ទំព័រដើម / កីឡា / ៥ក្រុមឈ្នះ ខណៈ២ប្រកួតស្មើ នៅជើងទី១ វគ្គ១៦ក្រុម ថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៨

៥ក្រុមឈ្នះ ខណៈ២ប្រកួតស្មើ នៅជើងទី១ វគ្គ១៦ក្រុម ថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៨

បាល់ទាត់៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០១៨ ថ្នាក់ជាតិ វគ្គ១៦ក្រុម កាលពីល្ងាចថ្ងៃពុធម្សិលមិញ បានចាប់ផ្តើមការប្រកួតយ៉ាងស្វិតស្វាញ នៅជើង ទី១ ដោយ៥ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន ខណៈ៤ក្រុមរក្សាលទ្ធផលស្មើគ្នា ស្របពេលដែល១ ប្រកួតផ្សេងទៀតរវាងក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំជាមួយនឹងក្រុមខេត្តកោះកុងត្រូវលើកពេល ទៅប្រកួតនាថ្ងៃទី២២ កក្កដាវិញ។

៥ក្រុមដែលបានយកឈ្នះលើគូប្រកួត នាជំនួបជើងទី១នេះ រួមមាន៖ ក្រុមណាហ្គាវើលយកឈ្នះក្រុម ខេត្តកំពត ដោយលទ្ធផលបច្ចេកទេស ៥ទល់១ ខណៈបឹងកេតឈ្នះម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ៥ទល់១ដែរ រីឯ ក្រសួងការពារជាតិឈ្នះអាស៊ីអឺរ៉ុប ៣ទល់១ ហើយអគ្គិសនីកម្ពុជាប្រកួតចាញ់ភ្នំពេញក្រោន ១ទល់២ ស្របពេល ដែលក្រុមការពារតំណែងជើងឯករដូវកាល២០១៧ ព្រះខ័នរាជស្វាយរៀង ឈ្នះវិសាខា ១ទល់០។ ចំពោះ២ ប្រកួតទៀត គឺក្រុមក្រុមសូលទីឡូអង្គរស្មើក្រុមអង្គរថាយហ្គឺរ ២ទល់២ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្មើក្រុមគីរីវង់សុខសែនជ័យ ២ទល់២ ដែរ។

ដូច្នេះក្រុមទាំង១៤ ដែលរកឃើញលទ្ធផលនៅជើងទី១នេះនឹងត្រូវជួបគ្នាម្តងទៀត នៅជើងទី២ នាថ្ងៃ ពុធ ទី១៨ កក្កដា សប្តាហ៍ក្រោយនេះ ដើម្បីកាត់សេចក្តីថាតើក្រុមណាដែលនឹងត្រូវឡើងទៅប្រកួតបន្ត នៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត។ ដោយឡែកការប្រកួតរវាងខេត្តកោះកុង និងសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ដែលលើកពេលប្រកួតនោះនឹងត្រូវធ្វើឡើង នៅជើងទី១ ថ្ងៃទី២២ ខែកក្កដា និងជើងទី២ នៅថ្ងៃទី២៨ ខែកក្កដាវិញ។

សូមរំឭកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវ កាល ២០១៨នេះត្រូវបានចែកចេញជា២ផ្នែកធំៗ គឺពានរង្វាន់ថ្នាក់ខេត្ត និងពានរង្វាន់ថ្នាក់ជាតិ ដែលចាប់ ផ្តើមត្រឹមវគ្គ១៦ក្រុម ដែល៤ក្រុមបានមកពីក្រុមដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត និង១២ ក្រុមទៀត គឺជាក្រុមដែលកំពុងស្ថិតនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជានេះតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *