ទំព័រដើម / ទេសចរណ៏ / ក្រសួង​ទេសចរណ៍ មាន​បំណង​​អភិវឌ្ឍន៍​​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ​ អតីត​មូល​ដ្ឋាន​​ខ្មែរ​ក្រហម​​ចុង​ក្រោយ នៅ​ស្រុក​អន្លង់​វែង​ឱ្យក្លាយ​ជាកន្លែង​ទាក់ទាញភ្ញៀវទេសចរណ៍​សំខាន់ ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ទៀត

ក្រសួង​ទេសចរណ៍ មាន​បំណង​​អភិវឌ្ឍន៍​​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ​ អតីត​មូល​ដ្ឋាន​​ខ្មែរ​ក្រហម​​ចុង​ក្រោយ នៅ​ស្រុក​អន្លង់​វែង​ឱ្យក្លាយ​ជាកន្លែង​ទាក់ទាញភ្ញៀវទេសចរណ៍​សំខាន់ ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ទៀត


​មន្ត្រីមន្ទីរទេសចរណ៍​ខេត្តឧត្តរមានជ័យ ​ឱ្យដឹងថា​គេបាន​រៀបចំតាំងពិពរណ៍រូបថតចំនួន​១០០​សន្លឹក​ ព្រមទាំង​ឈូស​ឆាយ​​ធ្វើផ្លូវថែមទៀត នៅតំបន់ផ្ទះតាម៉ុក អតីត​មេទ័ព​​ខ្មែរក្រហម ព្រម​ទាំង​រៀ​ប​ចំ​ធ្វើ​​មណ្ឌល​​ពត៌​​មាន​តូចមួយ​នៅ​កន្លែងផ្នូរសព ប៉ុល ពត អតីត​មេដឹកនាំ​ខ្មែរ​​ក្រហម​​និងនៅ​តំបន់​ប៉ោ​យ​​តារួន លើ​ខ្នងភ្នំដងរែក ​ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅកំសាន្ត​បានកាន់តែច្រើន​ថែម​ទៀត។​​
​ប្រធាន​មន្ទីរទេសចរណ៍​​ខេត្ត​ឧត្តរ​មាន​ជ័យ ​អ្នក​ស្រី ​ធិន នី​​មុន្នី​​រស្មី ​មាន​​ប្រសាសន៍​​នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ទី​២៦​​ខែ​​មិថុ​នា​ថា៖​នៅ​ក្នុង​ឆមាស​ទី១​​ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវទេសចរណ៍​ជាតិ​​និង​អន្តរជាតិ​​ដែ​ល​​ទៅ​ទស្សនា​​តំបន់​ប្រវត្តិ​សាស្ត្រ​​អតីត​​មូលដ្ឋាន​​ខ្មែរក្រហម នៃស្រុក​អន្លង់វែង​ គឺ​មានការ​កើនឡើង​ប្រ​មាណ៥% ​បើប្រៀប​ធៀប​ទៅ​និង​រយៈពេល​​ដូច​គ្នា​​​កាល​ពី​ឆ្នាំ​២០១៧​កន្លងទៅ​។​​
​ប្រធាន​មន្ទីរទេសចរណ៍​ដដែល​​ឱ្យ​ដឹង​ថា​​មាន​ប្រជាពល​រដ្ឋ​​និង​​អ្នកសិក្សាស្រាវជ្រាវ​​អំពីតំបន់​ប្រវត្តិ​សាស្ត្រ​​អតីត​​មូលដ្ឋាន​ខ្មែរ​ក្រហម​ ​បាន​​មកទស្សនា​ប្រហែល​​ពី​​៨០០ទៅ​១០០០នាក់​ក្នុង​១ខែៗ។
​ដោយសារមានការចាប់អារម្មណ៍​ពីប្រជាពលរដ្ឋ​និង​អ្នកស្រាវជ្រាវ​បរទេស ទៅលើ​តំបន់ទេស​ចរណ៍ប្រវត្តិ​សាស្រ្ត​អតីត​មូលដ្ឋាន​ខ្មែរ​ក្រហម​ ក្នុងស្រុក​អន្លង់វែងនោះ ​គឺ​មន្ទីរទេសចរណ៍​បាន​សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវឯកសារកម្ពុជារៀបចំ​កន្លែងមួយចំនួន​ឱ្យកាន់តែទាក់ទាញឡើង។​
អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០​១០ បាន​រក្សា​ទុក​អតីត​មូលដ្ឋាន​យោធា​សំខាន់ៗ​របស់​ខ្មែរ​ក្រហម​អន្លង់វែង​នៅ​ក្នុង​ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង​ ឱ្យ​​ក្លា​យ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​អនាគត បំណង​ទុក​ឱ្យ​មជ្ឈមណ្ឌល​នយោបាយ​ចុង​ក្រោយ​បង្អស់​របស់​អតីត​​អង្គការ​​ចាត់​តាំង​នយោបាយ និង​យោធា​នៃ​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) បាន​គង់វង្ស ជា​ប្រយោជន៍​ទុក​ឱ្យ​សាធារណជន​ជាតិ និង​អន្តរ​ជាតិ យល់​ដឹង និង​ចងចាំ​អំពី​នយោបាយ​របស់​មេ​ដឹកនាំ​នៃ​របប​ប្រល័យ​ពូជសាសន៍។ ការពារ​បរិស្ថា​ន​​​ធម្មជាតិ​​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​អភិរក្ស អភិវឌ្ឍ​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ។​
​តំបន់​ដែល​រដ្ឋាភិបាល​រក្សា​ទុក ១៤​កន្លែង​នោះ មាន​កន្លែង​ដុត​សព ប៉ុល ពត ទំហំ​ផ្ទៃដី​ជាង ១​ហិកតារ កន្លែង​កាត់​ទោស ប៉ុល ពត ទំហំ​ផ្ទៃដី ៤៤៩​ម៉ែត្រ​ក្រឡា កន្លែង​​ផ្ទះ​​តា ម៉ុក លើ​​ខ្នង​​ភ្នំ​ដងរែក ផ្ទៃដី​ទំហំ​ជាង ៣​ហិកតារ ​កន្លែង​ច្នៃ​គ្រាប់​​កាំភ្លើង​លើ​​ភ្នំ​២០០ ទំហំ​ផ្ទៃដី​ជាង ១​ហិកតារ រោង​យាម ២​កន្លែង​របស់​ផ្ទះ ប៉ុល ពត ខៀវ សំផន និង​ជំរំ​​អ្នក​នយោ​បាយ​​នៃ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​នៅ​ក្បាល​ទន្សោ​ង​ទំហំ​ផ្ទៃ​ដី​​ជាង ១១៧​​ហិកតារ ព្រម​​ទាំង​​ផ្ទះ​តា ម៉ុក នៅ​​តំបន់​​អូរជីក ទំហំ​ជាង ១​ហិកតារ ជា​ដើម។​​
​រដ្ឋមន្ត្រី​ក្រសួ​ងទេសចរណ៍ ឯកឧត្តម​ថោង ខុន ​មានប្រសាសន៍​កាលពីសប្ដាហ៍មុនថា៖​ក្រសួង​ទេសចរណ៍​ បាន​សហការជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវឯកសារកម្ពុជា ព្រមទាំងអាជ្ញាធរខេត្ត​ឧត្ត​រ​មានជ័យ ​ធ្វើការរៀបចំ​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ​អតីត​មូលដ្ឋាន​យោធា​ខ្មែរ​ក្រហមអន្លង់វែង​នោះ ​បាន​ច្រើនផ្នែក​ហើយ​ដូចជាបណ្ដុះ​បណ្ដាល​មគ្គុទ្ទេសក៍ទេស​ចរណ៍ ​បណ្ដុះ​បណ្ដាល​ផ្នែកបំរើសេវាកម្ម​ទេសចរណ៍ ​ឱ្យបាន​សមរម្យ ​ពីព្រោះ​កន្លែងនោះ​មិនអាចបាត់បាន​ឡើយ។​
ក្រសួងទេសចរណ៍​ចង់ធ្វើការអភិវឌ្ឍន៍​ និង​រៀបចំ​តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ​មួយ​នេះ ឱ្យ​បាន​ល្អ ​ដោយមាន​គំរោងនឹង​ធ្វើ​សារមន្ទីរ​ផង ក្រោម​ទស្សនៈវិស័យ​ថា​​ក្នុងរយៈពេ​ល​៥ឆ្នាំ​ទៅ​មុខ​ទៀត​នឹងធ្វើ​ឱ្យ​តំបន់នេះ ក្លាយទៅជា​កន្លែងទាក់ទាញ​ភ្ញៀវទេសចរណ៍ ឱ្យបាន​ច្រើន​​ថែម​ទៀត​៕ដោយ៖ហង្ស សាវយុត​

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *