ទំព័រដើម / ព័ត៌មានជាតិ / មន្រ្តីកាំកុងត្រូលរកឃើញសារធាតុគីមីហាមឃាត់ នៅលើផ្លែប៉េងប៉ោះ 

មន្រ្តីកាំកុងត្រូលរកឃើញសារធាតុគីមីហាមឃាត់ នៅលើផ្លែប៉េងប៉ោះ 

 

ព្រៃវែង ៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩មិថុនា ព្រឹកម៉ិញនេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ នៅលើបន្លែនិងផ្លែឈើជាង២០មុខ នៅក្នុងផ្សារក្រុងព្រៃវែង។ សកម្មភាពចុះត្រួតពិនិត្យលើចំណីអាហារប្រភេទផ្លែឈើ និងបន្លែទាំងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារសុខមាលភាពជូនប្រជាពលរដ្ឋ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ ហើយការចុះពិនិត្យនេះ ក៏ទទួលបានការគាំទ្រពីសំណាក់បងប្អូនក្រុមអាជីវករ និងប្រជាពលរដ្ឋក្នុងក្រុងព្រៃវែងយ៉ាងខ្លាំងផងដែរ។

មន្រ្តីជំនាញកាំកុងត្រូលបានអោយដឹងថា ក្នុងពេលចុះពិនិត្យនេះ មន្ត្រីជំនាញបានប្រមូលយកសំណាកគំរូប្រភេទបន្លែផ្លែឈើចំនួនជាង២០មុខ ទៅធ្វើការពិសោធន៌នៅក្នុងរថយន្តមន្ទីរពិសោធន៌ចល័ត របស់នាយកដ្ឋានកាំកុងត្រូល ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ហើយជាលទ្ធផលបានរកឃើញសារធាតុសំណល់នៃថ្នាំពុលកសិកម្ម ( ថ្នាំសម្លាប់សត្វល្អិត ) នៅលើផ្លែប៉េងប៉ោះ ដែលក្រុមអាជីវករបានដាក់លក់នៅក្នុងផ្សារព្រៃវែង ហើយមន្ត្រីជំនាញកាំកុងត្រូល ក៏បានធ្វើការដកហូតយកផ្លែប៉េងប៉ោះទាំងនោះទៅបំផ្លាញចោល ដោយមិនអនុញ្ញាតិអោយដាក់លក់តទៅទៀតនោះទេ។

ចំពោះករណីផ្លែប៉េងប៉ោះនេះ មន្ត្រីជំនាញកាំកុងត្រូលបានបញ្ជាក់ថា និងចុះធ្វើការស្រាវជ្រាវស្វែងរកប្រភពដើមអោយបានច្បាស់លាស់ បើសិនជានាំចូលពីប្រទេសជិតខាង មន្ត្រីជំនាញនិងធ្វើការហាមឃាត់លែងអោយមានការនាំចូលតែម្តង ប៉ុន្តែបើជាកសិផលនៅក្នុងស្រុក មន្ត្រីជំនាញនិងទាក់ទងទៅមន្ទីរកសិកម្ម ដើម្បីមានវិធានការណែនាំដល់កសិករ កុំអោយយកបន្លែដែលនៅសេសសល់សំណល់ថ្នាំពុលកសិកម្ម យកមកលក់នៅលើទីផ្សារបែបនេះទៀត៕ អត្ថបទ ៖ សុំ ពៅពិសិដ្ឋ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *