ទំព័រដើម / ព័ត៌មានជាតិ / អភិបាលខេត្ត៖ម្ចាស់ដីក្នុងក្រុងកំពតនិងស្រុកទឹកឈូអាចខកចិត្តបើប្រញាប់ប្រញាល់លក់ដូរ

អភិបាលខេត្ត៖ម្ចាស់ដីក្នុងក្រុងកំពតនិងស្រុកទឹកឈូអាចខកចិត្តបើប្រញាប់ប្រញាល់លក់ដូរ

ខេត្តកំពតៈ ប្រសិនបើប្រញាប់ប្រញាល់លក់ដីធ្លីដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រនៃក្រុងកំពត និងស្រុកទឹកឈូនាពេលនេះ ម្ចាស់នឹងអាចខកចិត្តនៅពេលខាងមុខ ខណៈដែលការអភិវឌ្ឍកំពុងមានសកម្មភាព យ៉ាងរស់រវើកជាបន្តបន្ទាប់ដូចបច្ចុប្បន្ន។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូមកពីសាលានានាទូទាំងស្រុកទឹកឈូ និងបុគ្គលិកសិក្សានៃសាលាគរុកោសល និងវិក្រឹតការខេត្ត កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ៖លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលមានដីធ្លីស្ថិត នៅទីតាំងនៃភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូគួររក្សាទុកឱ្យបានយូរបន្តិច។ ប្រសិនបើប្រញាប់ប្រញាល់ លក់ដូរនាពេលនេះ ម្ចាស់នឹងអាចខកចិត្តមិនខាន ខណៈដែលការអភិវឌ្ឍកំពុងមានសកម្មភាពយ៉ាងរស់រវើក ជាបន្តបន្ទាប់ដូចបច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខេត្តកំពតនឹងមានការផ្លាស់ប្តូរមុខមាត់តាមរយៈ ការអភិវឌ្ឍក្រុង បង្កើន ភាពទាក់ទាញដែលធ្វើឱ្យខេត្តនេះកាន់តែលេចធ្លោឡើង។ បច្ចុប្បន្នតម្លៃដីនៅតំបន់ក្នុងក្រុង និងជាយក្រុងបានកើនឡើងឥឈប់ឈរ ស្របពេលដែលអ្នកវិនិយោគសម្រុកចូលមកជាបន្តបន្ទាប់។ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើផងដែរថា ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលមានដីធ្លីក្នុងស្រុកទឹកឈូក៏ដូចគ្នាដែរ សូមកុំអាលប្រញាប់ប្រញាល់លក់ដើម្បីជៀសវាងការស្តាយក្រោយ។

នៅពេលដ៏ខ្លីខាងមុខ យ៉ាងហោចក៏មានឃុំចំនួនប្រាំរបស់ស្រុកទឹកឈូនឹងត្រូវកាត់បញ្ចូលមកក្រុងកំពត។ គ្រានោះដីស្រែបងប្អូននឹងក្លាយជាដីក្រុងដែលកាន់តែកើនតម្លៃថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបង្ហើបឱ្យដឹងទៀតថា តទៅរដ្ឋបាលខេត្តកំពតនឹងបង្កើតឆ្នេរខ្សាច់កម្សាន្ដដ៏ធំ ហើយស្រស់ស្អាតដែលអាចទាក់ទាញភ្ញៀវមកសម្រាកកម្សាន្តរាប់ម៉ឹននាក់។ ពេលនោះដីក្នុងក្រុងកំពត និងស្រុកទឹកឈូពិតជាកើនតម្លៃដែលគ្រប់គ្នាមិនទាន់អាចទស្សន៍ទាយមុនបាន។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ លោក កែវ សុជាតិ នាយកប្រតិបត្តិក្រុមហ៊ុនប្ល៊ូស្តាររៀលធី អែនឌីវើឡុបមេន(Blue Star Realty & Development Co.,Ltd )បានមានប្រសាសន៍ថា៖ស្របពេលដែលការប្រមើលមើលឃើញថាខេត្តកំពតនឹងក្លាយជាគោលដៅទេសចរណ៍ ក៏ដូចជាតបន់ពាណិជ្ជកម្មដ៏សំខាន់នោះបានធ្វើឱ្យតម្លៃអចលទ្រព្យមានសន្ទុះកើនឡើងជាបន្តបន្ទាប់។

សេវាកម្មអចលនទ្រព្យនៅខេត្តកំពតនារយៈពេលចុងក្រោយនេះមានភាពល្អប្រសើរ និងរីកចម្រើនទៅមុខក្នុងល្បឿនលឿនហួសពីការរំពឹង។

បច្ចុប្បន្ន សំណង់អគារថ្មីៗក្នុងខេត្តកំពតបាន និងកំពុងកើនឡើងជាបន្តបន្ទាប់ធ្វើឱ្យគ្រឿងសំណង់ឡើងថ្លៃរាល់ថ្ងៃ។ លោក កែវ សុជាតិ បានប្រាប់ឱ្យដឹងថា ដីដែលមានតម្លៃខ្ពស់គឺប្រភេទដីនៅជាប់ក្រុង និងជាប់ដងព្រែក ពីព្រោះអតិថិជនភាគច្រើនមកវិនិយោគក្នុងគោលដៅប្រែក្លាយជាមណ្ឌលពាណិជ្ជកម្មផង និងទេសចរណ៍ផង។

គម្រោងរបស់ពួកគាត់ រួមមាន ខុនដូ សណ្ឋាគារ រីស៊ត បឹងហ្គាឡូ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។ សក្តានុពលទាំងនេះធ្វើឱ្យខេត្តកំពតអាចទទួលភ្ញៀវមកស្នាក់អាស្រ័យកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ លោកនាយកបានបញ្ជាក់ថា៖ សម្រាប់ដីនៅក្នុងក្រុងតម្លៃទាបបំផុតគឺជាង១០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ ឯតម្លៃខ្ពស់បំផុតក្រោមមួយពាន់ដុល្លារក្នុងមួយម៉ែត្រក្រឡា។ តម្លៃនេះកើនឡើងទ្វេដងបើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ)។

លោកសុជាតិបញ្ជាក់ថា៖ ដីដែលមាន តម្លៃខ្ពស់គឺតំបន់ជាប់មាត់ព្រែក និងម្តុំផ្ទះល្វែងដែលបានបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង។ លោកសង្ឃឹមថាតម្លៃនេះនៅតែបន្តឡើងប្រសិនបើកំណើនភ្ញៀវទេសចរនៅបន្តសម្រាប់ឆ្នាំក្រោយៗទៀត។ អតិថិជនភាគច្រើនដែលមកពីខេត្តព្រះសីហនុ បន្ទាប់ពីពួកគាត់លក់ដីនៅទីនោះបានប្រាក់ច្រើនក៏មកទិញនៅខេត្តកំពតក្នុងតម្លៃសមរម្យដើម្បីដំណើរការអាជីកម្មលើអចលនទ្រទ្យរបស់ខ្លួនបន្តទៀត។

លោក កែវ សុជាតិ បានសម្តែងក្តីជឿជាក់ថា៖ តាមការរំពឹងទុករបស់ខ្ញុំ ខ្ញុំគិតថាវានឹងឡើង ថ្លៃដោយសារអ្នកវិនិយោគក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ ព្រមទាំងបានប្រមើលមើលពីលទ្ធភាពក្នុងការមកបណ្តាក់ទុន។ សូម្បីបច្ចុប្បន្ន ខ្ញុំពិបាក រកអចនទ្រព្យលក់ជូនតាមបំណងរបស់ភ្ញៀវដោយសារតម្រូវការច្រើន ហើយកន្លែងខ្លះឡើងថ្លៃយ៉ាងគំហុក)៕

Leave a Reply

Your email address will not be published. Required fields are marked *