ទំព័រដើម / កីឡា / ១គ្រាប់របស់ Mandzukic បញ្ចប់ក្តីស្រមៃឡើងផ្តាច់ព្រ័ត្រ World Cup លើកទី២របស់អង់គ្លេស

១គ្រាប់របស់ Mandzukic បញ្ចប់ក្តីស្រមៃឡើងផ្តាច់ព្រ័ត្រ World Cup លើកទី២របស់អង់គ្លេស

បាល់ទាត់ ៖ ក្តីស្រមៃចង់ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup លើកទី២របស់ក្រុម​តោ​កំណាចអង់គ្លេសត្រូវសាបសូន្យដោយសារ១គ្រាប់របស់ខ្សែប្រយុទ្ធ Mario Mandzukic ក្នុង ម៉ោងបន្ថែម​១៥នាទី២ដង ធ្វើឲ្យក្រុមជម្រើសជាតិក្រូ​អាត​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើកដំបូង​ក្នុង​ប្រវត្តិ​ប្រវត្តិសាស្ត្រ​។

តោកំណាចអង់គ្លេសមានទំនុកចិត្តយ៉ាងខ្លាំង ថាអាចនឹងឆ្លងផុតពីវគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រនេះ ក្រោយពីកីឡាករ Keiran Trippier ទាត់បាល់ហ្រ្វីឃីកចូលទីយ៉ាងល្អតាំងពីនាទី៥។ ចំណែកខ្សែប្រយុទ្ធ Harry Kane បាត់បង់ឱកាសល្អៗ២ដង ខណៈ Jesse Lingard វិញក៏រឹត​តែ​​​ធ្វើមិនល្អទៅទៀតនៅវគ្គទី១។

នៅវគ្គទី២ខ្សែប្រយុទ្ធមកពីក្លិប Inter Milan កីឡាករ Ivan Perisic ស៊ុតឲ្យក្រុម​រហស្សនាម​ ក្រឡាអុកក្រូអាតតាមស្មើវិញនៅនាទី៦៨។ លទ្ធផល ១-១ នេះរក្សាដល់ចប់​៩០ នាទី ទើបឈានដល់ម៉ោងបន្ថែម១៥នាទី២ដង ក្នុងម៉ោងបន្ថែមនេះខ្សែការពារអង់គ្លេស John Stones តែតមួយក្បាលពេញ តែត្រូវបានខ្សែការពារក្រូអាតជួយទាន់។ ឯអ្នកចាំទី Jordan Pickford របស់អង់គ្លេសសង្គ្រោះបាល់បានពីការប៉ុនប៉ងរបស់ Mandzukic តែទីបំផុត​សមាជិក ក្លិបសេះបង្កង់ Juventus រូបនេះ​ស៊ុត​គ្រាប់​ជ័យជម្នះ​ទាល់តែ​បាន​នៅ​នាទី​១០៩​។

​​សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​សម្រាប់​ក្រូ​អាត​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ហើយ​ពួកគេ​កំពុងចង់បង្កើត​ប្រវត្តិសាស្ត្រ​ថ្មីលើក​ពាន World Cup លើកដំបូង​ដែរ​ ដែលត្រូវជួបបារាំង ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​មូស្គូ​ថ្ងៃអាទិត្យ​នេះ​ ចំណែក​អង់គ្លេស ជួប​​បែល​ហ្ស៊ិ​ក​មួយ​ប្រកួត​ទៀតដណ្តើម​លេខ៣នៅ​កីឡដ្ឋាន Saint Petersburg។

ងាយទៅមើលអ្នកគាំទ្រក្រូអាតវិញ បានអបអរសាទរពីចម្ងាយ ដោយពួកគេបានជួបជុំ​គ្នាទស្សនាការប្រកួត ដែលក្រូអាតឈ្នះអង់គ្លេស ២-១ កាលពីយប់មិញពីកណ្តាលទីក្រុង សាគ្រែប ហើយម្នាក់ៗ​សប្បាយ​ស្ទើរ​ស្រក់​ទឹកភ្នែក ពូកគេជឿថា ក្រូអាត​អាចនាំពាន World Cup មកកាន់ប្រទេសបាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *