ទំព័រដើម / ទស្សនៈថ្មី / រមណីយ៍ដ្ឋានទេសចរណ៍បឹងឈូកស្ថិតនៅខេត្តសៀមរាបកំពុងទាក់ទាញអ្នកទេសចរ

រមណីយ៍ដ្ឋានទេសចរណ៍បឹងឈូកស្ថិតនៅខេត្តសៀមរាបកំពុងទាក់ទាញអ្នកទេសចរ

សៀមរាប៖រមណីដ្ឋានទេសចរណ៍បឹងឈូកស្ថិតនៅខេត្តសៀមរាបកំពុងទាក់ទាញអារម្មណ៍អ្នកទេសចរ ខ្មែរយ៉ាងខ្លាំង ដោយសារតំបន់នោះមានការអភិរក្សជាលក្ខណៈធម្មជាតិ ជិះទូកមើលសត្វស្លាប ជិះទូកទៅទស្សនានៅតាមដងព្រៃកោងកាងទឹកសាបដែលមានទំហំព្រៃប្រមាណ៤ហិកតា ជាពិសេសទេសភាពជាប់ជើងភ្នំទស្សនាហើយធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។
រមណីយដ្ឋានបឹងឈូក ស្ថិតនៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប បានទាក់ទាញអ្នកទេសចរណ៍ជារៀងរាល់ថ្ងៃដោយមួយថ្ងៃមានអ្នកទៅកម្សាន្តប្រមាណជា៨០០នាក់ ខណៈតំបន់ទេចរណ៍ធម្មជាតិនោះ ទើបនឹងបើកបានរយៈពេលបីខែប៉ុណ្ណោះ។
លោក ម៉ង់ សុខខឿន ជាប្រធានសហគមន៍តំបន់ទេសចរណ៍បឹងឈូក បានឱ្យដឹងថា៖តំបន់ទេសចរណ៍ធម្មជាតិនេះបានរៀបចំឡើងរយៈពេល១ឆ្នាំមកហើយ ប៉ុន្ដែទើបចាប់ផ្ដើមឱ្យអ្នកទេសចរទៅទស្សនាកម្សាន្តបានរយៈពេលបីខែប៉ុណ្ណោះ ដោយមានអ្នកទេសចរជាតិ និងអន្តរជាតិទៅទស្សនាមិនដាច់ ជាពិសេសទៅកម្សាន្តច្រើនថ្ងៃសៅរថ្ងៃអាទិត្យ គឺមានអ្នកទេសចរជាតិទៅកម្សាន្តច្រើន។
លោកបានបន្ដថា៖ សហគមន៍តំបន់ទេសចរណ៍បឹងឈូកនេះ មានសក្តានុពលទេសចរណ៍បែបធម្មជាតិ ដោយតំបន់ទេសចរណ៍ធម្មជាតិនេះស្ថិតនៅជិតប្រាសាទបន្ទាយស្រី ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនាប្រាសាទបន្ទាយស្រី គឺអាចបន្តទៅសម្រាកលំហែកាយ និងទទួលទាន់អាហារនៅទីនេះ និងអាចជិះទូកមើលសត្វស្លាប ជិះទូកទៅទស្សនានៅតាមដងព្រៃកោងកាងទឹកសាបដែលមានទំហំព្រៃប្រមាណ៤ហិកតា ជាពិសេសទេសភាពជាប់ជើងភ្នំទស្សនាហើយធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។
លោកបានបញ្ជាក់ថា តាមគម្រោងការ សហគមន៍មានគម្រោងធ្វើការសាងសង់រោងអង្គុយណ្តែតទឹកក្នុងគម្រោងចំនួន៥០ដោយមានទូកម៉ាស៊ីនដឹកជញ្ជូនភ្ញៀវទៅមក និងទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងទឹកសាប។ ខណៈបច្ចុប្បន្នសហគមន៍ទើបសាងសង់រោងអង្គុយបណ្តែតទឹកបានចំនួន៥ហើយ។
លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា៖ រមណីយដ្ឋាន បឹងឈូកនេះ នៅក្នុងរយៈពេល៣ឆ្នាំមកនេះ ជាកន្លែងដែលអាជ្ញាធរស្រុក រៀបចំប្រណាំងទូក ក្នុងឱកាសបុណ្យអ៊ុទូកថ្នាក់ជាតិសម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។ ប៉ុន្តែដោយមើលឃើញថា តំបន់បឹងឈូកនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកបន្ទាយស្រី បានរៀបចំឱ្យមានគណៈកម្មការសហគមន៍បឹងឈូក ដើម្បីធ្វើការរៀបចំកែប្រែតំបន់បឹងឈូកនេះ ឲ្យទៅតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិសម្រាប់ទាក់ទាញអ្នកទេសចរឱ្យមកទស្សនា ក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍នេះ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបកន្លងទៅថ្មីៗ បានអញ្ជើញចុះទៅពិនិត្យមើលពីស្ថានភាព តំបន់រមណីយ៍ដ្ឋានសហគមន៍បឹងឈូកនេះ ហើយឯកឧត្តមបានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋានជាពិសេសសហគមន៍ទេសចរណ៍បឹងឈូកនេះ ធ្វើការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូកនេះ ត្រូវដើរទន្ទឹមគ្នាទាំងការ អភិវឌ្ឍ អភិរក្ស សំខាន់លើសម្បត្តិធម្មជាតិ បរិស្ថានជុំវិញទីបឹងបុរាណនេះ ជាពិសេសការអភិរក្សថែរក្សានូវព្រៃកោងកាងទឹកសាប ដែលជាប្រភេទព្រៃដ៏កម្រនៅតំបន់ទឹកសាបឱ្យបានល្អ ព្រោះវាជាសក្តានុពលមួយ ដែលអ្នកទេសចរមានការចាប់អារម្មណ៍ខ្លាំង។ ហើយអាជ្ញាធរមូលដ្ឋានត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ អនាម័យល្អ និងត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ ក្នុងការលក់ម្ហូបចំណីអាហារឲ្យមានអនាម័យត្រឹមត្រូវ និងតម្លៃឲ្យបានសមស្រប។
ឯកឧត្តមបានបញ្ជាក់ថា៖” ការបង្កើតអេកូទេសចរណ៍នៅក្នុងសហគមន៍ គឺជាកាជួយលើកកម្ពស់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជននៅក្នុងសហគមន៍ដ៍សំខាន់ ហើយអាជ្ញាធរខេត្តសូមគាំទ្រចំពោះការបង្កើតឱ្យមានសហគមន៍ទេសចរណ៍បឹងឈូកនេះ”៕អត្ថបទ៖ឃុត សៅ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *