ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរក្រុងកំពង់ឆ្នាំងកសាងសួនច្បារថ្មីមួយទៀត

អាជ្ញាធរក្រុងកំពង់ឆ្នាំងកសាងសួនច្បារថ្មីមួយទៀត

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងកំពុងមានទឹកចិត្តសប្បាយរីករាយ ខណៈរាជរដ្ឋាភិបាលបានផ្តល់ថវិកាអោយរដ្ឋបាលខេត្តកំពង់ឆ្នាំងអភិវឌ្ឍន៍កសាងសួនច្បារថ្មីមួយកន្លែងទៀត

នៅជាប់មជ្ឈម ណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលមានទំហំប្រមាណជិត២ហិកតាកន្លះ សម្រាប់អោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ បានទៅលំហែរកំសាន្ត ឬហាត់ប្រាណ និងដើម្បីជាសោភ័ណភាពនៅក្នុងក្រុងកំពង់ឆ្នាំងដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។

លោក ម៉ុន វុត្ថា នាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ ដើម្បីអោយក្រុងកំពង់ឆ្នាំងកាន់តែមានសោភ័ណ្ឌភាពថែមទៀតនោះ អាជ្ញាធរខេត្តកំពង់ឆ្នាំងបាននិងកំពុងកសាងសួនច្បារថ្មីបន្ថែមមួយកន្លែងទៀតនៅចំណុចផ្លូវត្រីកោណជាប់របងស៊ីម៉ាក់ ដែលមានទំហំសរុប ចំនួន ២៤ ២១៤,៧៣ ម៉ែត្រការេ ។

ការកសាងសួនច្បារថ្មីមួយនេះជាគម្រោងកែលំអរ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងជាថវិការបស់ប្រមុខរាជរដ្ឋាភិបាល និងកសាងដោយកងវិស្វកម្មអគ្គនាយកដ្ឋាន ភស្តុ័ភារ ក្រសួមហាផ្ទៃ ។

លោកបានបញ្ជាក់ថាៈ សួនច្បារថ្មីនេះមានរាងត្រីកោណតាមគំរោងប្លង់មានផ្លូវកៅស៊ូព័ទ្ធជុំវិញ ផ្នែកខាងក្នុងជាប់ថ្នល់កៅស៊ូមានផ្លូវបេតុងដែលជាកន្លែងសម្រាប់ ចតរថយន្ត និងក្នុងសួនច្បារគឺក្រាលការ៉ូឡាសម្រាប់ដើរហាត់ប្រាណ និងដើរលេងលំហែរកំសាន្តផងដែរ។ នៅផ្នែកកណ្តាលក្នុងសួនមានដាំដើមឈើ និងដាំដើមផ្កាលំអរ ជាច្រើនប្រភេទ។

នៅចំណុចកណ្ដាលនៃសួនច្បារគឺមានធ្វើបុស្បុកធំ១ ដែលត្រូវដាក់រូបជានិមិត្តសញ្ញាសម្គាល់ខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែមកដល់ពេលនេះលោកអភិបាលខេត្តនៅទាន់សម្រេចថា គួរដាក់រូបនិមិត្តសញ្ញារូបអ្វីនៅឡើយទេ និងសួននេះ ក៏មិនទាន់សម្រេចដាក់ឈ្មោះជាសួនអោយច្បាស់ឡើយដោយរង់ចាំឆ្លងយោបល់ពីក្រសួងសិន ។ ដោយឡែកនៅក្នុងសួនច្បារនេះ នឹងត្រូវកសាងប៉ុស្តិ៍សន្តិសុខ១កន្លែងសម្រាប់យាមកាម និងរឿងដែលសំខាន់នោះគឺត្រូវកសាងបន្ទប់ទឹក និងបង្គន់អនាម័យផងដែរ ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ក៏បានអោយដឹងដែរថា៖ ការកសាងសួនច្បារថ្មីជាប់ស៊ីម៉ាក់នេះ ពុំមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ គឺបានធ្វើអោយ ប្រជាពលរដ្ឋដែលរស់នៅជិតចំណុចនោះមានសេចក្តី រីករាយសប្បាយរីករាយយ៉ាងខ្លាំង ព្រោះថាពេលមានសួនច្បារគឺដីនៅតំបន់ជិតៗនោះនឹងឡើងថ្លៃ ហើយពេលនេះក៏ឃើញមានខ្លះប្រជាពលរដ្ឋកំពុងរៀបដីពុះឡូសង់ផ្ទះលក់ទៀតផង ។

លោកអភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា៖ ក្រៅពីធ្វើសួនច្បារ និងធ្វើផ្លូវជុំវិញសួនច្បារនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានកំពុងអោយកងវិស្វកម្មកសាងផ្លូវកៅស៊ូចូលពីចំណុចខាងជើងសួន មួយខ្សែ និងពីខាងកើតសួនផងដែរ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលចេញចូលនឹងទៅលេងសួនច្បារថ្មីមួយនេះ ហើយរំពឹងគិតថា នៅពេលខេត្តកំពង់ឆ្នាំងទទួលធ្វើបុណ្យទន្លេនៅក្នុងខែ៣ ឆ្នាំ២០១៩ ខាងមុខនេះ និងមានភ្ញៀវទេសចរណ៍មកលេងក្នុងក្រុងកំពអ់ឆ្នាំងបានច្រើន៕ ( ឈៀង ថារិទ្ធ )

Leave a Reply

Your email address will not be published. Required fields are marked *