ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោកត្រាំ និងលោកស្រី Merkel ជួបគ្នាអំឡុងជំនួបកំពូលអង្គការណាតូ ក្រោយវាយប្រហារគ្នាធ្ងន់ៗ

លោកត្រាំ និងលោកស្រី Merkel ជួបគ្នាអំឡុងជំនួបកំពូលអង្គការណាតូ ក្រោយវាយប្រហារគ្នាធ្ងន់ៗ

ក្រុងព្រុចសែល៖ លោកប្រធានាធិបតីដូណាល់ ត្រាំ​ ​​និងលោកស្រី​ Angela Merkel អធិការបតីអាល្លឺម៉ង់​ បាន​​ជួបគ្នាក្រៅ​ជំនួបកំពូលអង្គការណាតូ​ ប៉ុ​ន្មានម៉ោងបន្ទាប់ពីមេដឹកនាំទំាងពីរ​​ប្រើ​ពាក្យសំដីវា​យ​ប្រហារគ្នាធ្ងន់ៗ​ ​​ជុំវិញគោលនយោបាយការពារជាតិ​​និង​ការនាំចូល​ឧស្ម័នពីរុស្ស៊ី។​

សំដីដែលប្រែជាទន់ភ្លន់​មួយរំពេចរបស់មេដឹកនាំទាំងពីរ​ ​ផ្ទុយទាំងស្រុងពី​អ្វីដែលលោ​ក​ដូ​ណាល់​ ត្រាំ បាន​​​លើកឡើងអំឡុង​អាហារពេលព្រឹកកាលពីម្សិលមិញ​រវាង​រូបលោក​និង​​​​​លោ​ក​ Jens Stoltenberg ប្រធានអង្គការណាតូ ដោយអំឡុ​ងពេលនោះ​ប្រធា​នាធិបតី​សហរដ្ឋ​អាមេរិក​​រូបនេះ​​បានលើកឡើងថា ការពឹងផ្អែករបស់អាល្លឺម៉ង់លើថាមពលរបស់រុស្ស៊ី​គឺ​​ធ្វើ​​ឲ្យ​ប្រទេសនេះ​​ធ្លាក់​ចូលក្នុងកណ្តាប់ដៃ​របស់រដ្ឋាភិបាលក្រុងមូស្គូ ខណៈមហាអំណាចលោកខា​ងលិ​ចកំពុង​ខំ​ប្រឹង​ប្រែងដាក់​សម្ពាធលើរុស្ស៊ី​។​​ ​

លោក ដូណាល់ ត្រាំ​ បានប្រាប់អ្នកសែតដែលអនុញ្ញាត​ឲ្យចូល​ក្នុងបន្ទប់ប្រជុំថា ​​“កិច្ចប្រ​ជុំរបស់យើ​ង​ដំណើរការទៅមុខល្អ​ ហើយយើងបានពិភាក្សា​ពី​​ខ្ទង់​ចំណាយលើវិស័យយោធា ​និង​​បញ្ហា​ពាណិជ្ជកម្មផងដែរ”។​

​រីឯលោកស្រី ​ Merkel មានបានប្រសាសន៍ថា ​កិច្ចប្រជុំទ្វេរភាគីនេះ​ គឺជាឱកាស​សម្រាប់​ផ្លាស់​ប្តូរ​​អំពីការកា​រអភិវឌ្ឍសេដ្ឋកិច្ច ​និងទំនាក់ទំនង​ពាណិជ្ជកម្មទៅថ្ងៃអនាគត។​​

កាលពីម្សិលមិញ​​ ​លោកដូណាល់ ត្រំា ​បាន​វាយប្រហារជា​សាធារណៈខ្លាំ​ងៗ​តែ​ម្តង​លើប្រ​ទេ​ស​អា​ល្លឺម៉ង់​​​ចំពោះការគាំទ្រ​​កិច្ចព្រមព្រៀងដំឡើង​បំពង់ឧស្ម័ន​​​ Baltic Sea ជាមួយរុស្ស៊ី​ ដោយ​​លើក​ឡើងថា ​រដ្ឋាភិបាលក្រុងប៊ែរឡាំង​​បាន “ក្លាយជា​ចំណាប់ខ្មាំងរបស់រស្ស៊ីហើយ”  និង​បាន​រិះគន់អាល្លឺម៉ង់ចំពោះ​ការខកខានមិនបាន​ដំឡើងថវិការជាតិបន្ថែម។​

ប៉ុន្តែលោកស្រី ​ Merkel បា​នឆ្លើយតបវិញថា ​ប្រទេសរបស់លោកស្រី​​​​គ្មានស្ថិត​នៅក្រោមចំ​ណុះ​របស់នរណាទេ​ ​ពោលគឺមានអធិ​បតេយ្យភា​ពពេញលេញ​ និងមានសិទ្ធិ​ក្នុង​ការ​សម្រេចជ្រើសរើសធ្វើ​អ្វីមួយ។​

សូមបញ្ជាក់ថា ​រដ្ឋាភិបាលក្រុងប៊ែរឡាំង​ ​បានផ្តល់ការគាំទ្រផ្នែកនយោបាយដល់​​​​គម្រោង​ដំ​ឡើង​បពង់ឧស្ម័នឈ្មោះ​ Nord Stream 2 ​​ដែលមានទំហំទឹកប្រាក់​១១ពាន់លានដុល្លារ​ ដើម្បី​​បង្ហូ​ឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់​សមុទ្រ​ Baltic ដែលជាផ្នែកនៃសមុទ្រអាត្លង់ទិក​៕

Leave a Reply

Your email address will not be published. Required fields are marked *