ទំព័រដើម / បរិស្ថាន / ថៃគ្រោងជួយសាលាក្រុងសង់ចំណតឡានក្រោមដីខាងលិចក្បែរវត្តភ្នំ

ថៃគ្រោងជួយសាលាក្រុងសង់ចំណតឡានក្រោមដីខាងលិចក្បែរវត្តភ្នំ

ភ្នំពេញ៖សាលារាជធានីភ្នំពេញ គ្រោងសាងសង់ចំណតរថយន្តក្រោមដីនៅសួនច្បារមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូន​ពេញ ដើម្បីជៀសវាងការចតគ្មានសណ្តាប់ធ្នាប់ នៅលើដងផ្លូវនានា។ក្នុងជំនួបពិភាក្សាការងារ រវាង អភិបាលរាជធានីភ្នំពេញ ជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញថ្លែងថា“នៅរាជធានីភ្នំពេញរៀបចំ​សង់ចំណតក្រោមដីមួយនៅខាងក្រោមសួនច្បារមិត្តភាពកម្ពុជា.ថៃដែលស្ថិតនៅខាង​លិចវត្តភ្នំ។គម្រោងនេះ បានឯកភាពពីរាជរដ្ឋាភិបាលយកទីតាំងសួនច្បារនេះ ត្រូវសាងសង់ចំណត់រថយន្ត នៅផ្នែកខាងកើតដែលទាមទារឱ្យមានការរុះ​រើ​សួនច្បារនេះចេញ ។

លោកអភិបាលរាជធានីបានបញ្ជាក់ថាក្រោយការស្ថាបនាចំណតរថយន្តក្រោមដីនឹងស្ថាបនាសួនឡើងវិញដោយរក្សាទ្រង់ទ្រាយដើមហើយមានក្រុមអ្នកបច្ចេក​ទេស មកពីប្រទេសថៃ មកមើលផងដែរ។ការរុះរើសួនច្បារដើម្បីសាងសង់ចំណតរថយន្តក្រោមដីនេះ វាមិនប៉ះពាល់ ដល់ដើមឈើប្រភេទធំៗដែលប្រមុខរដ្ឋាភិបាល​ទាំងពីរបានដាំនោះទេ ដោយហេតុថា ដើមឈើទាំងនោះ ស្ថិតនៅលើសួនច្បារប៉ែកខាងលិចប៉ុណ្ណោះ។

លោក ឃួង ស្រេង លើកឡើងពីការរីកចម្រើន របស់រាជធានីភ្នំពេញ ដែលចេញពីបាតដៃទទេ នៃរបបប្រល័យពូជសាសន៍ ដែលពេលនេះមានសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាស ជាច្រើន ខណៈដែលកំណើនប្រជាពលរដ្ឋ មានការ​កើន​ឡើងជាលំដាប់ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ពិសេសលើវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងការរីកចម្រើនដូច្នេះបានជារាជធានីភ្នំពេញមានបញ្ហាប្រឈមមួយចំនួនដូច​ជា បញ្ហាកកស្ទះចរាចរ បញ្ហាសំរាមនិងបញ្ហាគ្រឿងញៀនដែលទាមទារឱ្យមានការ​យកចិត្តទុកដាក់គិតគូរ និងដោះស្រាយជាបន្តបន្ទាប់។

លោកប៉ានីយ៉ារ៉ាក់ពូលធុបបានលើកឡើងថា ឆ្លើយ​តបនឹងតម្រូវការជាក់ស្តែង របស់​រាជធានីភ្នំពេញ ដែលមានកង្វះចំណតរថយន្ត នៅចំពោះមុខនោះ ភាគីថៃ មិនមានអ្វីទំទាស់នោះឡើយ គ្រាន់តែស្នើឱ្យអ្នកជំនាញការ រួមគ្នាសិក្សាឱ្យបានល្អិនល្អន់ ដើម្បីរក្សាឱ្យបាននូវទ្រង់ទ្រាយដើម របស់សួនមិត្តភាព កម្ពុជា-ថៃនេះ។ ឯកឧត្តម ឯកអគ្គរាជទូត បានស្នើឱ្យប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ នៅទី​ក្រុងបាងកក នៅពេលខាងមុខនេះ។គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ និងទីក្រុងបាងកក បានចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា តាំងពីឆ្នាំ២០១៣មកម៉្លេះ ហើយភាគីទាំងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើរថែម ទៀត៕ដោយ៖វេង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *