ទំព័រដើម / ព័ត៌មានជាតិ / ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចី១៩០លានដុល្លារដល់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចី១៩០លានដុល្លារដល់កម្ពុជា

ភ្នំពញ៖ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដល់ប្រាក់កម្ចី១៩០លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងកែលម្អផ្លូវជនបទជំហានទី ៣និងគម្រោង​ខ្សែច្រវ៉ាក់ផលិតកម្មប្រកប​ដោយ​ភាតរៈបរិស្ថាន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួល ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​ធ្វើនៅ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង​ ១០:៣០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាង

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ លោក Hideaki Iwasaki នាយក​ស្តីទីស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។ភាគីទាំងពីរ បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានសហប្រតិបត្តិការ​សម្រាប់គម្រោង​ចំនួន ០២ ​ដែលមានទឹកប្រាក់សរុបចំនួន ១៩០ លានដុល្លារអាមេរិក៖​ ១)​ គម្រោង​ខ្សែច្រវ៉ាក់ផលិតកម្មប្រកប​ដោយ​ភាតរៈបរិស្ថាន និង ២)​ គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ ។ ​

១)​ គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកប​ដោយ​ភាតរៈបរិស្ថាន គ្រោងចំណាយថវិកាសរុបចំនួន ១៤១,០៤ លានដុល្លារអាមរិក សម្រាប់​​គាំទ្រ​ដល់​ការ​​បង្កើនប្រាក់ចំណូល​ដល់​ប្រជាជន​តាម​​ជន​បទ​ និង​ជំរុញ​នូវ​ការ​ប្រកួត​​ប្រជែង​នៃ​ច្រវ៉ាក់​ផលិតកម្ម​កសិកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​វិស័យកសិកម្ម ២០១៤ -២០១៨, គោល​នយោបាយ​​របស់​​រាជ​រដ្ឋាភិបាល​ស្តីពី “ការជំរុញផលិតកម្មដំណាំស្រូវ និងការ​នាំ​ចេញអង្ករ” និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សា- ហកម្ម​កម្ពុជា​ ឆ្នាំ២០១៥ – ២០២៥។

​២)​ គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ គ្រោងចំណាយថវិកាសរុបចំនួន ៦៦ លានដុល្លារអាមរិក សម្រាប់ធ្វើការ​កែលម្អ​បន្ថែមផ្លូវជនបទ​​ដោយក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ដែលមានចំនួន ២២ ខ្សែ និងមាន​ប្រវែងសរុប​​ប្រមាណ ៣៥៩,៨០ គ.ម ស្ថិតក្នុងខេត្ត​គោល​ដៅ​ចំនួន ០៥ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ,​ ព្រៃវែង, ស្វាយរៀង និងក្រចេះ។

គម្រោង នេះក៏នឹងចូលរួមចំណែកក្នុងការអនុវត្ត​​គោល​នយោបាយ​​​អភិវឌ្ឍន៍ជនបទ រួមមានការ​ធានា​លើក​កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ជន​បទ​​ឱ្យមាន​គម្លាត​ខិតជិត​ទីប្រជុំជននៅឆ្នាំ​២០២៥។ ​ ​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ ADB​ និង​មូលនិធិ​អាកាសធាតុបៃតង (Green Climate Fund – GCF) ដែល​បាន​ផ្តល់ការជឿ​ទុកចិត្ត និងជឿជាក់លើការដឹកនាំ​របស់​រាជ​-រដ្ឋា​ភិបាល​​កម្ពុជា តាមរយៈ​ការ​អនុម័ត​ផ្តល់​ហិរញ្ញ​ប្ប​ទាន​​សហ​ប្រតិបត្តិ​ការ​សម្រាប់គម្រោង​ខាងលើ​ និង​បាន​វាយតម្លៃ​ខ្ពស់​​ចំពោះ​​តួនាទីដ៏សំខាន់​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាង​​ធំធេង​​ក្នុង​ការ​អភិវឌ្ឍ​នៅកម្ពុជា សំដៅ​កាត់បន្ថយភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌​ដល់គ្រប់​ស្រទាប់​​វណ្ណៈ​នៃប្រជាជន​ តាមរយៈការបន្ត​ធានាសម្រេចឱ្យ​បាននូវ​ចីរភាព​នៃ​កំណើន​​​​​​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​វែង។

ជាមួយគ្នានេះដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ ទេសរដ្ឋមន្ត្រី ក៏បានថ្លែង​អរគុណចំពោះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ចីរភាព (NCSD) ដែលបានផ្តល់​ការគាំទ្រយ៉ាង​ទាន់​​ពេលវេលា​ក្នុងសំណើសុំ​ហិរញ្ញប្ប​ទាន​ សម្រាប់គម្រោងខ្សែច្រវ៉ាក់​ផលិតកម្ម​ប្រកបដោយភាតរៈបរិស្ថាន។ ​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ ទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់​ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ២,៩៥ ប៊ី​លានដុល្លារអាមេរិក​ ដោយគិតបញ្ចូលទាំង​កិច្ចព្រមព្រៀង​ ចំនួន ០៥ ដែលបានចុះហត្ថលេខក្នុងថ្ងៃនេះ ដែលក្នុង​នោះ ឥណទានសម្បទានមានទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ​​​​​ ២,៤៦ ប៊ីលាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី/គម្រោង​ចំនួន​ ១០១ និងហិរញ្ញប្បទាន​ឥត​​សំណង​​មាន​ទឹកប្រាក់​​សរុប​ចំនួនប្រមាណ ៤៨៧ លានដុល្លារអាមេរិក សម្រាប់អនុវត្ត​កម្មវិធី/​គម្រោងចំនួន ៥១។ ទាំងនេះ បង្ហាញ​ពីការ​​​ ប្តេ​ជ្ញាបន្តពង្រឹងភាព​ជាដៃគូដ៏រឹងមាំរបស់ ADB ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *