ទំព័រដើម / ព័ត៌មានសំខាន់ៗ / អ៊ីស្រាអែលបាញ់ទម្លាក់យន្តហោះដ្រូនរបស់ស៊ីរីដែលហោះឆ្លងដែនអាកាសរបស់ខ្លួន

អ៊ីស្រាអែលបាញ់ទម្លាក់យន្តហោះដ្រូនរបស់ស៊ីរីដែលហោះឆ្លងដែនអាកាសរបស់ខ្លួន

អ៊ីស្រាអែល៖ អ៊ីស្រា​អែល​បាន​បាញ់ទម្លាក់​យន្តហោះដ្រូនរបស់ស៊ីរី​ដែលឆ្លងដែនអាកាស​របស់ខ្លួន​ ដោយ​បង្ហាញ​ឲ្យឃើញថា ភាពតានតឹងកំពុងតែ​កើន​ឡើង​​កម្តៅ​ខ្លាំងនៅក្បែ​​រព្រំដែន​អ៊ីស្រាអែល​-ស៊ីរី។​

ការ​​បាញ់​​ទម្លាក់​យន្ត​ហោះ​ដ្រូនរបស់ស៊ីរី​នេះ កើតមានឡើងស្រប​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ Benjamin Netanyahu ​ជួបពិភាក្សាជាមួយវ្លាឌីមៀរ ពូទីន​ ​ដែល​ជា​សម្ព័ន្ធ​​មិត្ត​ធំបំផុត​របស់​លោក​ប្រ​ធានាធិបតី បាសា អាល់អាសាដ នៅក្នុងទីក្រុងម៉ូស្គូ​កាលពីម្សិលមិញ​​។​

​ប្រទេសរុស្ស៊ី​គឺជា​ស​ម្ព័ន្ធមិត្តធំបំផុត​របស់ស៊ីរី​នៅក្នុង​សង្គ្រាមស៊ី​វិល​រយៈ​ពេល​​​៧ឆ្នាំមក​នេះ​ ហើយ​មិន​ចង់ឲ្យរបបដឹកនាំរបស់លោកអាសាដមានគ្រោះថ្នាក់នោះឡើយ ប៉ុន្តែ​នា​ពេល​កន្លង​មក លោក​វ្លាឌីមៀរពូទីន​តែងតែបិទភ្នែកធ្វើមិនដឹងមិនឮចំពោះ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​​អែល​លើ​ទីតាំង​របស់កងកម្លាំងអ៊ីរ៉ង់​និងក្រុម​ Hezbollah ​នៅក្នុងប្រទេសស៊ីរី។​

នេះ​ជា​លើក​ទីពីរ​ហើយ​ នៅក្នុង​រយៈមិន​ដល់បី​សប្តាហ៍ផង​ដែល​អ៊ីស្រា​អែល​បានលើកឡើងថា ​ខ្លួន​​បាន​បាញ់មីស៊ីល​ទម្លាក់យន្តហោះដ្រូន​ដែល​ហោះឆ្លងដែនអាកាសរបស់ខ្លួន ដោយធ្វើ​ឲ្យ​ភាព​តានតឹងកាន់​តែកើនឡើងកម្តៅ​នៅតាមព្រំដែន ​ខណៈកងកម្លាំង​​របស់លោក​ប្រធានាធិបតី បាសា អាល់អាសាដ ​កំពុងតែ​វាយសង្គ្រប់​លើក្រុមបះបោរ។​

អ្នកនាំពាក្យ​យោធាអ៊ីស្រាអែល​បាន​ឲ្យដឹងថា ​យន្តហោះដ្រូន​នេះ ​ក៏​បាន​​​​​ហោះ​រំលងដែនអាកាស​ហ្សក​ដានីដែរ ​ប៉ុន្តែទំនង​ជាគ្មានបំ​ពាក់​អា​វុធ​​ទេ​ពោលគឺសម្រាប់ឈ្លបយកការណ៍​ ហើយ​ត្រូវ​បាន​បាញ់​​ទម្លាក់​នៅជើងភ្នំក្នុងតំបន់​​​​​​ Golan Heights ក្បែរសមុទ្រ​ Galilee។​

បច្ចុប្បន្ន ​ប្រទេសអ៊ីស្រាអែល​មានការប្រុងប្រយ័ត្នខ្ពស់មែនទែន​​ ​ខណៈរដ្ឋាភិបាលស៊ីរី​ កំពុង​តែ​សម្រុក​វាយប្រហារលើ​ក្រុមបះបោរ​នៅក្បែរតំបន់​​ Golan Heights ​ដែលអ៊ីស្រាអែល​បាន​វាយ​ដណ្តើយក​ពីស៊ីរីនៅក្នុងឆ្នាំ​១៩៦៧ ហើយក្រោយមក​បាន​កាត់បញ្ជូល​ជាផ្នែកនៃទឹកដីរបស់ខ្លួន​ ប៉ុន្តែ​​អន្តរជាតិមិនទទួលស្គាល់៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *