ទំព័រដើម / ទស្សនៈថ្មី / ក្រសួងទេសចរណ៍ ជំរុញគុណភាពផ្នែកបដិសណ្ឋារកិច្ច ដើម្បីបង្កើនបរិមាណទេសចរបរទេស

ក្រសួងទេសចរណ៍ ជំរុញគុណភាពផ្នែកបដិសណ្ឋារកិច្ច ដើម្បីបង្កើនបរិមាណទេសចរបរទេស

ភ្នំពញ:    ក្រសួងទេសចរណ៍ ជំរុញគុណភាពផ្នែកបដិសណ្ឋារកិច្ច ដើម្បីបង្កើនបរិមាណទេសចរបរទេស ខណៈកំពុងឈានទៅសម្រេចផែនការបង្កើនបរិមាណទេសចរបរទេសឱ្យ​​បាន​ប្រមាណ​​​៧លាននាក់ នៅឆ្នាំ២០២០​។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅពេលសេវាកម្ម​​បដិសណ្ឋារកិច្ច​ប្រកប​ដោយភាពញញឹមរាក់ទាក់ និងរហ័សរហួន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងពេលដែលពួកគេបានទៅដល់កន្លែងកំសាន្ត ឬ អាហារដ្ឋាន​ទេសចរណ៍​ណាមួយ។

ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រចំនួនជាង១.២០០នាក់ ដល់អ្នកកំពុង​​​បម្រើ​​​ការងារ​​​​​បដិសណ្ឋារ​កិច្ចតុការ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងសេវាកម្មម្ហូប​​អាហារ និងភេសជ្ជៈ ដែលធ្វើ​ឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ ឯកឧត្តម​​បាន​បញ្ជាក់​ថា ដើម្បីសេវាបដិសណ្ឋារកិច្ចទេសចរណ៍មានភាពប្រសើរឡើង រដ្ឋាភិបាលកម្ពុជា បាន​​រៀបចំ​ឱ្យមានចលនាប្រឡងប្រណាំង​​បដិសណ្ឋារ​កិច្ច​ល្អក្នុងវិស័យទេសចរណ៍​ដូចជា  សេវាកម្ម​ទទួល​ភ្ញៀវប្រកបដោយ​​ភាពញញឹម​​​រាក់​ទាក់​និងរហ័ស សេវាកម្មបម្រើ​ម្ហូប​អាហារ​​និង​ភេសជ្ជៈប្រកបដោយ​​អនាម័យ គុណភាព និងតម្លៃ​​សមរម្យ ជាដើម។ ឯកឧត្តមបន្តថា គណៈ​កម្មាធិការជាតិវាយ​​តម្លៃ​ទី​ក្រុង​ស្អាត បានរៀបចំស្ដង់ដា​​រវាយ​តម្លៃ​​ដោយផ្នែកតាមអភិក្រម​​«ធ្វើឱ្យបាន​ ធ្វើឱ្យលឿន និងមានតម្លាភាព» និង​បានបែងចែកជា៣ សូចនាករ​គោល​គឺ​ការផ្តល់​​សេវា​ឱ្យបាន​និងប្រកបដោយគុណភាព  ការផ្ដល់​​លឿន ទាន់ពេល​​វេលា​និង​ត្រឹមត្រូវ ការផ្តល់សេវាជូន​ភ្ញៀវ​ដោយ​ស្មើភាពនិងមានការទទួលខុសត្រូវ។

លោក ឡី សុភាព នាយកសាលាទេសចរណ៍ និង​​បដិសណ្ឋារកិច្ចកម្ពុជា រាជធានីភ្នំពេញ ទោះជាមានកន្លែងកំសាន្តល្អៗ និងម្ហូប​​អាហារឈ្ងុយឆ្ងាញ់យ៉ាងណាក៏ដោយ ប៉ុន្តែបើសេវាកម្មផ្នែក​​បដិសណ្ឋារកិច្ចមិនទទួលបានការគាំទ្រពីភ្ញៀវទេសចរទេនោះវិស័យទេសចរណ៍ក៏មិនរីកចម្រើនដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅទាក់ទាញទេសចរបរទេសឱ្យបាន​​ប្រមាណ​​៦លាន២សែននាក់នៅឆ្នាំ២០១៨នេះ និងប្រមាណ៧លាននាក់ នៅត្រឹមឆ្នាំ២០២០៕

អត្ថបទ៖ សឿន សោម 

Leave a Reply

Your email address will not be published. Required fields are marked *