ទំព័រដើម / នយោបាយ / ព្រឹកស្អែកគណបក្សហ្វ៊ុនស៊ិនប៉ិចសន្និសីទជុំវិញករណីគ្រោះថ្នាក់សម្តេចក្រុមព្រះមរណភាពអ្នកម្នាង

ព្រឹកស្អែកគណបក្សហ្វ៊ុនស៊ិនប៉ិចសន្និសីទជុំវិញករណីគ្រោះថ្នាក់សម្តេចក្រុមព្រះមរណភាពអ្នកម្នាង

ភ្នំពេញ៖លោកញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានបញ្ជាក់ថាលោកនឹងរៀបចំសន្និសីទសារព័ត៌មានវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ខែមិថុនា២០១៨នៅក្នុងបរិវេណវត្តបទុមវតីកន្លែងដែលតម្កល់សពអ្នកម្នាងមុនពេល​បូជាសព។តែទោះបីជាលោកមិនបានបញ្ជាក់គោលបំណងនៃសន្និសីទសារព័ត៌មាននេះក៍ដោយ គេបានដឹងជាមុន​ថាគណបក្សចង់ឆ្លើយតបនឹងការបញ្ជាក់របស់នគរបាលជាតិដែលអះអាង​ថា”​ករណីគ្រោះថ្នាក់ចរាចរណ៍សម្តេចព្រះនិងអ្នកម្នាងជារឿងគ្រោះសុទ្ធសាទ”។

កាលពីថ្ងៃទី២១ខែមិថុនា លោកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ានបានលើកឡើងថាបន្ទាប់ពីការស្រាវជ្រាវលទ្ធផលបឋមបានបង្ហាញថាករណីសម្តេចក្រុមព្រះនិងអ្នកម្នាងអ៊ុកផល្លា រណឫទ្ធិកាលពីព្រឹកថ្ងៃទី១៧ខែមិថុនា ២០១៨នោះជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាទគ្មានរឿងអ្វីក្រៅពីនេះទេ។លោកថា”សូមបដិសេធរាល់ព័ត៌​មានទាំងឡាយណាក្រៅពីលទ្ធផលស្រាវជ្រាវរបស់នគរបាលទេ”។

កាលពីពេលថ្មីៗនេះមន្រ្តីគណបក្សហ្វ៊ុនស៊ិនប៉ិចបានស្នើហើយស្នើទៀតដល់អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍សម្តេចក្រុមព្រះនិងអ្នកម្នាងនៅខេត្តព្រះសីហនុឡើងវិញដោយផ្អែកលើភស្តុតាងនិងគ្រប់ជ្រុងជ្រោយត្រឹមត្រូវបំផុត។លោកយូ ហុកគ្រី អនុប្រធានគណបក្សនិងលោកញ៉េបប៊ុនជិនអ្នកនាំពាក្យបក្សបានលើកឡើងដូចគ្នានៅថ្ងៃបុណ្យសពអ្នកម្នាង។តែគេមិនដឹងច្បាស់ទេថាស្អែកនេះលោកអ្នកនាំពាក្យញ៉េប ប៊ុនជិននឹងលើកឡើងពីអ្វីពិតប្រាកដនៅឡើយទេ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *