ទំព័រដើម / ព័ត៌មានជាតិ / ជំងឺគ្រុនចាញ់កើនឡើងនៅដើមឆ្នាំនេះប៉ុន្តែ…

ជំងឺគ្រុនចាញ់កើនឡើងនៅដើមឆ្នាំនេះប៉ុន្តែ…

ខេត្តកំពង់ចាម: មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប្រកាសថា រយ:ពេល ប្រាំ ខែដើមឆ្នាំ២០១៨នេះជំងឺគ្រុនចាញ់ដែលស្ថិតក្នុងចំណោមជំងឺព្យាបាលមិនបាច់បង់ប្រាក់នោះ បានកើតឡើងនៅតាមបណ្តាស្រុកចំនួន បួន គឺបានកើនចំនួនជនរងគ្រោះ លើសកាលពីឆ្នាំ២០១៧ចំនួន ២៣០ នាក់។ ដោយសារកត្តាអាធាតុភ្លៀងច្រើន និងប្រជាពលរដ្ឋចំណាកស្រុកទៅតំបន់មានផ្ទុកជំងឺឆ្លងពីសត្វមួសដែលគោលញីមួយនេះ។

លោក នាដ ភូមិន្ទ ជាប្រធានកម្មវិធីជំងឺគ្រុនចាញ់ខេត្តកំពង់ចាមបានធ្វើបទបង្ហាញដល់ដល់អាជ្ញាធរស្រុកក្រុងទាំង ១០ និងមន្រ្តីពាក់ព័ន្ធ ដែលជាក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងមន្ទីរសុខាភិបាលខេត្តនេះនាព្រឹកថ្ងៃទី ២៦ មិថុនាថា ស្រុកចំនួន បួន ស្ថិតក្នុងតំបន់បានកើតជំងឺគ្រុនចាញ់មាន: ស្រុកស្ទឹងត្រង់ ,ស្រុកចម្ការលើ ,ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម មានតែជនរងគ្រោះផ្ទុកជំងឺនេះ គឺរស់នៅជាប់ភូមិសាស្រ្តស្រុកពីរទៀតនោះ។

លោកប្រធាន បានធ្វើបទបង្ហាញឲ្យដឹងទៀតថា ក្នុងនោះមានភូមិចំនួន ១៩៨ ស្ថិតក្នុងតំបន់ជំងឺតំបន់ជំងឺគ្រុនចាញ់។ ប៉ុន្តែយើងមានមន្ទីរពេទ្យខេត្តជារបស់រដ្ឋចំនួន មួយ កន្លែង, មន្ទីរពេទ្យបង្អែកចំនួន ប្រាំមួយ កន្លែង ,មណ្ឌលសុខភាពចំនួន ៨៨ កន្លែង និងមានក្រុមអ្នកស្ម័គ្រចិត្តជួយព្យាបាលនៅតាមបណ្តាភូមិជាគោលដៅចំនួន ៣៥ នៅជាប់នឹងតំបន់មានជំងឺគ្រុនចាញ់ទាំងនោះ។

លោក ភូមិន្ទ បានឳ្យដឹងបន្ថែមថា យើងបានផ្តល់សេវាសង្រ្គោះពិនិត្យ និងព្យាបាលជំងឺគ្រុនចាញ់ដោយមិនបង់ប្រាក់ជូនដល់ប្រជាពលរដ្ឋជាអ្នកជំងឺ មកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្តសរុបចំនួន ៣៨៥ នាក់ គឺច្រើនជាងកាលពីឆ្នាំ២០១៧ចំនួន ២៣០ នាក់ បើប្រៀបធៀបរយ:ពេលប្រាំខែដើមឆ្នាំដូចគ្នា។ ជាមួយនោះមានលក្ខណ:ធ្ងន់ធ្ងរចំនួន៣២ នាក់ តែគ្មានអ្នកស្លាប់បាត់បង់ជីវិតទេ តាំងពីឆ្នាំ២០១៥មក។

លោក នាដ ភូមិន្ទ បានបន្តថា បញ្ហាប្រឈមដែលបង្កឲ្យមានការកើនឡើងជំងឺគ្រុនចាញ់ក្នុង ប្រាំ ខែដើមឆ្នាំ២០១៨នេះ គឺកត្តាអាកាសធាតុភ្លៀងធ្លាក់ជោកជាំបានអំណោយផលដល់ការបង្កកំណើតពងកូនដល់ពពួកមូសដែកគោល ដែលជាភ្នាក់ងារចម្លងដ៏សកម្មនៃជំងឺគ្រុនចាញ់។ ម៉្យាងវិញទៀតបងប្អូនចំណាកស្រុកទៅប្រកបការងារនៅតាមតំបន់ដែលផ្ទុកជំងឺគ្រុនចាញ់ តាមខេត្តជាពិសេសគឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ជាដើម។

លោក គឹមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា សូមឲ្យមន្រ្តីពាក់ ព័ន្ធ និងអាជ្ញាធរដែលមានវត្តមាននាឳកាសនេះសូមជួយផ្សព្វផ្សាយព័ត៌មានជំងឺគ្រុនចាញ់នេះ គឺយើងបានផ្តល់នូវសេវាព្យាបាលមិនបាច់បង់ប្រាក់ជូន ដល់ប្រជាពលរដ្ឋជាអ្នកជំងឺគ្រប់រូប នៅតាមបណ្តាលមន្ទីរពេទ្យរដ្ឋទាំងប្រាំពីរ កន្លែង និងមណ្ឌលសុខភាពទាំង ៨៨ កន្លែងក្នុងខេត្ត។ ផ្ទុយមកវិញបើ មានមន្ត្រីណាឆ្លៀតយកផលប្រយោជន៍ពីសេវានេះ សូមជួយផ្តល់ព័ត៌មានជាបន្ទាន់ដើម្បីចាត់វិធានការលើបុគ្គលរូបនោះ។អត្ថបទ ៖ភោគ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *