ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋាភិបាលគ្រោងចំណាយ២២លានដុល្លារដើម្បីសាងសង់ស្ពានអាកាសចោមចៅដោយប្រើរយៈពេល២ឆ្នាំកន្លះ

រដ្ឋាភិបាលគ្រោងចំណាយ២២លានដុល្លារដើម្បីសាងសង់ស្ពានអាកាសចោមចៅដោយប្រើរយៈពេល២ឆ្នាំកន្លះ

 

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសង់ស្ពានអាកាសចោមចៅជាស្ពានអាកាសធំជាងគេបើធៀបទៅនឹងស្ពានអាកាសដទៃៗទៀតក្នុងរាជធានីភ្នំពេញ ហើយស្ពានគ្រោងចំណាយថវិកាប្រមាណ​២២លានដុល្លារអាមេរិក ដែលនឹងស្ថាបនាអោយរួចរាល់ ក្នុង រយៈពេល៣០ខែ គឺបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០។

ក្នុងពិធីក្រុងពាលីសាង់សង់ស្ពានអាកាសចោមចៅ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នៅរង្វង់ មូលចោមចៅ ខណ្ឌពោធិសែនជ័យ។លោក ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា “គម្រោងសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅទីតាំងរង្វង់មូលចោមចៅគឺស្ថាបនាដោយក្រុមហ៊ុន​ម៉ៅការសាងសង់ ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពង់ ឃៀវសែ ដែលគម្រោងចំណាយថវិកាប្រមាណ២២លានដុល្លាអាមេរិក”។ចៅហ្វាយក្រុងឃួង ស្រេងបានបញ្ជាក់ថា ចំពោះរយៈពេលស្ថាបនាអោយបានរួច​រាល់នៅចុងខែធ្នូ ឆ្នាំ២០២០។នៅថ្ងៃទី២៩ខែមិថុនា ស្អែកនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាអធិបតីនៃការសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសចោមចៅនេះ។

ចំពោះលក្ខណៈនៃការស្ថាបនាស្ពាននេះលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈនិង ដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា “គឺមានបីស្ពាន និងផ្លូវក្រោមដី១។ ស្ពាន​ទី១ ៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិ​លេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ នឹងពីរគន្លងមក ជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហ​ព័ន្ធរុស្ស៊ីឆ្ពោះទៅ ផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្តមានប្រវែងសរុប២០២ម៉ែត្រនិងមានទទឹង​៥,២៥​​ម៉ែត្រ។ស្ពានទី៣៖ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិ​លេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រមានទទឹង៥,២៥ម៉ែត្រសម្រាប់ចរាចរ​​មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

លោក សាំ ពិសិដ្ឋអោយដឹងដែរថា ចំពោះផ្លូវក្រោមដី៖ ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រមានទទឹង​៨,៥​ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន ពីរគន្លង រថយន្ត និងមួយគន្លងទោចក្រ​យានយន្ត។ ផ្លូវលើផ្ទៃដី៖ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវ វេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រមានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ដោយឡែកផ្លូវក្រោមដីមួយទៀត ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ស្ពាននេះនឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕ដោយ៖វេង សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *