ទំព័រដើម / កីឡា / បារាំងឡើងផ្តាច់ព្រ័ត្រ World Cup ក្រោយទម្លាក់បែលហ្ស៊ិក រង់ចាំជួបអង់គ្លេស ឬក្រូអាត

បារាំងឡើងផ្តាច់ព្រ័ត្រ World Cup ក្រោយទម្លាក់បែលហ្ស៊ិក រង់ចាំជួបអង់គ្លេស ឬក្រូអាត

បាល់ទាត់ ៖ មួយក្បាលតែតបញ្ចូលទីរបស់ខ្សែការពារ Samuel Umtiti នៅនាទី៥១គ្រប់​គ្រាន់ឲ្យក្រុមជម្រើសជាតិបារាំងបានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup លើក​ដំបូងក្នុងរយៈពេល២០ឆ្នាំ ក្រោយយកឈ្នះក្រុមបិសាច​ក្រហមទ្វីបអឺរ៉ុបបែលហ្ស៊ិក ១-០ ក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Saint Petersburg កាលពីយប់មិញ ហើយត្រូវរង់ចាំជួប រវាងតោកំណាចអង់គ្លេស​ ឬក្រូអាត ដែលត្រូវប៉ះគ្នានៅយប់នេះ។

ក្នុងការប្រកួតនេះបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងនៅវគ្គទី១ ដោយមាន​ឱកាសស៊ុតច្រើនលើកធ្វើឲ្យ​បារាំងបុកពោះមិនស្ទើរ តែបារាំងមានខ្សែការពារ និងអ្នកចាំទីសុទ្ធ​តែរឹងមាំល្អៗ ហើយក៏មិនបណ្តោយឲ្យបែលហ្ស៊ិកវាយលុកតាមអំពើចិត្តដែរ គឺបានវាយបកវិញ​ជាបន្តបន្ទាប់ តែភាគច្រើនត្រូវអ្នកចាំទីបែលហ្ស៊ិកសង្គ្រោះបាន ពិសេសនៅចុងវគ្គទី១ ពេល​កីឡាករវ័យក្មេង Benjamin Pavard ស៊ុតកៀកទីប៉ះជើង Thibaut Courtois។ យ៉ាង​ណា ក្រុមទាំង២ចប់វគ្គ៤៥នាទីស្មើគ្នា ០-០។

ចូលដល់វគ្គទី២ អ្វីៗត្រូវបានប្រែប្រួល ក្រោយម្ចាស់ជើងឯក World Cup 1998 បារាំង​រកគ្រាប់បាល់នាំមុខ ១-០ ដោយខ្សែការពារ Sumuel Umtiti លោតតែងបានសម្រេចនៅនាទី​៥១ពីការលើបាល់ជ្រុងរបស់ Antoine Griezmann។ ក្រោយនាំមុខហើយបារាំងបានព្យាយាម ប្រើប្រាស់ប្រព័ន្ធការពារបិទយ៉ាងល្អ។ តែ១០នាទីចុងក្រោយបែលហ្ស៊ិកបានបង្កើនល្បឿនវាយ សម្រុក​ខ្លាំង ប៉ុន្តែគ្មានសំណាងដោយសារខ្សែការពារបារាំងរឹងមាំ។

ចំណែកអ្នកគាំទ្របារាំងបានធ្វើពិធីអបអរសាទរ​ពី​ចម្ងាយ ដោយពួកគេ​បាន​ជួបជុំគ្នា​ទស្សនាការ​ប្រកួត​នេះពីវិមាន​សង់​អេ​លី​ហ្សេ​ក្នុងទីក្រុង​ប៉ារីស ហើយម្នាក់ៗ​សប្បាយ​ស្ទើរ​ស្រក់​ទឹកភ្នែក និង​មានជំនឿ​ចិត្តថា ​បារាំងអាចនាំពាន World Cup មកកាន់ប្រទេសបារាំងវិញបាន៕

Leave a Reply

Your email address will not be published. Required fields are marked *