ទំព័រដើម / បរិស្ថាន / ក្រុមអភិរក្ស​​ជីវ​ចម្រុះគ្រោងនឹងយកសត្វព្រៃទៅលែងនៅសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត

ក្រុមអភិរក្ស​​ជីវ​ចម្រុះគ្រោងនឹងយកសត្វព្រៃទៅលែងនៅសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត


​​មជ្ឈ​ម​ណ្ឌល​​អង្គរ​​សម្រាប់ការអភិរក្ស​​ជីវ​ចម្រុះ ដែល​ហៅកាត់​ថា(ACCB)​​មានគំរោងនឹងនាំ​យ​ក​​​សត្វព្រៃ​ជាច្រើនក្បាល ទៅព្រលែង​ឱ្យរស់នៅ​តាម​ធម្មជាតិ​វិញ ​នៅ​ក្នុង​ព្រៃសុវត្ថិភាព​នៃ​តំបន់​​សហ​គមន៍ការពារព្រៃឈើ ​នាក្រុងសំរោង​ខេត្តឧត្តរមានជ័យ នៅ​អំឡុង​​សប្ដាហ៍ក្រោយ​។​​
​ព្រះ​ភិក្ខុ​ប៊ុន សាលួត ប្រធានសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត មាន​ព្រះថេរៈ​ដីកា​នៅ​រសៀ​ល​ថ្ងៃ​អង្គារ​ទី​១០​ខែកក្កដា​ថា៖​​មជ្ឈមណ្ឌល​​អង្គរ សម្រាប់​​ការ​អភិរក្ស​​ជីវចម្រុះ ដែល​មាន​មូល​ដ្ឋា​ន​នៅ​​ភ្នំក្បាលស្ពាន ខេត្តសៀមរាប ​​មានគំរោងនឹង​នាំ​​យក​​សត្វ​អក​ទឹក អក​ភ្លើង ព្រម​​ទាំង​សត្វ​ត្រ​ដក់​ ជាច្រើន​ក្បាល ទៅ​​ព្រលែង នៅ​ក្នុងតំបន់ព្រៃសហគមន៍របស់ព្រះ​អង្គ​ថែមទៀត​។​
​ទោះជាយ៉ាងណា​​ព្រះភិក្ខុ ប៊ុន សាលួត ​មិនបាន​បញ្ជាក់​ពី​ចំនួន​សត្វស្លាប​ដែលនឹងព្រ​លែង​ឱ្យ​រស់នៅ​តាមបែបធម្មជាតិវិញ​នោះ ថាមានចំនួន​ប៉ុន្មាន​ពិតប្រាកដនៅឡើយ។​​
​កាលពីថ្ងៃទី៩ខែ​កក្កដា មជ្ឈមណ្ឌល​អង្គរ​សម្រាប់ការអភិរក្ស​ជីវ​ចម្រុះ ដែលសហការជាមួយ​មន្ត្រី​ឧទ្យាននុរក្ស​នៃ​មន្ទីរបរិស្ថាន​ខេត្តឧត្តរមានជ័យ​ព្រមទាំង​គណកម្មការ​សហគមន៍ការពារព្រៃ​ឈើ​សង្ឃ​រុក្ខាវ័ន្ត ​បាន​ព្រលែង​សត្វព្រៃ​៤ប្រភេទ ចំនួន​២៦ក្បាល ឱ្យ​ទៅរស់នៅ​ក្នុងព្រៃការពារ​តាមបែប​ធម្មជាតិរបស់វាវិញ​។​
​សត្វព្រៃ​ទាំង​៤​​ប្រភេទ ដែល​​គេ​ព្រលែង​​ឱ្យ​រស់​នៅ​​តាម​បែប​ធម្មជាតិ​វិញ​នោះ គឺ​​មាន​កូនពស់​ថ្លាន់​ចំនួន​២០ក្បាល សត្វ​ត្រដក់​២ក្បាល សត្វ​រនាល​ត្នោត​​ចំនួន​៣ក្បាល​​និង​សត្វ​អកព្រៃ​ចំនួន​១ក្បា​ល​ទៀត​។​​
​នេះជាលើក​ទី​២ហើយ ដែល​​មជ្ឈមណ្ឌល​​អង្គរ​​សម្រាប់​ការ​អភិរក្ស​​ជីវ​ចម្រុះ បានសហការជា​មួយ​ក្រុម​​ឧទ្យាន​នុរក្ស​​បរិស្ថាន និង​សហគមន៍ការ​ពារ​ព្រៃ​ឈើ ដើម្បី​ព្រលែង​សត្វ​ព្រៃ​​ឱ្យ​រស់​នៅ​​តាម​បែប​ធម្មជាតិវិញ​នោះ​។​
​កាលពី​ថ្ងៃទី២៥ខែឧសភា​កន្លងទៅ​​អ្នកជំនាញ​​ផ្នែក​​អភិរក្ស​សត្វព្រៃ របស់​​មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ (ACCB) ​មានមូលដ្ឋាន​នៅ​ក្បាលស្ពាន ខេត្តសៀមរាប ​ធ្លាប់​​នាំ​យក​ពូជ​សត្វព្រៃ​៤​ប្រភេទ ទៅ​ព្រលែ​ង​​​​ឱ្យ​​រស់​​នៅ​​តាម​បែប​ធម្មជាតិ​វិញ នៅ​ក្នុង​តំបន់​ព្រៃ​​សហគមន៍​សង្ឃ​​រុក្ខ​វ័ន្ត​​ ដែលស្ថិត​នៅ​​ក្រុង​សំរោង ខេត្ត​​ឧត្តរ​មា​ន​ជ័យ​​ម្ដងមកហើយ​​។​​
សត្វព្រៃ​៤​​ប្រភេទនោះ គឺ​មាន​​​ត្រ​​​​​​ដក់​ចំនួន​២ក្បាល ​សត្វ​អក​បឹង​​​ចំ​នួន​២ក្បាល អណ្ដើកស​ចំនួន​១ក្បាល​ និងសត្វ​ឆ្មា​​ដាវ​​​ចំនួន​​៤​ក្បាល​ទៀត​៕​ដោយ៖ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *