ទំព័រដើម / ការបោះឆ្នោត / គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត ​បាន​​ស្នើ​សុំ​ រដ្ឋា​ភិបាល​​ឱ្យ​ជួយ​​​ផ្អាក​ការ​លក់​និង​ពិសារគ្រឿងស្រវឹង នៅ២​ថ្ងៃ​​មុន​​ការបោះ​ឆ្នោត

គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត ​បាន​​ស្នើ​សុំ​ រដ្ឋា​ភិបាល​​ឱ្យ​ជួយ​​​ផ្អាក​ការ​លក់​និង​ពិសារគ្រឿងស្រវឹង នៅ២​ថ្ងៃ​​មុន​​ការបោះ​ឆ្នោត

គណ​​កម្មា​​ធិ​ការ​ជាតិ​​រៀប​​ចំ​កា​រ​​បោះ​​ឆ្នោត ហៅ​​​កាត់​​ថា​(គ ជ ប) បាន​​យល់​ឃើញថា​​ការ​លក់ដូរ​​និង​សេពគ្រឿងស្រវឹងនៅ​១ថ្ងៃ​មុន​ពេល​បោះ​ឆ្នោត​និង​ចំ​ថ្ងៃ​បោះឆ្នោត ​គឺ​វា​អាច​នឹងធ្វើ​ឱ្យប្រជាពល​រដ្ឋ​ខ្លះ ​បង្ក​ចេញ​​នូវភាពហឹង្សា ព្រម​ទាំង​អាចជាការទិញ​ទឹក​ចិត្ត​អ្នកបោះ​ឆ្នោតផងដែរ។​​
​ការ​យល់ឃើញ​របស់​(គ ជ ប)​បែបនេះ គឺ​នៅក្នុងពេល​ដែលគណបក្ស​នយោបាយ​ចំនួន​២០ កំ​ពុង​បើកយុទ្ធនាការឃោសនា​រកសម្លេងគាំទ្រ ព្រមទាំង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំងតំណាងរាស្ត្រ​អាណ​ត្តិ​ទី៦ កាន់​តែ​​ខិតជិត​មកដល់​។​​
​អ្នកនាំពាក្យ​(​គ ជ ប)លោក បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ទី​១២​​ខែ​កក្ក​ដា​ថា៖​​ការ​ផ្អាក​​ការ​លក់​​និងសេព​គ្រឿងស្រវឹង នៅ១​ថ្ងៃមុនការបោះ​ឆ្នោត និងចំថ្ងៃ​បោះ​ឆ្នោ​តនេះ ​មិនមែន​ជា​បញ្ញត្តិ​​ដែល​មាន​​ចែង​នៅ​ក្នុងច្បាប់ទេ ​​ក៏ប៉ុន្តែ​(គ ជ ប)យល់​ថា៖​ការផឹក​ស្រា ក៏ជាមូ​លហេតុ​​ដែល​អាចនាំ​ឱ្យ​កើតអំពើ​ហឹង្សា ​និង​អាចជាការទិញ​ទឹកចិត្ត​អ្នកបោះ​ឆ្នោត​ដែរ​ ទើប​(គ ជ ប)​ស្នើសុំ​ទៅរដ្ឋាភិបាល ឱ្យ​ជួយផ្អាកសកម្មភាពលក់ និងសេព​គ្រឿងស្រវឹង​នៅ​មុន​១ថ្ងៃ​មុន​​និងចំថ្ងៃ​បោះ​​​ឆ្នោត​នោះ​។​​
​​រដ្ឋាភិបាល​បាន​ទទួលយកការស្នើសុំ របស់គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​ ព្រមទាំ​ង​បាន​ចេញ​សេចក្តីណែនាំ​ ស្ដីពី​ការផ្អាកការ​លក់ដូរ និងសេពគ្រឿងស្រវឹងនេះ​រួចហើយ​។​
​កាលពីថ្ងៃទី៦ខែ​កក្កដា សម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន​ បាន​ចេញ​សេចក្តីណែ​នាំ​​ថា៖​សូមប្រជាពលរដ្ឋខ្មែរ អាជីវករ ពាណិជ្ជករ​និងជនបរទេស នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ទាំ​ង​អស់ ត្រូវ​រួម​សហ​ការ​​ជាមួយ​រដ្ឋាភិបាល ​និងកងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ត្រូវផ្អាក​ការលក់​ដូរ​និងពិសារគ្រឿងស្រវឹង នៅ​១ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និងចំថ្ងៃបោះ​ឆ្នោត ចាប់ពីថ្ងៃទី​២៨​រហូតដល់ថ្ងៃទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​។​
​សម្ដេច ហ៊ុន សែន​ បញ្ជាក់ទៀតថា៖​ការផ្អាកការលក់ដូរ​និងពិសារគ្រឿងស្រវឹង​ នៅ​១ថ្ងៃមុន​ការបោះ​ឆ្នោត​និងចំថ្ងៃបោះ​ឆ្នោតនោះ ​គឺដើម្បី​រួម​ចំណែក​ទប់ស្កាត់អំពើ​ហឹង្សា ការគំរាម​កំហែង ការ​បំភិតបំភ័យ គ្រោះ​ថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាព​នានាផ្សេងទៀត​ ដែលអាចកើតចេ​ញ​មក​ពីការ​ពិសារគ្រឿង​ស្រវឹង​គ្រប់ប្រភេទ​។​
រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន នៃ​កងយោធពលខេមរៈភូមិន្ទ និងនគរបាលជាតិ ត្រូវរួមសហការជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​អប់រំ ដល់មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ដែលនៅ​ក្រោម​ឱវាទ ឱ្យជួយផ្សព្វផ្សាយ ណែនាំ​ដល់ប្រជាពលរដ្ឋ​ខ្មែរ​និងជនបរទេស​ ឱ្យ​ផ្អាកការលក់ដូរ​និង​ពិសារគ្រឿងស្រវឹង នៅ១ថ្ងៃ​មុនពេល​ និងចំថ្ងៃ​បោះ​ឆ្នោតនេះ​៕
ដោយ៖​ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *