ទំព័រដើម / ព័ត៌មានជាតិ / កូនឈើប្រណិតចំនួនជាង២ពាន់ដើម ត្រូវបានខណ្ឌ័រដ្ឋបាលព្រៃឈើក្រចេះ ធ្វើពិធីដាំនិងចែកចាយជូនពលរដ្ឋ

កូនឈើប្រណិតចំនួនជាង២ពាន់ដើម ត្រូវបានខណ្ឌ័រដ្ឋបាលព្រៃឈើក្រចេះ ធ្វើពិធីដាំនិងចែកចាយជូនពលរដ្ឋ

ក្រចេះ៖ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្តដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តក្រចេះ បានជ្រើសយកទីតាំងវត្តពោរធិ ស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្តបុរី ដើម្បីប្រារព្ឋពិធីដាំដើមឈើប្រណិតចំនួន៥ប្រភេទ ដែលមានកូនឈើចំនួន២០២០ដើម ដែលដាំលើផ្ទៃដីចំនួន ២ហិចតា ក្នុងបរិវេណវត្ត និងតាមដង់ផ្លូវសាធារណៈ និងមួយចំនួនទៀត ធ្វើការចែកជូនឲ្យប្រជាពលរដ្ឋយកទៅដាំតាមផ្ទះទៀតផង។

អភិបាលខេត្តក្រចេះ ឯ.ឧ វ៉ា ថន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពបុណ្យរក្ខទិវាកាលពីព្រឹកថ្ងៃទី ១២ខែកក្កដានេថា៖ ការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមានគំរប់ពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម អភិបាលខេត្តក្រចេះ បានជំរុញដល់ប្រជាពលរដ្ឋ ត្រូវគិតគូដាំដើមឈើ តាមផ្ទះ ឲ្យបានច្រើន ជាពិសេស ដើមឈើណាហូបផ្លែ ព្រោះដើមឈើ វាបានជួយការពារនូវការហូរច្រះ ឬស្រុតបាក់ដីបាន ហើយវាក៏បានផ្តល់ម្លប់និងផ្លែ ផ្កា ឲ្យមកយើងវិញផងដែរ។

ឯ.ឧ ថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើបណ្តាលឲ្យតំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិ។ ដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់រានដុតឆូសឆាយដីព្រៃឈើ ធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឲ្យបានច្រើន រួមទាំងដំណាំហូបផ្លែ ដើម្បីជាប្រយោជន៍ទាញយកប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យ ។ ជាមួយគ្នានេះផងដែរ ឯ.ឧ អភិបាលខេត្តក្រចេះ ក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ថានៅថ្ងៃទី២៩ ខែកក្កដា២០១៨ ខាងមុខនេះសូមបងប្អូនបំពេញកាតព្វកិច្ចសិទ្ឋជាពលរដ្ឋខ្មែរ ដោយត្រូវទៅចូលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងអាណត្តិទី៦នេះឲ្យបានគ្រប់ៗគ្នាចំពោះបងប្អូនដែលគ្រប់អាយុទៅបោះឆ្នោត។

លោក ទ្រី សុភក្រ័ នាយខណ្ឌ័រដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់ឲដឹងថា÷ការប្រារព្វពិធីបុណ្យរុក្ខទិវា៩កក្កដា ត្រូវបានបង្កើតឡើងជាទិវាពលកម្មដាំដើមឈើហៅថា{រុក្ខទិវា}សំដៅបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចេះស្រលាញ់ព្រៃឈើ លើកកំពស់ស្មារតីចូលរួមថែរក្សាការពារ ព្រៃឈើដែលមានស្រាប់ និងចូលរួមឲ្យច្រើនកុះករ ក្នុងការដាំដើមឈើឡើងវិញ ដើម្បីជាសុភមង្គល និងសេចក្តីសុខចំរើននៃប្រទេសជាតិយើង អោយសមស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ។

លោកថា៖នៅខេត្តក្រចេះរុក្ខទិវាបានប្រារព្ធជាលើកដំបូងនៅឆ្នាំ ១៩៩២ ហើយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះដាំបានសរុប ១២.៦១៨ដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *