមានបំណងប្រើប្រាស់នូវសេវាទាំងឡាយរបស់ក្រុមហ៊ុនផងដែរ។
លោកឧកញ៉ា លី ឈិនអ៊ូ បានថ្លែងឲ្យដឹងថា លោកសូមថ្លែងអំណរគុណនូវការចូលរួមផ្តល់យោបល់របស់ឯកឧត្តមអភិបាលខេត្តលើបញ្ហាពង្រីកប្រព័ន្ធផ្លូវមេក្នុងផ្សារដែលមានទំហំសរុប ១៥ ហិកតានេះ ដែលនឹងគ្រោងទឹកប្រាក់ប្រហែលជាងពីរលាន ដុល្លារ ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍វាលស្រែជាស្រុកកំណើតរបស់លោកឧកញ៉ាឲ្យក្លាយជាសួនកម្សាន្ត បឹងលម្ហែកាយ និងជាផ្សារនាពេលខាងមុខនេះ។
លោកឧកញ៉ាដែលមានវ័យ ៣៥ ឆ្នាំរូបនេះបានថ្លែងបន្តថា ៖ទាំងនេះជាបំណងប្រាថ្នាកាលពីវ័យកុមារ គឺប្រែក្លាយតំបន់ត្រើងដែលជាចំណុចប្រសព្វរវាងស្រុកកំពង់សៀម ស្រុកព្រៃឈរ និងស្រុកចម្ការលើ នេះទៅជាទីប្រជុំជននៃទីក្រុងតូចមួយដ៏ទាក់ទាញ។ ដោយតំបន់នេះវាជាតំបន់មានសក្តានុពលលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម៕
អត្ថបទ និងរូប ដោយ: ភោគ សម្បត្តិ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *