ទំព័រដើម / នយោបាយ / ខេត្តរតនគិរីមានគណបក្សនយោបាយចំនួន៤បានចេញឃោសនារកសំឡេងឆ្នោត

ខេត្តរតនគិរីមានគណបក្សនយោបាយចំនួន៤បានចេញឃោសនារកសំឡេងឆ្នោត

ភ្នំពេញ:ខេត្តរតនគិរីដែលជាខេត្តមួយស្ថិតនៅឆ្ងាយដាច់ស្រយាល ពីរាជធានីភ្នំពេញនោះគិតត្រឹមថ្ងៃទី១០កក្កដា២០១៨គឺមានគណបក្សនយោបាយចំនួនតែ៤ប៉ុណ្ណោះបានចេញហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតអាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ។ រីឯគណបក្សនយោបាយមួយចំនួនទៀតគឺនៅមិនទាន់ឃើញចេញហែក្បួនឃោសនានៅឡើយទេ។

លោកប្រធានលេខាធិការដ្ឋាននៃគណ:កម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី១០កក្កដាថា គិតត្រឹមថ្ងៃទី១០កក្កដានេះ គឺមានគណបក្សនយោបាយតែ៤ប៉ុណ្ណោះ បានហែក្បួនឃោសនារកសំឡេងឆ្នោតទៅតាមកម្មវិធីរបស់ខ្លួន។​ ចំណែកបក្សនយោបាយផ្សេងទៀតគឺនៅមិនទាន់ដល់ចេញឃោសនានៅឡើយ។

លោកបន្តថា គណបក្សទាំង៤នោះ មានគណបក្សខ្មែររួបរួមជាតិ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, និងគណបក្សប្រជាជនកម្ពុជា។ ខេត្តរតនគិរីមានគណបក្សនយោបាយចំនួន១១ បានចុះឈ្មោះចូលរួមបោះឆ្នោតអាណត្តិទី៦នេះ។ ក្នុងនោះគឺមានបក្សនយោបាយចំនួន៥ បានដាក់ពាក្យជាផ្លូវការសុំគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីដាក់កម្មវិធីដង្ហែក្បួនឃោសនា។ ប៉ុន្តែក្នុងរយ:ពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០កក្កដា នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះគឺមានតែគណបក្សចំនួន៤ប៉ុណ្ណោះ។ រីឯគណបក្សក្រៅពីនោះគឺនៅមិនទាន់ដល់កម្មវិធីត្រូវហែក្បួនទេ។

លោកបន្ថែមថានៅខេត្តរតនគិរី គឺមានអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតអាណត្តិទី៦នេះ គឺមានចំនួន៩៥.៣៨១នាក់, មានចំនួន២៧៥ការិយាល័យបោះឆ្នោត និងមានចំនួន០១អាសន:។ ពាក់ព័ន្ធទៅនឹងបរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្តរតនគិរីគិតមកដល់ពេលនេះគឺពុំមានសកម្មភាពហិង្សាផ្នែកនយោបាយណាមួយបានកើតឡើងនោះឡើយ។

លោកហង្សពុទ្ធាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ក្នុងរយ:ពេល៣ថ្ងៃគឺគិតពីថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតមកដល់ថ្ងៃទី៩កក្កដានៅក្របខណ្ឌទូទាំងប្រទេស គឺមានគណបក្សនយោបាយចំនួន១០ក្នុងចំណោមគណបក្សនយោបាយចំនួន២០បានចេញធ្វើសកម្មភាពដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់ពួកគេ។ជាមួយនោះយើងនៅពុំទាន់ឃើញមានអំពើហិក្សា​ផ្នែកនយោបាយណាមួយបានកើតឡើងនៅក្នុងយុទ្ធនាការលើកដំបូងនោះទេ៕ រ៉ាម៉េត

Leave a Reply

Your email address will not be published. Required fields are marked *