ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជានិងធនាគារពិភពលោកចុះហត្ថលេខាផ្ដល់កម្ចី២០០លានដុល្លារដើម្បីកែលម្អហេដ្ឋានរចនាសម្ព័ន្ឋ

កម្ពុជានិងធនាគារពិភពលោកចុះហត្ថលេខាផ្ដល់កម្ចី២០០លានដុល្លារដើម្បីកែលម្អហេដ្ឋានរចនាសម្ព័ន្ឋ

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា និង​ធនាគារពិភពលោក កាលពីម្សិលមិញបានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងដែល​អាចឱ្យ​​ចាប់​ផ្តើម​អនុវត្ត​គម្រោង​វិនិយោគ​ធំពីរ គឺមួយ​មានគោល​ដៅ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​មួយទៀត​ផ្តោត​ទៅលើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​គមនាគមន៍​ពី​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ទៅ​កាន់​កំពង់ផែ​ទឹក​សមុទ្រជ្រៅ​តែមួយ​គត់របស់​ប្រទេស ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ទឹកប្រាក់កម្ចីមានប្រមាណ២០០លានដុល្លារពីធនាគារពិភពលោក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ «ខ្ញុំសូមកោតសរសើរ និង​ទទួលស្គាល់នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អរវាង​ធនាគារ​ពិភពលោក និង​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ស្មារតី​យោគយល់គ្នាដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គម្រោង​ទាំង​ពីរ​នេះ​បាន​ចេញ​ជា​ផ្លែផ្កា។» 

ឯកឧត្តម​បន្ថែម​ទៀតថា៖ «ដូចលោក លោកស្រី​បានជ្រាបហើយ ការ​អភិវឌ្ឍធន​ធាន​មនុស្ស​ឱ្យ​មាន​ជំនាញ​​គឺ​សំខាន់​ណាស់​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ដូច​បាន​ប្រមើលទុក​នៅក្រោម “គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សា​ហកម្ម និង​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥” របស់​កម្ពុជា​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការទំនើបភាវូបនីយកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស ពី​ភាព​ជាឧស្សហកម្មមួយ​ដែល​ពឹងផ្អែកលើពលកម្ម ឱ្យ​ទៅ​ជា​ឧស្សាហកម្ម​មួយ​ដែល​ពឹងផ្អែកលើជំនាញ ត្រឹម​ឆ្នាំ​២០២៥។ ការ​ចុះហត្ថលេខាលើ​គម្រោង​ទាំងនេះ​នៅ​ថ្ងៃនេះ​ជា​ការ​ជំរុញ​រដ្ឋា​ភិបាល​នៅ​ក្នុង​ការ​ប្តេជ្ញាចិត្ត​ឈាន​ទៅសម្រេច​វត្ថុបំណង​ដ៏សំខាន់​របស់​គម្រោង​ទាំង​នេះ​ឱ្យ​បាន។»

 

គម្រោងកែលម្អការអប់រំ​ឧត្តមសិក្សា (HEICP) និង​ គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ (RAMP II) ​បាន​ទទួល​ការ​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់ធនាគារពិភពលោក តាមលំដាប់លំដោយ កាល​ពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៨ និង​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

តាមរយៈគម្រោង HEICP ដែល​មាន​តម្លៃ​​ទឹក​ប្រាក់ ៩០លានដុល្លារអាមេរិក ធនាគារពិភពលោក​នឹង​ជួយដល់​ការខិតខំ​របស់​ប្រទេ​សកម្ពុជា​ក្នុង​ការ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំឧត្តមសិក្សា និង​ការ​ស្រាវ​ជ្រាវ និង​ដើម្បី​ពង្រីក​ឱ្យ​កាន់​តែ​ទូលាយ​ថែម​ទៀតនូវ​លទ្ធភាពទទួលបាន​ការ​អប់ឧត្តមសិក្សា​សម្រាប់​សិស្ស​ក្រីក្រ។ គម្រោង​ដែល​មាន​អាយុកាល​ប្រាំមួយឆ្នាំនេះ​នឹង​ផ្តោត​ទៅលើ​ការ​កែលម្អ​​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ ព្រម​ទាំង​កម្មវិធីសិក្សា​ផ្នែកកសិកម្មផងដែរ ជាមួយ​នឹង​គោលដៅ​បំពាក់​ឱ្យ​និស្សិត​បញ្ចប់​ការ​សិក្សា​នូវ​ជំនាញ​ពាក់​ព័ន្ធ​និង​អាច​ផ្ទេរ​បាន​នានា​ ដែលអាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​អន្តរកម្ម​​ពី​បែបផែនសេដ្ឋកិច្ច​​អតិពលកម្ម ឱ្យ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​មួយ​ដែលជំរុញ​ទៅមុខ​ដោយ​ចំណេះដឹង។

សកម្មភាព​ធំៗទាំងប្រាំ​របស់​គម្រោងនេះរួមមាន៖ ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​នៅតាម​ផ្នែកមុខវិជ្ជា​អាទិភាព ការបង្កើន​ចំនួន​ថ្នាក់​រៀន​និង​មន្ទីរពិសោធន៍, ការ​សង់សយនដ្ឋាន​សម្រាប់​និស្សិតក្រីក្រស្នាក់នៅ ដូច​ជានិស្សិត​មកពី​គ្រួសារ​ក្រីក្រ និង​មក​ពីតំបន់​ដាច់​ស្រយាល រួម​ទាំងនិស្សិតស្រ្តី​ផងដែរ, ការ​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​និង​ប្រព័ន្ធ​ព័ត៌មាន, និង​ការ​សហការ​ជា​មួយ​ដៃគូ​អន្តរជាតិ​ដើម្បី​កែលម្អ​កម្ម​វិធី និង​វិធីសាស្ត្រ​បង្រៀន​​លើ​​មុខវិជ្ជា​អាទិភាព។

ទឹក​ប្រាក់ចំនួន ១១០លានដុល្លារអារមេរិក ដែល​ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង RAMP II មានគោល​ដៅ​កែលម្អលក្ខខណ្ឌ សុវត្ថិភាព​ និង​ភាពធន់​អាកាស​ធាតុ​របស់​ផ្លូវជាតិលេខ៤។ ផ្លូវ​ជាតិ​មួយនេះ​កំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកណាស់ ​ឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង។ ជំនួយហិរញ្ញប្បទានបន្ថែមនេះ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បង្កើនគុណភាពបណ្តោយផ្លូវចម្ងាយជាង២០០គីឡូម៉ែត្រ ឱ្យល្អជាងមុន និងការរៀបចំកែលម្អ​ចិញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាម​រចនាបទបែប​នវានុវត្តន៍ និងមាន​ភាពធន់​ទៅនឹង​អាកាសធាតុ។

គម្រោង​នេះ ​ក៏​នឹងផ្តោត​ផង​ដែរ​ទៅលើ​ការ​​បង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធំដែលមានស្រាប់ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដឹក​លើស​ទម្ងន់ ដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើង​បំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនបើកបរ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «វា​មានសារៈសំខាន់​ជាសារវន្តណាស់​សម្រាប់​ប្រទេស​កម្ពុជា​វិនិយោគ​ទៅលើ​មូលធនមនុស្សរបស់​ខ្លួន​ និងលើកកម្ពស់ ​ជំនាញ​យុវជនខ្មែរ ដែលពួកគេមានលទ្ធភាព​​ប្រកួត​ប្រជែង​នៅក្នុង​បែបផែនសេដ្ឋកិច្ច​នា​ពេល​អនាគតបាន។ ការ​បិទគម្លាតនៃកង្វះ​ខាត​​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ ​​ក៏មាន​សារៈសំខាន់​ជា​សារវន្តដែរ ​​ដើម្បី​លើក​តម្កើងសមត្ថភាព​ប្រកួត​ប្រជែងរបស់​កម្ពុជានៅក្នុងតំបន់ និង​ជំរុញការ​អភិវឌ្ឍ​វិស័យ​ឯកជន។»  លោកស្រីបន្ថែមទៀតថា៖ «ការ​ចុះហត្ថលេខាក្នុង​ថ្ងៃនេះបង្ហាញថា ធនាគារពិភពលោកនៅបន្ត​ភាពជា​ដៃគូអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា​។»

គម្រោង​ទាំង​ពីរនេះ​ទទួល​ហិរញ្ញប្បទាន​តាម​រយៈឥណទាន​ពី​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់​ប្រទេសក្រីក្រជាង​គេ។ ជំនួយទាំងនេះជា​ឥណទានគ្មានការប្រាក់ ដែល​មាន​អាយុ​សងឱ្យ​គ្រប់​វិញ​រយៈពេល ៣៨ឆ្នាំ រួមមានក្នុងនោះ​រយៈពេលអនុគ្រោះ​ប្រាំមួយឆ្នាំផង៕

Leave a Reply

Your email address will not be published. Required fields are marked *