ទំព័រដើម / ទស្សនៈថ្មី / ព្រែកកំពង់បាយជាកំណប់ទ្រព្យដ៏មហាសាលសម្រាប់ពលរដ្ឋខេត្តកំពត

ព្រែកកំពង់បាយជាកំណប់ទ្រព្យដ៏មហាសាលសម្រាប់ពលរដ្ឋខេត្តកំពត

ខេត្តកំពតៈ ព្រែកកំពង់បាយដែលមានប្រវែងជាង១០គីឡូម៉ែត្រតភ្ជាប់ពីដងជ្រោះទឹកឈូ រហូតដល់ក្រុងកំពតត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច និងកំណប់ទ្រព្យមហាសាល ដែលផ្តល់ប្រយោជន៍មិនចេះរីងស្ងួតសម្រាប់អ្នកខេត្តកំពត ពិសេសលើផ្នែកសេវាកម្មទេសចរណ៍។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ព្រែកកំពង់បាយមានគុណប្រយោជន៍ និងជាសក្តានុពលដ៏ធំធេងសម្រាប់វិស័យ ទេសចរណ៍។

បច្ចុប្បន្ន ម្ចាស់ទូកដឹកភ្ញៀវកម្សាន្តប្រមាណជាង១០គ្រឿងបាន និងកំពុងប្រើប្រាស់ដងព្រែកកំពង់បាយសម្រាប់ជាប្រយោជន៍ក្នុងអាជីវកម្មយ៉ាងកាក់កបរៀងៗខ្លួន។ នៅតាមដងព្រែក ភ្ញៀវអាច ទស្សនាគ្រប់ទិដ្ឋភាព ដូចជា គយគន់ថ្ងៃរៀបលិច មើលអ្នកជិះកៃយ៉ាក់ សម្លឹងភ្លើងអំពិលអំពែកនាពេលរាត្រី ឬចុះងូតទឹកលេងកម្សាន្តជាដើម។

លោកប្រធានមន្ទីរបានបន្តថា៖ ដោយសារភាពស្រស់ស្អាត និងគុណភាពល្អប្រពៃនៃដងព្រែកកំពង់បាយបានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ក៏ដូចជាបើកមុខរបររកស៊ីកាន់តែច្រើនឡើងៗ។

រហូតមកដល់ពេលនេះ សេវាកម្មកម្សាន្ត ដូចជា កន្លែងជិះខ្សែរ៉ក ខ្យូសបណ្តែតទឹក បន្ទប់ស្នាក់នៅ បឹងហ្កាឡូ ព្រមទាំងបារប្រភេទតូចៗនៅអមសងខាងដងព្រែកមានចំនួន៣៨មណ្ឌល។ លោក សយ ស៊ីណុលបានបញ្ជាក់ទៀតថា ជាមួយនឹងសកម្មភាពទេសចរណ៍ទាំងនោះ ដងព្រែកកំពង់បាយជាផ្នែកមួយជួយដល់អ្នកស្រុក និងកូនចៅឱ្យមានការងារធ្វើដើម្បីប្រាក់ចំណូលសម្រាប់គ្រួសារទៀតផង។
អ្នកស្រី ប៉ាក ពៅ ម្ចាស់លម្ហែកម្សាន្តឈ្មោះស្រីពៅម្លប់ដូងមាត់ព្រែកដែលមានទីតាំងក្នុងភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពតបានរៀបរាប់ថា អ្នកស្រីបានចាប់ដំណើរការបើកមណ្ឌលកម្សាន្តអស់ រយៈពេលជាងមួយឆ្នាំហើយ។ មកដល់ពេលនេះ អ្នកស្រីបង្កើតបានបន្ទប់ស្នាក់នៅជាប្រភេទបឹងហ្កាឡូចំនួនប្រាំ ខ្យូសបណ្តែតទឹកប្រាំមួយ និងមានទូកកៃយ៉ាក់ប្រាំបួនសម្រាប់ទទួលភ្ញៀវជិតឆ្ងាយ។

ក្រៅពីនោះ ចំពោះភ្ញៀវដែលមកកម្សាន្តអាចកុម្ម៉ង់ ម្ហូបបែបធម្មជាតិសម្រាប់ជាលក្ខណៈគ្រួសារ ជាក្រុមមិត្តភក្តិ ពិធីជប់លៀង ខួបកំណើត និងពិធីផ្សេងៗទៀត តាមបំណងបាន។ ម្ចាស់កន្លែងកម្សាន្តដដែលនេះបានបន្តថា : នៅទីនេះបើកមួយឆ្នាំជាងមកហើយជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវមកកម្សាន្ត។

ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ភ្ញៀវមកស្នាក់ត្រឹមមួយបន្ទប់ទៅពីរបន្ទប់ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យមិនមានបន្ទប់នៅទំនេរទេ ពិសេសថ្ងៃបុណ្យទានផ្សេងៗ បើមិនកក់មុនទេគឺអស់តែម្តង)។

ជាមួយនោះ ភ្ញៀវក៏អាចសម្រាកជាក្រុមនៅក្នុងខ្យូសបណ្តែតទឹកបានផងដែរព្រោះកន្លងមកក្រុមនិស្សិតដែលមកគ្នាច្រើន គឺសុខចិត្តដេកនៅទីវាលដើម្បីទទួលខ្យល់អាកាសបរិសុទ្ធ។ អ្នកស្រី ប៉ាក ពៅ បានបញ្ជាក់ថា៖ទីនេះភ្ញៀវអាចជិះទូកកៃយ៉ាក់ ហែលទឹកលេងយ៉ាងត្រជាក់។ មើលឃើញភ្នំដ៏ស្រស់ស្អាតតាមបែបធម្មជាតិពិតៗ។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានមានប្រសាសន៍ថា៖ ព្រែកកំពង់បាយតភ្ជាប់ពីដងជ្រោះទឹកឈូ រហូតដល់ក្រុងកំពតប្រវែង១៤គីឡូម៉ែត្រ មានភាពទាក់ទាញភ្ញៀវព្រោះតែទេសភាពល្អ ប្រណីត ដែលជាអំណោយផលពីធម្មជាតិ។ ក្រៅពីការទាញយកជាប្រយោជន៍ក្នុងវិស័យកសិកម្មដ៏យូរយារតរៀងមក និងជាផ្លូវទូកនេសាទចេញចូលទៅសមុទ្រ ពេលនេះនៅអមសងខាងព្រែកកំពង់បាយគឺពោរពេញដោយសំណង់ផ្សេងៗសម្រាប់បម្រើឱ្យការកម្សាន្ត ដូចជា រីស៊ត បឹងហ្កាឡូជាដើម។

លោកប្រធានមន្ទីរបានបន្តថា៖ជាមួយនឹងការច្នៃប្រឌិតទាំងនោះ តាមរយៈការចុះសិក្សារបស់មន្ត្រីជំនាញឃើញថាមានផលប៉ះពាល់មួយចំនួនដែលម្ចាស់ដី ឬអ្នកវិនិយោគធ្វេសប្រហែស ដូចជា ការគ្រប់គ្រងកាកសំណល់ជាដើម។ អ្នកខ្លះបង្ហូរទឹកកខ្វក់ចូលក្នុងព្រែកដែលជារូបភាពមួយនៃការបំផ្លាញបរិស្ថាន និងធ្វើឱ្យបាត់បង់ភាពអនាម័យហើយនាំឱ្យខូច សោភ័ណភាពដ៏ស្រស់ស្អាតទៅថ្ងៃក្រោយ។

លោក ស៊ុយ ធា បានអំពាវនាវថា ក្នុងនាមមន្ទីរជំនាញ លោកសូម សំណូមពរចំពោះអ្នកពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យ លម្អបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារនៃមណ្ឌលកម្សាន្តព្រោះជាឆ្នាំងបាយសម្រាប់ទាំងអស់គ្នា។ ពិសេសសូមចូលរួមកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលទឹក ខ្យល់ ក៏ដូចជាបរិយាកាសផ្សេងៗ។ លើសពីនេះទៀត រាល់ការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់អនុញ្ញាត និងមានការចូលរួមពីបណ្តាអង្គភាពជំនាញពាក់ព័ន្ធនានាដើម្បីបញ្ចៀសពីការ កើតឡើងនូវផលលំបាកទៅថ្ងៃមុខ៕ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *