ទំព័រដើម / តុលាការ / ចៅក្រមស៊ើបសួរឃុំខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់សង្ស័យពីបទឆបោកប្រាក់ស្រ្តីវៀតណាមអស់ជាង៣០ម៉ឺនដុល្លារ

ចៅក្រមស៊ើបសួរឃុំខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់សង្ស័យពីបទឆបោកប្រាក់ស្រ្តីវៀតណាមអស់ជាង៣០ម៉ឺនដុល្លារ

ភ្នំពេញ៖បន្ទាប់ពីបានសាកសួរបីថ្ងៃមកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីរាជធានីភ្នំពេញលោកអ៊ឹម វណ្ណៈនៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨នេះបានសម្រេចចេញដីកាឃុំខ្លួនបុរសជន​ជា​តិ​​​នីហ្សេរីយ៉ាម្នាក់ ពីបទឆបោក ប្រាក់ជាង៣០ម៉ឺនដុល្លារពីស្រ្តីជនជាតិវៀតណាមនៅវៀតណាមចាប់បាននៅកម្ពុជា។

ជនត្រូវចោទរូបនេះមានឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ចាប់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីរាជធានីភ្នំ​ពេញនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨

ដើមបណ្តឹងមានឈ្មោះ Darg Mai Nga ភេទស្រីអាយុ៣៨ឆ្នាំជនជាតិវៀតណាម ជាអ្នកជំនួញ។សមត្ថកិច្ចបានឱ្យដឹងថាកាលពីល្ងាចថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ សម​ត្ថ​​កិច្ចបានធ្វើការឃាត់ខ្លួនបុរសស្បែកខ្មៅខាងលើនេះយោងតាមពាក្យបណ្តឹង របស់ស្ត្រីជនជាតិ វៀតណាមដែលបានចោទប្រកាន់រឿងឆបោកប្រាក់ចំនួន ៣៥៦.០០០ ដុល្លារអាមេរិក។

បើយោងតាមពាក្យបណ្តឹង បានបញ្ជាក់ថា កាលពី អំឡុង ខែមករា ២០១៨ ដើមបណ្តឹងបាន ស្គាល់ជនជាតិ ស្បែកខ្មៅនេះតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក ។ លុះថ្ងៃទី១០មករាជននេះបានទៅទីក្រុង ហាណូយ ប្រទេសវៀតណាម សុំជួបដោយ និយាយលួងលោម បញ្ចុះបញ្ចូលឱ្យស្ត្រី វៀតណាម រូបនេះ ចូលហ៊ុន បើកសិប្បកម្មផលិតឥដ្ឋការ៉ូនៅប្រទេស កម្ពុជា។ ជនរូបនោះបានប្រើល្បិចនាំស្ត្រី វៀតណាម រូបនោះ មកប្រទេស កម្ពុជា ដើម្បីមើលទីតាំងបង្កើតសិប្បកម្ម ផលិតឥដ្ឋការ៉ូ ដោយ អះអាងថា មានមិត្តភក្តិ នៅប្រទេស កម្ពុជា ។

សមត្ថកិច្ចបន្តថា ដោយ មានការជឿទុកចិត្ត ជនរងគ្រោះបានផ្តល់ប្រាក់ឱ្យ ជន​ជាតិស្បែកខ្មៅ ជាបន្តបន្ទាប់ចំនួន៥លើក សរុប ៣៥៦០០០ ដុល្លារ តាមរយៈ​គណ​នេយ្យ របស់ពួកគេដែលបានផ្តល់ឱ្យគ្នាទៅវិញទៅមក ។

ក្រោយពេលបានទទួលប្រាក់នោះ ហើយជនរូបនោះបាន បិទទូរស័ព្ទ និង គេចខ្លួនមិនអាចទាក់ទងបាន។លុះថ្ងៃទី១៥មិថុនាជនរូបនោះបានទូរស័ព្ទទៅស្ត្រីវៀត​ណាម ជាដើមចោទថាសិប្បកម្មធ្វើជិតរួចរាល់ហើយឱ្យគាត់ផ្តល់ប្រាក់ចំនួន​១៥០,០០០​ដុល្លារ​បន្ថែមទៀត ។

ពេលនោះលែងមានការទុកចិត្តក៏បានណាត់ជួបគ្នា នៅប្រទេស កម្ពុជា ទើបប្តឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហា​ផ្ទៃឱ្យចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំតាមនីតិវិធី ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *