ទំព័រដើម / កីឡា / អង់គ្លេស ឬ ក្រូអាត ក្រុមណាឡើងទៅជួបបារាំងផ្តាច់ព្រ័ត្រ World Cup

អង់គ្លេស ឬ ក្រូអាត ក្រុមណាឡើងទៅជួបបារាំងផ្តាច់ព្រ័ត្រ World Cup

បាល់ទាត់ ៖ មុនជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ២០១៨ មកដល់​នាយប់នេះ ក្រុមតោកំណាចអង់គ្លេស និងក្រុមក្រឡាអុកក្រូអាតកំពុងធ្វើហ្វឹកហាត់យ៉ាង​សកម្ម​ភាពដើម្បីស្វែងរកកៅអីទៅជួបបារាំងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៥ ខែកក្កដានេះ។

កីឡាករទាំង២៣នាក់របស់អង់គ្លេសបានចេញមកហ្វឹកហាត់ក្នុងជំរំដែលមានមូលដ្ឋាន​នៅ Repino កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីត្រៀមកម្លាំងឲ្យបានល្អមុនជួបក្រូអាត។ សម្រាប់​អង់គ្លេសនេះជាលើកដំបូងក្នុងរយៈពេល២៨ឆ្នាំចុងក្រោយ ដែលបានឡើង​មក​ដល់វគ្គនេះ ពោលគឺចាប់តាំងពីចាញ់អាល្លឺម៉ង់ខាងលិច ដោយបាល់ប៉េណាល់ទីកាត់ក្តី ៣-៤ ក្នុងឆ្នាំ១៩៩០​នៅអ៊ីតាលី ​ក្រោយចប់ការប្រកួតស្មើគ្នា ១-១។

លោក Gareth Southgate ដឹកនាំអង់គ្លេសឡើងដល់វគ្គនេះ ដោយទម្លាក់កូឡុំប៊ីវគ្គ១៦​ក្រុម ដោយបាល់ប៉េណាល់ទីកាត់ក្តី ៤-៣  បន្ទាប់មកទម្លាក់ស៊ុយអែត ២-០ ទៀតនៅវគ្គ៨ក្រុម ចុងក្រោយ។ ព្រឹត្តិការណ៍៤ឆ្នាំម្តង World Cup អង់គ្លេសបង្ហាញខ្លួនបាន១៤ដងទាំងលើកនេះ ក្នុងចំណោម២១លើក ហើយអង់គ្លេសធ្លាប់លើកពាន World Cup ម្តងក្នុងទឹកដីខ្លួនឆ្នាំ១៩៦៦​ក្រោយឈ្នះអាល្លឺម៉ង់ខាងលិច ៤-២ វគ្គផ្តាច់ព្រ័ត្រក្នុងម៉ោងបន្ថែម។

ដោយឡែកក្រុមជម្រើសជាតិកូ្រអាតវិញ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំនេះគួរឲ្យភ្ញាក់ផ្អើលបំផុតតាមរយៈការទម្លាក់ដាណឺម៉ាកនៅវគ្គ១៦ក្រុម ពិសេស ទម្លាក់ម្ចាស់ផ្ទះរុស្ស៊ីនៅវគ្គ៨ក្រុម ដោយបាល់ប៉េណាល់ទីកាត់ក្តីដូចគ្នា។ គ្រូបង្វឹកក្រុមរហស្ស​នាមក្រឡាអុក Zlatko Dalic បានសរសើរកូនក្រុមខ្លួនថា ជាកីឡាករដ៏ល្អបំផុតក្នុងលោក ហើយក្រុមលោកត្រៀមខ្លួនរួចជាស្រេចដើម្បីទម្លាក់អង់គ្លេសត្រឹមវគ្គនេះ។

សូមរំលឹកថា ក្រូអាតធ្លាប់ឡើងវគ្គ៤ក្រុមម្តងកាលពី២០ឆ្នាំមុន FIFA World Cup ១៩៩៨ នៅបារាំង ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយឈ្នះហូឡង់ ២-១ ខណៈវគ្គ៤ក្រុមចាញ់ម្ចាស់​ ផ្ទះ ១-២។ ក្រូអាតធ្លាក់ត្រឹមវគ្គចែកពូលនៅ World Cup ២០០២, ២០០៦ និង ២០១៤ តែអវត្ត​មាន World Cup ២០១០នៅអាហ្រ្វិកខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *