ទំព័រដើម / ព័ត៌មានជាតិ / ប្រឆាំងការដាក់ទណ្ឌ៖ពលរដ្ឋខ្មែរនៅប្រទេសអង់គ្លេសធ្វើញតិតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា

ប្រឆាំងការដាក់ទណ្ឌ៖ពលរដ្ឋខ្មែរនៅប្រទេសអង់គ្លេសធ្វើញតិតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖យោងតាមក្រសួងការបរទេសបានបញ្ជាក់នៅថ្ងៃទី១២ខែកក្កដានេះថាពលរដ្ឋខ្មែរមួយចំនួននៅចក្រភពអង់គ្លេស កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ បានផ្ញើញត្តិចំនួនបីច្បាប់ដោយ​ឡែកពីគ្នាជូនលោកជំទាវ តេរ៉េសា មេយ (Theresa ​May) នាយករដ្ឋមន្រ្តីអង់គ្លេសឯកឧត្តម ចន ប៊ឺរខោវ (John Bercow) ប្រធានសភាអង់គ្លេស និងឯកឧត្តម បូរីស ចនសុន (Boris Johnson) រដ្ឋមន្រ្តីការបរទេស និងកិច្ចការកុម្ម៉ុនវែលអង់​គ្លេស សម្តែងការគាំទ្រចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និង កិច្ចអភិ​វឌ្ឍ​នៅកម្ពុជា ហើយបានអំពាវនាវចក្រភពអង់គ្លេស កុំឱ្យដាក់ទណ្ឌកម្មណាមួយ និងកុំឱ្យគាំទ្រការ ដាក់​ទណ្ឌកម្មដោយប្រទេសណាមួយមកលើរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រ​កម្ពុជា។

ក្រសួងការបរទេសបានអះអាងថា៖ញត្តិដែលអត្ថបទដើមជាភាសាអង់គ្លេសភ្ជាប់ដោយហត្ថលេខារបស់ពលរដ្ឋខ្មែរ មានខ្លឹមសារសំខាន់ៗ ដូចខាងក្រោមនេះ៖ យើងខ្ញុំវាយតម្លៃខ្ពស់ ចំពោះការរួម​ចំណែក​របស់រដ្ឋាភិបាលអង់គ្លេសក្នុងការអភិវឌ្ឍកម្ពុជា។ ដោយសារ មានសន្តិភាព និងស្ថិរភាព កម្ពុជា​សម្រេច​បាននូវកំណើនសង្គម-សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដែលមានកំណើន GDP ប្រចាំឆ្នាំជាមធ្យម ៧.៧% ក្នុង​រយៈកាលពីរទសវត្សកន្លងមកនេះ។

កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងមាន​កម្រិត​អតិ​ផរណាត្រឹម ៣.៨% ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៧ ហើយអាត្រាភាពក្រីក្រីត្រូវ បានកាត់បន្ថយពី ៥៣.៥% នៅក្នុងឆ្នាំ២០០៤ មកត្រឹម ១៣.៥% នៅក្នុងឆ្នាំ២០១៤ ដែលបានធ្វើឲ្យកម្ពុជា ឈាន​ពី​ប្រទេសមាន​ចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលថ្មីៗនេះ។

វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង បានបង្កើតឲ្យមានការងារជាង ៨០០,​០០០កន្លែង ហើយ ប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀត ក៏បានទទួលផលប្រយោជន៍ពីលក្ខខណ្ឌអនុគ្រោះពន្ធ GSP/EBA/MFN។ ប្រជាជនកម្ពុជាធម្មតា ជាពិសេស គឺកម្មកររោងចក្រ និងកសិករ នឹងទទួលរងនូវ​ផលប៉ះពាល់ខ្លាំងបំផុត ប្រសិន បើរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា។

សន្តិភាពដែលរកបានដោយលំបាក សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដោយ​និរន្តភាព កំពុងស្ថិតក្រោមការគំរាមកំហែងពីការរាំងស្ទះ និងការដាក់ទណ្ឌកម្ម ដែល​អាចនឹងកើត​មានឡើងដោយសារ ការលាបពណ៌រូបភាពអវិជ្ជ​មាន​នៃស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងការជម្រុញ​ការដាក់ទណ្ឌកម្ម ទៅលើរាជរដ្ឋា ភិបាលកម្ពុជាដែលបានចាត់វិធានការណ៍ស្របច្បាប់ ដើម្បីការពារ​អធិប​តេយ្យភាពរបស់ប្រទេស និងបានឆ្លើយ តបទៅនឹងការប៉ុនប៉ង ដែលអាចធ្វើឱ្យកម្ពុជា​ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលម្ដងទៀត។

អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស សូម ៖​រក្សាទំនាក់​ទំនង​ពាណិជ្ជកម្ម និងវិនិយោគ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាមួយកម្ពុជា។​កុំដាក់​ទណ្ឌកម្មដោយផ្ទាល់ណាមួយ និង/ឬ ដាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និង/ឬ សូមកុំគាំទ្រដល់ការ ដាក់ទណ្ឌកម្ម ឬសកម្មភាពដាក់ទណ្ឌកម្មណាមួយ ដែលផ្ដួចផ្ដើមដោយប្រទេស/សម្ព័ន្ធមិត្ត ដៃគូ ពាណិជ្ជកម្មនានា ហើយនិងក្រុមណាមួយ ទៅលើប្រទេសកម្ពុជា ដើម្បីជាគុណប្រយោជន៍ដល់ក្រុម ប្រឆាំងមួយក្តាប់តូច។

គិតគូរដល់ផលវិបាកយូរអង្វែង ដែលអាចនឹងបន្សល់ទុកពីសកម្មភាពទាំងនេះ និងអាច​ធ្វើ​ឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលម្ដងទៀត។បន្តពង្រីក និងពង្រឹងបន្ថែមទៀត នូវកិច្ចសហ​ប្រតិបត្តិការដ៏ល្អ និងផ្ដល់ការគាំទ្រជាបន្តដល់កម្ពុជា។ដើម្បីជាសក្ខីភាព យើងខ្ញុំសូមផ្តិតមេ​ដៃ/​ចុះហត្ថ​លេខា ដូចខាងក្រោម ។/ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *