ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជានិងថៃគ្រោងភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ

កម្ពុជានិងថៃគ្រោងភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ

ភ្នំពញ៖រដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនភាគីថៃនិងកម្ពុជា បានពិភាក្សាគ្នា ប្រកបដោយជោគជ័យលើបញ្ហាបីចំណុចដែលមិនទាន់បានឯកភាពគ្នាពីមុនទាក់ទងនឹង សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ។

ថ្ងៃសុក្រ ០៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី០៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ARKHOM TERMPITTAYAPAISITH រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនថៃ បានដឹកនាំគណ:ប្រតិភូ មកជួបពិភាក្សាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជា និង ថៃ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសទាំងពីរ ដោយផ្អែកលើអត្ថប្រយោជន៍ទៅវិញទៅមក។

ជាលទ្ធផល ភាគីទាំងពីរ បានពិភាក្សាគ្នា ប្រកបដោយជោគជ័យ និងបានឯកភាព លើបញ្ហាបីចំណុចដែលមិនទាន់បានឯកភាពគ្នាពីមុនមក។ឯកឧត្តម រដ្ឋមន្រ្តីថៃ បានជម្រាបជូនផងដែរថា ភាគីថៃនឹងបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនឱ្យបានលឿន ដើម្បីជំរុញឱ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ថែមលើបញ្ហាកិច្ចព្រមព្រៀង ដែលបានពិភាក្សា និង ឯកភាព ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំ ឲ្យភាគីថៃ ជួយផ្តល់ដែករ៉ៃ សម្រាប់ សាងសង់ លើកកម្រិត ផ្លូវដែក ដែលមានប្រវែង ៦០ គម ពី សិរីសោភណ្ឌ ទៅបាត់ដំបង បន្ថែមលើការផ្តល់ជូន ខ្សែរថភ្លើង ១ ខ្សែ មាន៤ ទូ (DMU) ដែលភាគីថៃបានយល់ព្រមនាពេលកន្លងមក។

ឯកឧត្តម រដ្ឋមន្រ្តីដឹកជញ្ជូន ថៃ បានទទួលយកសំណើនេះ ហើយបានស្នើឲ្យ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជូនលិខិតស្នើសុំជាផ្លូវការ ទៅភាគីថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *