ទំព័រដើម / សន្តិសុខសង្គម / ចៅក្រមសម្រេចឃុំខ្លួននិស្សិតម្នាក់ដែលលួចដកប្រាក់របស់អ្នកឡាយហ្វេសប៊ុក

ចៅក្រមសម្រេចឃុំខ្លួននិស្សិតម្នាក់ដែលលួចដកប្រាក់របស់អ្នកឡាយហ្វេសប៊ុក

ភ្នំពេញ ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនត្រូវ​ចោទឈ្មោះចាន់ ម៉េងឆាយ អាយុ១៩ឆ្នាំជនជាតិខ្មែរជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យនីតិសាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ផ្លូវលេខ៤ភូមិជម្ពូរវ័ន្តសង្កាត់ចោម​ចៅ​ទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដាក់ពន្ធនា​គារជាបណ្ដោះ​អាសន្នក្រោមការចោទប្រកាន់ពីបទ លួច (លុយ)។

ករណីនេះប្រព្រឹត្តដោយការចូលមើលតាមការលក់ផលិតផលឡាយផ្ទាល់របស់គណ​នីហ្វេសប៊ុកជនរងគ្រោះឈ្មោះ Ana Brand Brand ហើយជនត្រូវចោទបានហែកទៅលួចលេខកូដដកប្រាក់ដែលអតិថិជនវេលុយឲ្យម្ចាស់អាខោនហ្វេសប៊ុក បាន​លួចយកលេខកូដសម្ងាត់របស់ជនរងគ្រោះ តាមរយៈការឡាយវីដេអូផ្ទាល់ និងបាន​យកទៅបើកយកលុយតាមរយៈក្រុមហ៊ុនវេរលុយទ្រូម៉ានី ក្រោយភ្ញៀវវេលុយ​មកឲ្យយជនរងគ្រោះ ។

អំពើនេះ បានកើតឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១២ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់ និងឡាយផ្ទាល់ ផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នារីរងគ្រោះឈ្មោះសុខ ស៊ីណា អាយុ៣០ឆ្នាំជាជនជាតិខ្មែរមានមុខរបរ លក់ខោ​អាវនិងគ្រឿងបរិភោគតាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។សម្ភារៈ​បាត់​បង់មានទឹកប្រាក់សរុបចំនួន ៥០០០ដុល្លារ ។

ជនរងគ្រោះបានឃាត់ជនសង្ស័យឈ្មោះចាន់ ម៉េងឆាយនៅថ្ងៃទី១៣មិថុនាវេលាម៉ោង​​​១០និង១០នាទីក្រោយបានលួចមកបើកលុយតាមរយៈលេខទូរស័ព្ទរបស់ខ្លួននៅ​ក្រុមហ៊ុនវេរលុយទ្រូម៉ានីស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ ។ក្រុមហ៊ុនវេរលុយបានទូរស័ព្ទប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះ និង​បងប្អូន ក៏បានទៅឃាត់ខ្លួនជនសង្ស័យ និងបានប្រគល់ឲ្យសមត្ថកិច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់ ។

ចំណែកវត្ថុតាងរួមមាន វិក័យបត្រវេលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេលុយទ្រូម៉ានី ចំនួន២សន្លឹកមានទឹកប្រាក់ចំនួន១៦៣ដុល្លារ ។ជនត្រូវចោទឈ្មោះ​ចាន់ ម៉េងឆាយបានសារភាពថាខ្លួនបានមកលួចបើកលុយរបស់ជនរងគ្រោះចំនួន៤ដងដោយប្រើប្រាស់លេខទូរស័ព្ទរបស់ជនរងគ្រោះ អមជាមួយនឹងលេខកូដរបស់ភ្ញៀវដែលផ្ញើមកតាមរយៈការ ឡាយលើវីដេអូទៅបើក ដែលមានទឹកប្រាក់សរុបចំនួន១៦៣ដុល្លារប៉ុន្តែនារីរងគ្រោះបានប្ដឹងថាខ្លួនបានបាត់លុយប្រមា​ណជា៥០០០ដុល្លារ៕/ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *