ទំព័រដើម / ព័ត៌មានជាតិ / ប្រជាកសិករនៅក្នុងតំបន់រមណីដ្ឋានអង្គរសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម

ប្រជាកសិករនៅក្នុងតំបន់រមណីដ្ឋានអង្គរសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម

សៀមរាប៖ប្រជាកសិករ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាបមានការសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម បន្ទាប់ពីគាត់បានដាំឬស្សីផ្អែមនេះអស់រយៈពេលជិត៣ឆ្នំាមកនេះ ហើយរបបរដាំឬស្សីផ្អែមជាលក្ខណៈគ្រួសារនេះ បានផ្តល់ប្រាក់ចំណូលសមរម្យដល់គ្រួសារគាត់ក្រៅពីការងារបង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗ ។
លោក ឈួយ ឈួត រស់នៅក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាអ្នកដាំឬស្សីផ្អែមជាលក្ខណៈគ្រួសារដើម្បីយកទំពាំងលក់បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នំា២០១៨ម្សិលម៉ិញនេះថា គាត់បានដាំឬស្សីផ្អែមនេះរយៈពេលជិត៣ឆ្នាំមកហើយ ដោយមានការបង្រៀនពីបច្ចេកទេសដាំដុះ និងពូជឬស្សីផ្អែមពីអ្នកជំនាញខាងកសិកម្មរបស់អាជ្ញាធរជាតិអប្សរា។
លោកបានបន្តថា បន្ទាប់ពីដាំបានមួយឆ្នំាឬស្សីផ្អែមនេះបានចាប់ផ្តើមឱ្យផលជាបន្តបន្ទាប់និងមានការកើនឡើងជាលំដាប់។ ហើយកាលពីមុនលោកគិតថា ផ្ទៃដីដែលមាននៅជុំវិញផ្ទះលោកនិងដាំដើមស្វាយ ប៉ុន្តែនៅពេលដែលឃើញឬស្សីផ្អែមផ្តល់ផលល្អ លោកបានប្រែគំនិតមកដាំឬស្សីផ្អែមនេះបន្ថែមទៀត។ហើយបច្ចុប្បន្ននេះ លោកមានឬស្សីផ្អែមចំនួន២០គម្ពុហើយ ប៉ុន្តែឬស្សីដែលបានផ្តល់ផលហើយទើបតែបាន៥គម្ពុទេ។
ឃ្លិបសម្លេងលោក ឈួយ ឈួត
លោក ឈួយ ឈួត បានបញ្ជាក់ថា ទំពាំងឬស្សីផ្អែមនេះលោកអាចប្រមូលផលបានក្នុងរយៈពេល ពី៣ថ្ងៃ ទៅ១សប្តាហ៍ឬ១០ថ្ងៃម្តង ហើយលោកលក់ចេញក្នុង១គីឡូក្រាម៦ពាន់រៀលសម្រាប់ទំពាំងចិតរួច សម្រាប់ទំពាំងទាំងមូល១គីឡូក្រាម៥ពាន់រៀល ហើយសម្រាប់ចំណូលដែលបានមកពីឬស្សីផ្អែមនេះទាំងការលក់ទំពាំង និងការផ្សាំដើមលក់ក្នុងមួយខែពី១០ម៉ឺនរៀលឬច្រើនជាងនេះ។
លោកបន្តថា ដោយសារតែប្រជាពលរដ្ឋ នៅក្នុងភូមិគេឃើញលោកដាំឬស្សីផ្អែមនេះលក់ទំពាំងបានប្រាក់ចំណូលសមរម្យ ពេលនេះចាប់ផ្តើមសំបូរអ្នកចង់ដាំ ហើយបានមកទិញដើមឬស្សីដែលលោកបានផ្សាំជាបន្តបន្ទាប់។
លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសនៃគម្រោង ACHA របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់បេតិកភណ្ឌអង្គរឲ្យកាន់តែមានភាពល្អប្រសើរ អាជ្ញាធរអប្សរាដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលសេឡង់ បាននំាយកពូជប្ញស្សីទំពាំងផ្អែមដ៏កម្រមាននៅកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរចំនួនជាង ១១២ភូមិធ្វើការដំាដុះ ហើយពូជប្ញស្សីទំពាំងផ្អែមនេះត្រូវបានគេ នំាយកមកពីប្រទេសម៉ាឡេស៊ី។
លោកបានបន្តថា មូលហេតុដែលអាជ្ញាធរអប្សរាសម្រេចផ្តល់ ពូជប្ញស្សីទំពាំងផ្អែមដល់ប្រជាពលរដ្ឋ ដោយសារ តែប្ញស្សីទំពាំងផ្អែមនេះមានលក្ខណៈពិសេសខុសពីទំពាំងប្ញស្សីធម្មតាត្រង់ថា ប្ញស្សីទំពំាងផ្អែមនេះឆាប់បានទទួលផលក្នុងរយៈពេល ៦ខែម្តងដោយមិនគិតរដូវប្រំាងឬវស្សានោះទេ ក្រៅពីនេះទំពំាងផ្អែមនេះគេអាចយកទៅធ្វើម្ហូប ឬធ្វើស្ករ រីឯដើមប្ញស្សីគេអាចយកទៅកែឆ្នៃធ្វើផលិតផលផ្សេងៗបានជាច្រើនទៀត។ ហើយបន្ទាប់ពីប្រជាពលរដ្ឋធ្វើការដំាដុះទទួលបានផល ខាងអាជ្ញាធរអប្សរានិងជួយរកទីផ្សារឱ្យពួកគាត់ទៀត ជាពិសេសទីផ្សារនៅតាមសណ្ឋាគារពីព្រោះទំពំាងផ្អែមនេះខាងសណ្ឋាគារគេត្រូវការខ្លំាងណាស់។ មួយវិញទៀតបើប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗ គេចង់ដំាដែរ គឺគេអាចមកទិញពីប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរនេះ ធ្វើឲ្យគាត់ទទួលបាន ចំណូលមួយបន្ថែមទៀត។ចំពោះកាថែទាំគឺ ប្រជាកសិករគ្រាន់តែសំអាតស្មៅបាញ់ទឹកអោយដីសើមរហូតគឺ២ថ្ងៃម្តង ដើម្បីអោយទំពាំងលូតលាស់បានរហ័ស ហើយឬស្សីផ្អែមនេះមានអាយុ រហូតដល់២០ឆ្នាំឯណោះ ៕
ឃុត សៅ សៀមរាប

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *